កម្ពុជា​ត្រូវ​​បង់ពន្ធ​​ជាង​១០០​​លាន​ដុល្លា​រ​លើ​ទំនិញ​​មួយចំនួន​​ក្រោយ​ព្យួរ​​ផ្នែក​ខ្លះ​​នៃ​EBA

13-02-2020 4:42 pm 234

​កម្ពុជា​គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ជិត​៥០ ដែល​ទទួលបាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ “​អ្វី​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​” ឬ “Everything but Arms(EBA)”​ពី​សហភាព​អឺរ៉ុប​។ ដូចដែល​បានដឹងហើយថា​សហភាព​អឺរ៉ុប​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​ប្រទេស​កម្ពុជា ដែល​ស្មើនឹង​៤៥​ភាគរយ​នៃ​ការនាំចេញ​របស់​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨​។ ការនាំចេញ​ទៅកាន់​សហ​ភាព​អឺរ៉ុប​ពី​ប្រទេស​កម្ពុជា បាន​កើនឡើង​ដល់​៥,៤​ពាន់​លាន​អឺរ៉ូ​នៅ​ឆ្នាំ​២០១៨។  ៩៥,៧​ភាគរយ​នៃ​ការនាំចេញ​ទាំងនេះ​បាន​ចូល​សហភាព​អឺរ៉ុប និង​ទីផ្សារ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA មានន័យថា​កម្ពុជា​អាច​រួច​ពន្ធ​លើ​មុខទំនិញ​តម្លៃ​៥,២​ពាន់​លាន​អឺរ៉ូ ក្នុងចំណោម​ការនាំចេញ​សរុប​តម្លៃ​៥,៤​ពាន់​លាន​អឺរ៉ូ​ទៅ​សហភាព​អឺរ៉ុប​។​

​ប៉ុន្ដែ​កាលពី​ថ្ងៃទី​១២​ខែកុម្ភៈ​នេះ​សហភាព​អឺរ៉ុប​បានសម្រេច​ព្យួរ​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA គឺ​ព្យួរ​ប្រមាណ​១​ភាគ​៥​ស្មើនឹង​១​ពាន់​លាន​អឺរ៉ូ ឬ​១,២១៨​លាន​ដុល្លារ នៃ​ទឹកប្រាក់​សរុប​ដែល​កម្ពុជា​នាំចេញ​ទំនិញ​ប្រចាំឆ្នាំ​ទៅកាន់​សហភាព​អឺរ៉ុប​។ ដូច្នេះ​មានន័យថា​កម្ពុជា​នឹងត្រូវ​បង់ពន្ធ​លើ​មុខទំនិញ​មួយចំនួន​មានតម្លៃ​សរុប​១២១​លាន​ដុល្លារ នៃ​ទំនិញ​ដែល​រង​ពី​ការព្យួរ​ពន្ធ​នាំចូល​ជា​បណ្ដោះអាសន្ន​តម្លៃ​ប្រមាណ​ជា​១,២១៨​លាន​ដុល្លារ​នេះ​។ 

​ចំពោះ​ទំនិញ​ដែល​អឺរ៉ុប​គ្រោង​ព្យួរ​ការធ្វើសម្បទាន​ពន្ធ​មានដូចជា​៖ ផលិតផល​ស្ករស ដែល​មិនទាន់បាន​នាំចេញ​ទៅ​សហភាព​អឺរ៉ុប​នៅឡើយ ផលិតផល​កាបូប​ធ្វើដំណើរ​ដែល​កម្ពុជា​នាំចេញ​ក្នុង​ឆ្នាំ​២០១៩​មានតម្លៃ​ប្រមាណ​១៣៣​លាន​ដុល្លារ បើ​គិត​លើ​តម្លៃ​ពន្ធ​ត្រូវ​បង់​មាន​ប្រមាណ​៤​លាន​ដុល្លារ​។ ក្រៅពីនេះ​មាន​ផលិតផល​សម្លៀកបំពាក់​ចាក់​ឬ​យឺត ដែល​មានតម្លៃ​នាំចេញ​ក្នុង​ឆ្នាំ​២០១៩​ប្រមាណ​៦១០​លាន​ដុល្លារ បើ​គិតពី​តម្លៃ​ពន្ធ​ត្រូវ​បង់​មាន​ប្រមាណ​ជា​៧៣​លាន​ដុល្លារ​។ ផលិតផល​សម្លៀកបំពាក់​ផលិត​ចេញពី​ក្រណាត់​ត្បាញ​ធម្មតា ដែល​មានតម្លៃ​នាំចេញ​ក្នុង​ឆ្នាំ​២០១៩​ប្រមាណ​២០៨​លាន​ដុល្លារ បើ​គិតពី​តម្លៃ​ពន្ធ​ត្រូវ​បង់​មាន​ប្រមាណ​២២​លាន​ដុល្លារ​។ ផលិតផល​ស្បែកជើង​ដែល​មានតម្លៃ​នាំចេញ​ក្នុង​ឆ្នាំ​២០១៩​ប្រមាណ​២៦៦​លាន​ដុល្លារ បើ​គិត​លើ​តម្លៃ​ពន្ធ​ត្រូវ​បង់​មាន​ចំនួន​២១​លាន​ដុល្លារ​។ 

​គួរ​បញ្ជាក់ថា នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​រោងចក្រ​ផលិត​សម្លៀកបំពាក់​ប្រមាណ​៣៦១​រោងចក្រ ស្បែកជើង​៦៣​រោងចក្រ និង​រោងចក្រ​ផលិត​សម្ភារ​និង​ការ​បូ​ប​ធ្វើដំណើរ​ចំនួន​៥០​រោងចក្រ មាន​ម្ចាស់​មកពី​ប្រទេស​ចិន ហុងកុង ចិន​តៃប៉ិ កូរ៉េខាងត្បូង ខ្មែរ ជាដើម​។ ប៉ុន្ដែ​នៅ​មិនទាន់​កំណត់​បាន​ថា​មាន​រោងចក្រ​ណាខ្លះ​កំពុង​នាំ​ចេញទៅ​សហភាព​អឺរ៉ុប ហើយ​នឹងរង​ផលប៉ះពាល់​ពី​ការកាត់បន្ថយ​ការបញ្ជាទិញ​ចំនួន​ប៉ុន្មាន​ឡើយ​។​

​សូម​រម្លឹកថា ការសម្រេច​របស់​សហ​ភាព​អឺរ៉ុប​ដូច្នេះ​ក្រោម​ហេតុផល​ចោទប្រកាន់ថា កម្ពុជា​មាន​ការធ្លាក់ចុះ​សិទ្ធិមនុស្ស សិទ្ធិ​ធ្វើ​នយោបាយ សិទ្ធិ​ការងារ និង​លទ្ធិប្រជាធិបតេយ្យ​ជាដើម​។ សហភាព​អឺរ៉ុប​បាន​ទទូច​ឲ្យ​កម្ពុជា​ត្រូវ​កែសម្រួល​ចំណុច​ទាំងអស់នេះ​ឡើងវិញ ប្រសិនបើ​ចង់​រក្សាទុក​EBA​ឲ្យនៅ​ដូចដើម​។​

​យ៉ាងណាមិញ​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​លោក​ហ៊ុន សែន ធ្លាប់​លើកឡើង​ច្រើនលើកច្រើនសារ​ហើយ​ថា ការដក​ឬ​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​ពី​កម្ពុជា លោក​នៅតែ​រក្សា​ជំហរ​ដាច់ខាត មិន​យក​អធិបតេយ្យ​ជាតិ​និង​ឯករាជ្យ ទៅ​ដោះដូរ​នឹង​អ្នកណា​ឡើយ​។ លោក​បន្ថែមថា​កម្ពុជា​ត្រូវការ​សន្តិភាព​ពេញលេញ មិន​អាចឲ្យ​អ្នកណា​បំផ្លាញ​សន្តិភាព​បានទេ ទោះបី​ត្រូវ​បង់ថ្លៃ​ប៉ុណ្ណា​ក៏ដោយចុះ​។ កម្ពុជា​ចង់​ធ្វើ​មិត្តភក្តិ​និង​ដៃគូ​ទាំងអស់​ជាមួយ​ប្រទេស​នៅលើ​ពិភពលោក តែបើ​គេ​មិន​យល់​ពី​កម្ពុជា​ហើយ​ចង់​ចាប់បង្ខំ កម្ពុជា​ក៏​មិន​ព្រម​ដែរ​៕

ព័ត៌មានផ្សេងទៀត