លោកនាយក​រដ្ឋមន្ត្រី​៖​ស្ថាប័ន​សារព័ត៌មាន​ជា​ដៃគូរ​ដែល​មិន​អាច​ខ្វះ​បាន​របស់រាជរដ្ឋាភិបាល

13-02-2020 4:09 pm 160
  ស្តាប់
ស្តាប់ជាសំឡេង

​ប្រមុខ​ដឹកនាំ​កម្ពុជា​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បានបញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា បានចាត់ទុក ស្ថាប័ន​សារព័ត៌មាន គឺជា​ដៃគូរ​យ៉ាង​សំខាន់​របស់​រាជរដ្ឋាភិបាល ដែល​មិន​អាច​ខ្វះ​បាន​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​។​នេះ​ជា​អ្វី​ដែល​លោក​បាន​បង្ហាញ​នៅក្នុង​សារលិខិត​របស់​លោក​នៅ​ក្នុង ខួប​លើក​ទី​៩ នៃ​«​ទិវា​វិទ្យុ​ពិភពលោក​» នា​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២០​។​

​ទន្ទឹម​នឹង​ការ​ចាត់ទុកថា ស្ថាប័ន​សារព័ត៌មាន​ជា​ដៃគូ​របស់​រាជរដ្ឋាភិបាល លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​អំពាវនាវ​សារជាថ្មី​ម្តងទៀត ដល់​អ្នកសារព័ត៌មាន​ដែល​បំពេញ​ភារកិច្ច​នៅក្នុង​ស្ថានីយ​វិទ្យុ​ផ្សាយ​សំឡេង ក៏ដូចជា​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ សូម​យកចិត្តទុកដាក់​អនុវត្ត​ឲ្យបាន​ត្រឹមត្រូ​វ​តាម​វិជ្ជាជីវៈ ចៀសវាង​ការផ្សាយ​ព័ត៌មាន​មិន​ពិត ដោយ​ពុំ​បាន​គិត​ពី​ក្បួនខ្នាត វិជ្ជាជីវៈ ខ្វះ​ការទទួលខុសត្រូវ បង្ក​ឲ្យមាន​ការភាន់ច្រឡំ ច្របូកច្របល់​នៅ​ក្នុង​សង្គម និង​សូមឲ្យ​អ្នកសារព័ត៌មាន​ទាំងអ​ស់​ចូលរួម​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ឲ្យបាន​សកម្ម ដោយ​ផ្សាយ​ព័ត៌មាន​ពិត ដើម្បី​បន្សាប​ព័ត៌មាន​ក្លែងក្លាយ ដើម្បី​រួមចំណែក​ក្នុង​ការរក្សា​ស្ថិរភាព នយោបាយ និង​សន្តិសុខ​របស់​មនុស្សជាតិ​នៅ​ទូទាំង​ពិភពលោក​។​

​នៅ​ក្នុង​ខួប​លើក​ទី​៩ នៃ​«​ទិវា​វិទ្យុ​ពិភពលោក​»​នា​ឆ្នាំ​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក៏បាន​លើកឡើង​ដែរ​ថា ទិដ្ឋភាព​ចម្រុះ​នៃ​ស្ថាប័ន​វិទ្យុ​ផ្សាយ​សំឡេង​បាន​បំពេញ​អោយ​គ្នា​ទៅវិញទៅមក ដោយ​ក្នុង​នោះ​វិទ្យុ​ស្ថាប័នរដ្ឋ​មាន​វិសាលភាព​ធំ​ទូលាយ​គ្របដណ្តប់​ទូទាំង​ប្រទេស និង​មាន​តួនាទី​ជា​ស្ពាន​ចម្លង​ក្នុង​ការផ្តល់​ព័ត៌មាន គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល កម្មវិធី​ច្បាប់ អប់រំ និង​កម្មវិធី​កម្សាន្ត​ដែល​បំរើ​ដល់​វិស័យ​វប្បធម៌ ផលិត​កម្មវិធី​វេទិកា​នានា ដើម្បី​ដោះស្រាយ​នូវ​តម្រូវការ​ចាំបាច់រ​បស់​ប្រជាពលរដ្ឋ​និង​ដៃគូរ​ពាក់ព័ន្ធ​។​

​ចំណែក​ស្ថានីយ​វិទ្យុ​ឯកជន​វិញ ក៏​បាន​បង្កើត​កម្មវិធី​ចម្រុះ​សម្បូរបែប និង​បង្កើត​វេទិកា​ផ្សេង​ៗ ចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន​ដោយ​គ្មាន​ការរើសអើង ដើម្បី​បញ្ចេញ​ទស្សនៈ មតិយោបល់​លើ​ទិដ្ឋភាព​នយោបាយ សេដ្ឋកិច្ច បញ្ហា​សង្គម ដើម្បី​ទាក់ទាញ​អ្នក​ស្តាប់​ពី​គ្រប់​មជ្ឈដ្ឋាន​ឲ្យ​គាំទ្រ​កម្មវិធី​ផ្សាយ​របស់ខ្លួន​។​រីឯ​វិទ្យុ​សហគមន៍ ដែល​មាន​វិសាល​ផ្សាយ​គ្រប់​ដណ្តប់​នៅក្នុង​តំបន់​របស់​ខ្លួន បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​ការអភិវឌ្ឍន៍​សហគម​ន៍ កម្មវិធី​អប់រំ វប្បធម៌ ក្នុង​គោលដៅ​បំរើ​ផលប្រយោជន៍​របស់​សហ​គ​មន៍​។​

​សូម​ជម្រាប​ជូន​ដែរ​ថា ខួប​លើក​ទី​៩​នៃ​«​ទិវា​វិទ្យុ​ពិភពលោក​»​ឆ្នាំ​២០២០​នេះ បាន​ផ្តោត​លើ​ប្រធានបទ​ដ៏​មាន​សារៈសំខាន់​ស្តីពី​«​ភាព​ចម្រុះ​នៃ​វិទ្យុផ្សាយសំឡេង​» ដោយ​ផ្តោត​សំខាន់​ទៅ​លើ​ការជំរុញ​ឲ្យមាន​ភាព​ចម្រុះ​និយម នៅក្នុង​ស្ថាប័ន វិទ្យុ​ផ្សាយ​សំឡេង ទាំង​នៅក្នុង​ស្ថាប័នរដ្ឋ ស្ថាប័ន​វិទ្យុ​ឯកជន និង​វិទ្យុ​សហគមន៍ ភាព​ចម្រុះ​នៃ​ក្រុមការងារ​ផលិត​កម្មវិធី​ផ្សាយ​តាម​រលកអាកាស និង​ក្រុម​មនុស្ស​ចូលរួម​នៅក្នុង​កម្មវិធី ដោយ​ឈរ​លើ​គោលការណ៍ ផ្តល់ឱកាស​ស្មើភាព តម្លាភាព យុត្តិធម៌ និង​គ្មាន​ការរើសអើង​អំពី​ភេទ អាយុ សាសនា និន្នាការ​នយោបាយ ជនជាតិ និង​ពិការភាព ដើម្បី​លើកទឹកចិត្ត​ឲ្យមាន​តំណាង​ក្រុមមនុស្ស បាន​បញ្ចេញ​នូវ​ទស្សនៈ​ផ្សេងៗ​គ្នា​ទៅ​ក្រុម​គោលដៅ និង​អ្នក​ស្តាប់​ទូទៅ ដែល​មាន​តម្រូវការ​ផ្សេងៗ​គ្នា តាម​គោលការណ៍​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស ដែល​ត្រូវបាន​ធានា​ដោយ​ធម្មនុញ្ញ​នៃ​អង្គការសហប្រជាជាតិ​៕

ព័ត៌មានផ្សេងទៀត