បុគ្គលិក​ពេទ្យនៅ​វូ​ហាន​៥០០​នាក់​​ឆ្លង​វីរុស​កូរ៉ូណា​និង៦០០នាក់សង្ស័យឆ្លង

13-02-2020 3:36 pm 927

​បុគ្គលិក​សុខាភិបាល​យ៉ាងហោចណាស់ ប្រមាណ​៥០០​នាក់ នៅក្នុង​ទីក្រុង​វូ​ហាន​ប្រទេស​ចិន បាន​ឆ្លង​វីរុស​កូរ៉ូណា នៅ​ពាក់កណ្តាល​ខែមករា​ឆ្នាំ​២០២០​។ នៅ​ក្នុងនោះ ក៏មាន​បុគ្គលិក​សុខាភិបាល​ប្រហែល​៦០០​នាក់​ផ្សេងទៀត សង្ស័យថា​បាន​ឆ្លង​វីរុស​កូរ៉ូណា​ផងដែរ​។ អ្នក​ឆ្លង​ទាំងនោះ រួមមាន​បុគ្គលិក​យ៉ាងហោចណាស់ ១០០ នាក់ មកពី​មន្ទីរពេទ្យ Wuhan Xiehe និង​មន្ទីរពេទ្យ Renmin នៃ​សាកលវិទ្យាល័យ Wuhan​។ ការណ៍​នេះ​បានធ្វើឲ្យ​មន្ទីរពេទ្យខ្វះ​បុគ្គលិក នៅក្នុង​ការ​មើលថែទាំ​អ្នកជំងឺ​រាប់ពាន់នាក់ ដែល​បាន​ឆ្លង​វីរុស​នេះ ព្រមទាំង​បង្ក​ការព្រួយបារម្ភ​យ៉ាងខ្លាំង ក្នុងចំណោម​បុគ្គលិក​ថែទាំ​សុខភាព​ផ្សេងទៀត ដែល​កំពុង​បំពេញបេសកកម្ម ប្រយុទ្ធប្រឆាំង​នឹង​វីរុស​កូរ៉ូណា​ដោយផ្ទាល់​។ ដំណឹង​អំពី​ការឆ្លង​រាលដាល​នៃ​វីរុស​កូរ៉ូ​ណាទៅ​បុគ្គលិក​សុខាភិបា​ល ហាក់​ត្រូវបាន​គេ​លាក់បាំង​ព័ត៌មាន មិនឲ្យ​ផ្សព្វផ្សាយ​ទូលំទូលាយ​នោះទេ ជាពិសេស​វេជ្ជបណ្ឌិត​និង​គិលាន​នុប​ដ្ឋា​យិ​កា​។ 

​វេជ្ជបណ្ឌិត​ម្នាក់​និយាយ​នៅក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះថា នៅពេល​ឃើញ​មិត្តភក្តិ​រួម​ការងារ​ជាមួយគ្នា​ឆ្លង និង​ធ្លាក់ខ្លួន​ឈឺ​ដោយសារតែ​វីរុស​កូរ៉ូណា​ជា​បន្តបន្ទាប់ បានធ្វើឲ្យ​បុគ្គលិក​ពេទ្យ​ដទៃទៀត បាក់​ទឹកចិត្ត នៅក្នុង​ការចូលរួម​ក្នុង​បេសកកម្ម​សង្គ្រោះ​អ្នកជំងឺ​។ ករណី​ស្លាប់​ដំបូង​របស់លោក​វេជ្ជបណ្ឌិត​Li Wenliang ដោយសារតែ​វីរុស​កូរ៉ូណា​ដែល​បង្កជា​ជំងឺរលាក​សួត​ថ្មី​កាលពី​ថ្ងៃទី​៦​ខែ​កុម្ភៈ បានធ្វើឲ្យ​ប៉ះទង្គិច​ស្មារតី បុគ្គលិក​សុខាភិបាល​មួយចំនួន​រួចទៅហើយ​។ យ៉ាងណាក៏ដោយ អាជ្ញាធរបានព្យាយាមពង្រឹងស្មារតីគ្រូពេទ្យ ជាពិសេសគ្រូពេទ្យដែលកំពុងប្រយុទ្ធប្រឆាំងជាមួយវីរុសកូរ៉ូណានៅជួរមុខ ហើយការប្រឹងប្រឹងលើកទឹកចិត្តគ្រូពេទ្យបានធ្វើឡើងចាប់តាំងពីក្រោយមរណភាពរបស់លោក​វេជ្ជបណ្ឌិត​Li Wenliangមកម៉្លេះ។ ក្រុម​វេជ្ជបណ្ឌិត​និង​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​និយាយថា កង្វះ​ឧបករណ៍​ការពារ ការធ្វើការ​លើស​ម៉ោង​និង​កង្វះ​ការយល់ដឹង អំពី របៀប​ដែល​មេរោគ​ឆ្លង គឺជា​កត្តា​ចំបង​ក្នុង​ការឆ្លង​៕

ព័ត៌មានផ្សេងទៀត