ចិន​បណ្ដេញ​​មន្ដ្រី​មួយ​ចំនួន​​ចេញពី​តំណែង​​ក្រោយ​ផ្ទុះ​​វីរុស​កូរ៉ូណា​

13-02-2020 3:19 pm 799
  ស្តាប់
ប្រធានាធិបតីចិនលោកស៊ី ជីនពីង
ស្តាប់ជាសំឡេង

​ការី​ក​រាលដាល​នៃ​វីរុស​កូរ៉ូណា​បាននិងកំពុង​ក្លាយជា​ប្រធានបទ​ក្ដៅ​នៅក្នុង​ប្រទេស​ចិន ហើយ​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ ថែមទាំង​ប៉ះពាល់​ដល់​នយោបាយ​ចិន​ផងដែរ​។ ប្រជាជន​នាំគ្នា​ខឹងសម្បារ​នឹង​អាជ្ញាធរ​ដែល​ឆ្លើយតប​មិន​សមស្រប និង​ពេលខ្លះ​ពលរដ្ឋ​ចាត់ទុកជា​រឿង​គួរឲ្យ​ធុញទ្រាន់​ទៅវិញ​ជុំវិញ​ករណីនេះ​។ ទោះបីជា​ក្រុមមន្ដ្រី​ពាក់ព័ន្ធ​ពិសេស​មន្ដ្រី​សុខាភិបាល​ព្យាយាម​យ៉ាងណាក៏ដោយ ករណី​ឆ្លង​និង​ស្លាប់​បណ្ដាលមកពី​វីរុស​កូរ៉ូណា​COVID-19 នៅតែ​បន្ដ​កើតឡើង​ជា​លំដាប់​។ 

​អ្វីដែល​កាន់តែ​ធ្ងន់ធ្ងរ​គឺ​កាលពី​ថ្ងៃទី​១២​កុម្ភៈ ករណី​ឆ្លង​កើនឡើង​ខ្ពស់​មិន​ធ្លាប់មាន​គឺ​ជិត​១០​ដង​បើ​ប្រៀបធៀប​នឹង​មួយ​ថ្ងៃមុន ខណៈដែល​អ្នកស្លាប់​កើនឡើង​ជាង​២​ដង​។ ការណ៍​នេះ​បណ្ដាលឲ្យមាន​ការព្រួយ​បារម្ភ​កាន់តែខ្លាំង​ពី​ប្រជាជន​ក្នុងប្រទេស​ចិន រួម​នឹង​បណ្ដា​ប្រទេស​នានា​ទូទាំង​ពិភពលោក ស្របពេល​បណ្ដា​ប្រទេស​ទាំងនោះ កំពុងតែ​រឹតបន្ដឹង​និង​ព្យាយាម​ចាត់វិធានការ​ទប់ស្កាត់​វីរុស​កូរ៉ូណា​។ 

​ដោយសារតែ​ពុំ​អាចឆ្លើយតប​បាន​តាម​តម្រូវការ​ជាមួយនឹង​ការដោះស្រាយ​បញ្ហា រួមទាំង​មាន​សម្ពាធ​ទៀត​នោះ រដ្ឋាភិបាលកណ្ដាល​ចិន​ក៏បាន​ផ្លាស់ប្ដូរ​មុខតំណែង​មន្ដ្រី​មួយចំនួន​របស់ខ្លួន​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​ចិន​ស៊ីន​ហួរ លេខាធិការ​បក្ស​កុម្មុយនីស្ដ​ចិន​ប្រចាំ​ខេត្ដ​ហ៊ូ​ប៉ី​លោក​Jiang Chaoliang​ត្រូវបាន​ផ្លាស់ប្ដូរ​ចេញ ជំនួស​វិញ​ដោយ​លោក Ying Yong​អភិបាលក្រុង​សៀង​ហៃ និង​ជា​អ្នក​ស្និទ្ធ​នឹង​លោក​ប្រធានាធិបតី​ចិន​ស៊ី ជីន​ពីង​។​

​សារព័ត៌មាន​ស៊ីន​ហួរ​បាន​ចុះផ្សាយ​ដែរថា មេដឹកនាំ​គណបក្ស​កុម្មុយនីស្ដ​ប្រចាំ​ក្រុង​វូ​ហាន​លោក Ma Guoqiang ក៏​បាត់បង់​មុខតំណែង​ដែរ​។ អ្នក​ជំនួស​តំណែង​គឺ​លោក Wang Zhonglin ជា​លេខាធិការ​បក្ស​កុម្មុយនីស្ដ​ប្រចាំ​ក្រុង Jinan​ខេត្ដ​សាន​តុង​។ ចំណែក​ក្រុម​សាស្ដ្រាចារ្យ​បាន​ចុះហត្ថលេខា​មួយ​លើ​ញត្ដិ​ជា​សាធារណៈ ដើម្បី​ទាមទារ​ឲ្យមាន​ការបញ្ចេញមតិ​ដោយ​សេរី បន្ទាប់ពី​ប៉ូលិស​ដាក់ទណ្ឌកម្ម​ដល់​គ្រូពេទ្យ​ដែល​ប្រកាសអាសន្ន​ពី​វីរុស​កូរ៉ូណា​។​

​ការបញ្ជូន​មន្ដ្រីជាន់ខ្ពស់​ទៅកាន់​ខេត្ដ​ហ៊ូ​ប៉ី បង្ហាញឲ្យឃើញថា​រដ្ឋាភិបា​លចិន​បាន​ប្ដេជ្ញាចិត្ដ​ដើម្បី​ជួសជុល​កំហុសឆ្គង​ឡើងវិញ​នៅក្នុង​ខេត្ដ​នេះ និង​ដើម្បី​ផ្ដល់​ចម្លើយ​ដល់​ប្រជាជន​។ កម្មាភិបាល​នៅ​ទីនោះ​ពិតជា​ខកចិត្ដ​ជាខ្លាំង ហើយ​ការ​ផ្ទុះឡើង​នូវ​វីរុស​កូរ៉ូណា​ពិតជា​ខាតបង់​ចំពោះ​បក្ស ដូច្នេះ​មន្ដ្រី​ជា​ថ្នាក់ដឹកនាំ​ត្រូវតែ​ចេញមុខ​ទទួលខុសត្រូវ​។ នេះ​បើតាម​ការបញ្ជាក់​ពី​អ្នកតាមដាន​ការងារ​នៅក្នុង​ខេត្ដ​ហ៊ូ​ប៉ី​ដោយ​មិន​បង្ហាញ​ឈ្មោះ​។ 

​គួរ​បញ្ជាក់ថា ការផ្លាស់ប្ដូរ​មុខតំណែង​មន្ដ្រី​បក្ស​កុម្មុយនីស្ដ​ពីររូប​ខាងលើ ធ្វើឡើង​បន្ទាប់ពី​មាន​ការបណ្ដេញ​មន្ដ្រី​សុខាភិបាល​ពីររូប​ចេញ​ដូចគ្នា​កាលពីដើម​សប្ដាហ៍​នេះ​។  មន្ដ្រី​សុខាភិបាល​ទាំងពីរ​រូបនោះ​មាន​លោក Zhang Jin​លេខា​បក្ស​កុម្មុយនីស្ដ​នៃ​គណៈកម្មការ​សុខាភិបាល​ក្នុង​ខេត្ដ​ហ៊ូ​ប៉ី និង​លោក Liu Yingzi​ប្រធាន​គណៈកម្មការ​សុខាភិបាល ត្រូវបាន​បណ្ដេញចេញ​កាលពី​ថ្ងៃ​អង្គារ​។

អាជ្ញាធរ​សុខាភិបាល​ចិន​ក្នុង​ខេត្ដ​ហ៊ូ​ប៉ី​បាន​រាយការណ៍​នៅ​ថ្ងៃ​១៣​កុម្ភៈ​នេះ​ថា ករណី​ឆ្លង​វីរុស​កូរ៉ូណា​កាលពី​ថ្ងៃទី​១២​កុម្ភៈ កើនឡើង​រហូតដល់​ជិត​១០​ដង​ប្រើ​ប្រៀបធៀប​នឹង​មួយ​ថ្ងៃមុន គឺ​ប្រមាណ​១៤,៨៤០​នាក់ រីឯ​ចំនួន​អ្នកស្លាប់​វិញ​កើនឡើង​ជាង​២​ដង​មាន​ចំនួន​២៤២​នាក់​ក្នុង​រយៈពេល​តែ​មួយថ្ងៃ​។ ចំនួន​នេះ​បានធ្វើឲ្យ​អ្នកឆ្លង​វីរុស​កូរ៉ូណា​(COVID-19)​នៅ​ចិន​កើន​ដល់​៥៩,៥៣៩​នាក់ និង​ឆ្លង​ទូទាំង​ពិភពលោក​ចំនួន​ជាង​៦​ម៉ឺន​នាក់​។ ចំពោះ​អ្នកស្លាប់​សរុប​មាន​ចំនួន​១,៣៦៣​នាក់ ក្នុងនោះ​នៅ​ចិន​១,៣៦១​នាក់ នៅ​ហ្វីលីពីន​ម្នាក់ នៅ​ហុងកុង​ម្នាក់​៕

ព័ត៌មានផ្សេងទៀត