សង្គម​ស៊ីវិល​សោកស្ដាយ​ជាខ្លាំង​ក្រោយ​សហភាព​អឺរ៉ុប​ដក​ផ្នែក​ខ្លះ​នៃ​EBA​ពី​កម្ពុជា​

13-02-2020 12:24 pm 401
  ស្តាប់
ស្តាប់ជាសំឡេង

​បន្ទាប់​ពី​ការសម្រេច​របស់​សហភាព​អឺរ៉ុប​ក្នុង​ការដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA សង្គម​ស៊ីវិល​បានបង្ហាញ​ការព្រួយបារម្ភ ក៏​ដួច​ជា​ការសោកស្ដាយ​យ៉ាងខ្លាំង​ចំពោះ​ការបាត់បង់​នេះ ។ សោកស្ដាយ​ព្រោះ​វា​អាច​ជះ​ឥទ្ធិពល​ដល់​វិស័យ​វាយណភ័ណ្ឌ​កាត់ដេរ  និង​ទំនិញ​ផ្សេងៗ​ទៀត​សម្រាប់​នាំចេញ​ទៅ​កាន់​សហគមន៍​អឺរ៉ុប​។ ចំពោះ​រោងចក្រ និង អ្នកវិនិយោគ មួយចំនួន​អាច​នឹង​ពិចារណា​បន្ត​ឬ​មិន​បន្ត​នៅ​កម្ពុជា ដែល​ជា​ហេតុ​ធ្វើឲ្យប៉ះពាល់​ដល់​កម្មករ កម្ម​ការ​នី និង កសិករ​ជាច្រើន​នាក់​កម្ពុជា​។   នេះ​ជា​ការលើកឡើង​របស់​លោក​អំ សំអាត ប្រធាន​បច្ចេកទេស​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្សរ​បស់​អង្គការ​លីកាដូ ក្នុងពេល​ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​វា​យោ​។​

​លោក​បញ្ជាក់​បន្ថែមថា ការដក​ការអនុគ្រោះ​ពន្ធ​របស់​សហគមន៍​អឺរ៉ុប គឺ​ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដែល​ទាក់ទង​ទៅនឹង​ស្ថានភាព​នយោបាយ គណបក្សនយោបាយ ដូច​ជា​ការទាមទា​រកា​រ​ដោះលែង​អតីត​ប្រធាន​គណបក្សប្រឆាំង និង​សកម្មជន ដោយ​គ្មាន​លក្ខខណ្ឌ និង​ការរៀបចំ​ការបោះឆ្នោត​ឡើងវិញ​ជា​ដើម​។ ចំពោះ​សិទ្ធិមនុស្ស គឺ​ទាក់ទង​សិទ្ធិ​ការងារ និង ការគោរព​សិទ្ធិមនុស្ស សិទ្ធិសេរីភាព​ប្រជាពលរដ្ឋ​ធ្វើ​យ៉ាងណា​ឲ្យ​ប្រសើរ​ជាង​មុន សិទ្ធិ​អង្គការ​សមាគមន៍​មិនមែន​រដ្ឋាភិបាល និង សេរីភាព​សារព័ត៌មាន គឺ​ត្រូវតែ​ធានា​គោរព​តាម​គោលការណ៍​បទដ្ឋាន​អន្តរជាតិ ដែល​កម្ពុជា​បាន​ផ្ដល់​សច្ចាប័ន​ដូចជា​កតិកាសញ្ញា​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង សិទ្ធិ​នយោបាយ​។ 

​ចំណែក​សហព័ន្ធ​សហជីព​កម្ពុជា​ក៏​ធ្លាប់​បាន​ស្នើ​ទៅកាន់​រដ្ឋាភិបាល  ឲ្យ​អនុវត្ត​តាម​សំណើ​របស់​សហភាព​អឺរ៉ុប​ដែល​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បើកចំហ​ប្រព័ន្ធ​នយោបាយ​នៅ​ប្រទេស​កម្ពុជា ឲ្យមាន​លក្ខណៈ​ទូលំទូលាយ​ដូច​មុន​ថ្ងៃ​បោះឆ្នោត ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ឆ្នាំ​២០១៧ ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​ធានា​ការគោរព​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ​ក្នុង​គ្រប់​វិស័យ ពិសេស​វិស័យ​ការងារ និង​សិទ្ធិ​សេរីភាព​សហជីព​។ 

​រីឯ​សហគមន៍​អ៊ឺរ៉ុប​បានបញ្ជាក់​សា​ជា​ថ្មី​ថា សម្រាប់​រដ្ឋាភិបាល​កម្ពុ​ជា​គួរ​បើក​ឡើង​វិញ​នូវ​លំហ​នយោបាយ​នៅក្នុង​ប្រទេស បង្កើត​លក្ខខណ្ឌ​ចាំបាច់​សម្រាប់​ការបង្កើតឡើងវិញ​នូវ​ក្រុម​ប្រឆាំង​ដែល​អាច​ទុកចិត្តបាន និង​ផ្តួចផ្តើម​ដំណើរការ​ប្រជាធិបតេយ្យ​មួយ​នៃ​ការផ្សះផ្សា​ជាតិ តាមរយៈ​ការរួម​បញ្ចូល​បទ​សន្ទនា​ពិតប្រាកដ​។ នេះ​រួម​បញ្ចូល​ទាំង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​នូវ​សិទ្ធិ​នយោបាយ​របស់​សមាជិក​គណបក្សប្រឆាំង និង​ការលុបចោល ឬ​ការកែប្រែ​ច្បាប់​ដូចជា​ច្បាប់​ស្តីពី​គណបក្សនយោបាយ និង​ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាដើម​។​

​សូមបញ្ជាក់​ថា ការដក​ការអនុគ្រោះ​ពន្ធ​របស់​គណៈកម្មការ​អឺរ៉ុប និង​ការជំនួស​ជាមួយនឹង​ពន្ធ​ស្តង់ដារ​របស់​សហភាព​អ៊ឺរ៉ុប (​ប្រទេស​ដែល​អនុគ្រោះ​ដល់ MFN)​កាលពី​ថ្ងៃ​ទី ១២ កុម្ភៈ​នេះ នឹង​ប៉ះពាល់​ដល់​ផលិតផល​សម្លៀកបំពាក់ ស្បែកជើង  ទំនិញ​ធ្វើដំណើរ​ទាំងអស់ និង​ផលិតផល​ស្ករ ដែល​ការដក​នេះ​មាន​ចំនួន​ប្រហែល​មួយ​ភាគ​ប្រាំ​ឬ ១ ពាន់​លាន​អឺរ៉ូ​នៃ​ការនាំចេញ​ប្រចាំឆ្នាំ​របស់​ប្រទេស​កម្ពុជា​ទៅកាន់​សហភាព​អឺរ៉ុប​។ ប្រសិនបើ​គ្មាន​ការជំទាស់​ណាមួយ​ពី​សភា​អឺរ៉ុប​និង​ក្រុមប្រឹក្សា​ទេ រឿងនេះ​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃទី ១២ ខែ​សីហា​ឆ្នាំ ២០២០ ៕

ព័ត៌មានផ្សេងទៀត