សហភាព​អឺរ៉ុប​បើកចំហ​ទីផ្សារ​កាន់តែ​ទូលំទូលាយ​សម្រាប់​វៀតណាម​

13-02-2020 12:20 pm 734

​សមាជិកសភា​សហភាព​អឺរ៉ុប បាន​បោះឆ្នោត​ស្វែងរក​សំឡេងគាំទ្រ ចំពោះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី សម្រាប់​ប្រទេស​វៀតណាម នៅ​ថ្ងៃ​ពុធ​ទី​១២​កុម្ភៈ​ឆ្នាំ​២០២០​។ នៅ​ក្នុងនោះ សមាជិកសភា​សហភាព​អឺរ៉ុប បាន​បោះឆ្នោត​គាំទ្រ​ដោយ​សំឡេង ៤០១​ទល់​១៩២ ដើម្បី​អនុម័ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​វៀតណាម​។ វា​ជា​កតិកាសញ្ញា​ទូលំទូលាយ​បំផុត ដែល​សហភាព​អឺរ៉ុប​ផ្តល់ឲ្យ​ប្រទេស​កំពុងអភិវឌ្ឍន៍ ហើយ​វៀតណាម​ជា​ប្រទេស​ទី​២ ដែល​ទទួលបាន​កាដូ​ដ៏​មានតម្លៃ​មួយ​នេះ បន្ទាប់ពី​ប្រទេស​សឹង្ហ​បុរី ដែលជា​សមាជិក​នៃ​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅ​កាត់​ថា​ASEAN​។ 

​ការសម្រេច​របស់​សភា​សហភាព​អឺរ៉ុប ក្រោយ​សង្កេតឃើញថា វៀតណាម​បាន​បង្កើន​ការអនុវត្ត​សិទ្ធិ​ការងារ​កាន់តែ​ល្អប្រសើរ​។ គណៈកម្មការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​លោក Phil Hogan បាន​ថ្លែងថា ប្រទេស​វៀតណាម បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង ក្នុង​ការធ្វើឲ្យ​ប្រសើរឡើង នូវ​សិទ្ធិ​ការងារ​របស់ខ្លួន ហើយ​ភាពជា​ដៃគូ​ថ្មី​នេះ នឹង​បង្កើន​សក្តានុពល​របស់​សហភាព​អឺរ៉ុប ក្នុង​ការជំរុញ​និង​តាមដាន​ការធ្វើកំណែទម្រង់​។​

​ប៉ុន្តែ ក្រុម​អង្គការសិទ្ធិមនុស្ស​មួយចំនួន តួយ៉ាង​ដូចជា​អង្គការ Human Rights Watch បាន​ជំរុញ​ឲ្យ​សភា​សហភាព​អឺរ៉ុប ពន្យា​ពេល​អនុម័ត ចំពោះ​កិច្ចព្រមព្រៀង​នេះ រហូត​ទាល់តែ រដ្ឋាភិបាល​ទីក្រុង​ហាណូយ បាន​ធ្វើកំណែទម្រង់​បន្ថែមទៀត រួមមាន​សេរីភាព​ក្នុង​ការប្រមូលផ្តុំ និង​ច្បាប់ព្រហ្មទណ្ឌ ដែល​ពួកគេ​និយាយថា មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ហួសប្រមាណ​។​

​រីឯ​រដ្ឋមន្ត្រី​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​វៀតណាម​លោក Tran Tuan Anh ឯណេះ​វិញ បាន​ហៅ​កិច្ចព្រមព្រៀង​នេះ​ថា ជា​ព្រឹត្តិការណ៍​ដ៏​មាន​អត្ថន័យ​មួយ នៅក្នុង​ទំនាក់ទំនង​ជាមួយ​សហ​ភាព​អឺរ៉ុប​។ លោក​បន្តថា ឧស្សាហកម្ម​កាត់ដេ​រ​សម្លៀកបំពាក់ ស្បែកជើង និង​គ្រឿងសង្ហារិម នឹង​ទទួលផល​ធំជាងគេ ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​យ៉ាង​ទូលំទូលាយ​នេះ​។ 

​តាមពិតទៅ ទំនិញ​ភាគច្រើន​របស់​វៀតណាម បានទទួល​ផលប្រយោជន៍​ពី​ការ​នាំចូល ទៅកាន់​ទីផ្សារ​អឺរ៉ុប​រួចមកហើយ ដោយ​ស្ថិតក្រោម​ប្រព័ន្ធ​ផ្ដល់ឲ្យ​សម្រាប់​ប្រទេស​ក្រីក្រ​កំពុងអភិ​វឌ្ឍន៍​។ យ៉ាងណាក៏ដោយ ករណីនេះ អនុវត្ដ​ទៅលើ​ទំនិញ​តែ​២​ភាគ​៣​ប្រភេទ​ប៉ុណ្ណោះ​។ ដូច្នេះ ពន្ធ​នៅតែ​ត្រូវបាន​អនុវត្ដដ​ដែល មិន​លើកលែង​ទាំងស្រុង​ឡើយ ទោះបី​ក្នុង​អត្រា​ទាប ទៅលើ​ផលិតផល​សម្លៀកបំពាក់​ក៏ដោយ​៕

ព័ត៌មានផ្សេងទៀត