ក្រសួង​មហាផ្ទៃ​ឆ្លើយតប​ទៅ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្រោយ​សុំ​និរាករណ៍​ច្បាប់​សមាគម​និង​អង្គការក្រៅរដ្ឋាភិបាល​

13-02-2020 11:40 am 130
  ស្តាប់
ស្តាប់ជាសំឡេង

​នៅ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២០ ក្រសួងមហាផ្ទៃ បានចេញ​សេចក្តីថ្លែងការណ៍ ឆ្លើយតប​ទៅនឹង​សេចក្តីថ្លែងការណ៍​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ចំនួន​១០០ ស្ថាប័ន ដែល​បាន​ចោទប្រកាន់​មកលើ​រាជរដ្ឋាភិបាល​ថា ខ្វះ​ឆន្ទៈ​ក្នុងការ​ធ្វើ​វិសោធនកម្ម​ច្បាប់ និង​ទាមទារ​ឲ្យ​និរាករណ៍​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ថា ការលើកឡើង​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល គឺ​ពុំ​បាន​ឆ្លុះបញ្ចាំង​ពី​ការពិត​នោះ​ឡើយ​។​

​មិន​បាន​ឆ្លុះបញ្ចាំង​ពី​ការពិត​ត្រូវបាន​ក្រសួង​មហាផ្ទៃ​បកស្រាយ​ថា អនុលោម​តាម​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ​១៩៩៣ មាត្រា​៤២​ថ្មី កថាខណ្ឌ​ទី​១ ចែងថា​«​ប្រជា​ពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​បង្កើត​សមាគម និង​គណបក្ស​នយោបាយ សិទ្ធិ​នេះ ក៏​ត្រូវបាន​កំណត់​ក្នុង​ច្បាប់​ផង​ដែរ​»​។​ផ្អែកលើ​មូលដ្ឋាន​ខាងលើ​នេះ នៅ​ឆ្នាំ​១៩៩៥ រាជរដ្ឋាភិបាល​បាន​រៀបចំ​តាក់តែង​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។​

សេចក្តីព្រាងច្បាប់​នេះ ត្រូវបាន​ដាក់​ឲ្យ​ពិគ្រោះ​យោបល់​ជា​សាធារណៈ​ជា​ច្រើនលើក​ច្រើនសារ អស់​រយៈពេល​២០​ឆ្នាំ ទើប​សេចក្តីព្រាងច្បាប់​នេះ​ត្រូវបាន​អនុម័ត និង​ប្រកាស​ឲ្យប្រើ​នៅក្នុង​ខែ​សីហា ឆ្នាំ​២០១៥​។​
​ជាមួយគ្នានេះដែរ ពាក់ព័ន្ធ​នឹង​នីតិបុគ្គល​មិន​យកចំណេញ ដែល​មាន​កំណត់​នៅក្នុង​ក្រមរដ្ឋប្បវេណី គឺ​គ្រាន់តែ​ចែង​អំពី​គោលការណ៍​ទូទៅ​តែប៉ុណ្ណោះ ។​ដូចនេះ​ក្រមរដ្ឋប្បវេណី មិន​ហាមឃាត់​ក្នុង​ការរៀបចំ​ឲ្យមាន​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នោះឡើយ ។​

​បន្ថែម​ពីលើ​នេះ ក្រសួងមហាផ្ទៃ ក៏បាន​ឯកភាព​ទទួលយក​នូវ​សំណើ​ធ្វើ​វិសោធនកម្ម​លើ​មាត្រា​មួយចំនួន​ដែរ ដោយ​កិច្ចប្រជុំ​ពិភាក្សា​លើ​សំណើ​ខាងលើនេះ ត្រូវ​បាន​ដំណើរការ ៤​លើក​រួចមកហើយ ដោយ​ចាប់ផ្តើម​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៩ ហើយ​សម្រេច​ឯកភាពគ្នា លើ​សំណើ​សុំ​ធ្វើ​វិសោធនកម្ម​ចំនួន ៩​មាត្រា លើ​១៧​មាត្រា ដែល​ស្នើឡើង​ដោយ​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។​ក្រសួង​មហាផ្ទៃ​សង្ឃឹមថា នឹង​បន្ត​ការពិភាក្សា​ស្វែងរក​ការស្រុះស្រួល​គ្នា​លើ​មាត្រា​ដែល​នៅ​សេសសល់ នា​ពេល​ឆាប់ៗ​ខាងមុខ​។​

​សូមជម្រាបថា ច្បាប់​ស្ដី​ពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល ត្រូវបាន​អនុម័ត​កាលពី​ខែ​សីហា ឆ្នាំ​២០១៥​។ ប៉ុន្តែ​ច្បាប់​នេះ​ត្រូវបាន​ទទួល​រង​ការរិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​ក្រុម​សហគមន៍​មូលដ្ឋាន សហជីព អង្គការ​មិនមែន​រដ្ឋាភិបាល ក៏ដូចជា​អង្គការសហប្រជាជាតិ​៕

 

 


ព័ត៌មានផ្សេងទៀត