ក្រុមហ៊ុន​នាវា​Westerdam និង​ទូត​អាមេរិក អរគុណ​ចំពោះ​សន្តាន​ចិត្ត​ដ៏​ល្អ​របស់​កម្ពុជា​

13-02-2020 10:42 am 407

​ក្រុមហ៊ុន Holland America Line អ្នកដំណើរ​លើ​នាវា​Westerdam និង​ទូត​អាមេរិក បាន​ផ្ញើ​សារ​ថ្លែងអំណរគុណ ចំពោះ​សន្តាន​ចិត្ត​ដ៏​ល្អ របស់​រដ្ឋាភិបាល​កម្ពុ​ជា ដែល​បាន​អនុញ្ញាត​ឲ្យ នាវា​យក្ស​ផ្ទុក​អ្នកដំណើរ​ជាង​២​ពាន់​នាក់ ចូល​ចត នៅ​កំពង់ផែ ខេត្ត​ព្រះសីហនុ​។ ដោយៈ​សៅ វិសាល​

១​ថ្ងៃមុន ការ​ចូល​ចត នៅ​កំពង់ផែ ខេត្ត​ព្រះសីហនុ ក្រុមហ៊ុន Holland America Line​បាន​បង្ហោះ​ព័ត៌មាន​ពី​ការអនុញ្ញាត របស់​រដ្ឋាភិបាល​កម្ពុ​ជា ឲ្យ​នាវា​Westerdam របស់​ខ្លួន​បាន​ចូល​ចត ទទួល​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ពី​សំណាក់​អ្នកដំណើរ​នៅ​លើ​នាវា​។ ចាប់អារម្មណ៍ ដោយសារតែ​ប្រទេស និង​កោះ​ចំនួន​៦ បាន​បដិសេធ មិន​ឲ្យ​នាវា​នេះ​ចូល​ចត​។​

​នៅលើ​ហ្វេ​សប៊ុក​ផ្លូវការ ក្រុមហ៊ុន Holland America Line​បាន​សរសេរ​សារ ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​ការ​អនុញ្ញាត​ពី​សំណាក់​អាជ្ញាធរ​កម្ពុជា ខណៈ​អ្នក​ទេសចរណ៍ នៅ​លើ​នាវា ក៏​បាន​បង្ហាញ​ពី​អារម្មណ៍​រំភើប ចំពោះ​ទឹកចិត្ត​សណ្តោស​ប្រណី របស់​កម្ពុជា​ផង​ដែរ​។​

​ជាមួយគ្នានេះ មន្ត្រី​ទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក Patrick Murphy បាន​ផ្ញើ​សារ​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​អនុញ្ញាត​ឲ្យ​នាវា​ទេសចរណ៍​ខ្នាត​យក្ស Westerdam ផ្ទុក​មនុស្ស​ជាង​២​ពាន់​នាក់ បាន​ចូល​ចត​នៅ​កំពង់ផែ ខេត្ត​ព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​១៣ ខែ​កុម្ភៈ​នេះ​ផងដែរ​។ 

​លោក Patrick Murphy បានបញ្ជាក់​ថា ខ្លួន​បាន​បញ្ជូន​ក្រុមមន្ត្រី ដើម្បី​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ក្នុង​ការសម្រួល​ដល់​អ្នកទេសចរណ៍ ដែល​ជា​ជនជាតិ​អាមេរិក និង​បាន​សហការ ជាមួយ​ស្ថានទូត​ដ៏​ទៃ​ផ្សេងទៀត ដើម្បី​សម្រួល​ដល់​អ្នកទេសចរណ៍ ជា​ពលរដ្ឋ​របស់​ខ្លួន​។​

​បើ​តាម​ប្រសាសន៍​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ថ្លែង​ប្រាប់​អង្គភាព​Fresh News ពី​មូលហេតុ​ដែល​រដ្ឋាភិបាល​សម្រេច​អនុញ្ញាត ឲ្យ​នាវា​នេះ​ចូល​ចត ដើម្បី​បង្ហាញ​ពី​ការលុបបំបាត់​នូវ​ជំងឺ​ភ័យខ្លាច ដែល​កំពុង​កើតមាន​នៅ​លើ​ពិភពលោក​យើង​នេះ ហើយ​កម្ពុជា​គ្មាន​ឡើយ​ការរើសអើង​ពូជសាសន៍ ត្រូវតែ​ចូលរួម​សង្គ្រោះ​ក្នុង​កិច្ចការ​មនុស្សធម៌ ខណៈ​ពួកគេ​កំពុង​ជួប​គ្រោះអាសន្ន​។​

​ប្រមុខ​រដ្ឋាភិបាល មានប្រសាសន៍​បន្ត​ថា យើង​ត្រូវ​សហការគ្នា ទាំង​អ្នក​ជាប់​នៅ​លើ​នាវា ដើម្បី​ជួយសង្គ្រោះ​ដោយ​មិន​ខ្វល់​ពី​ជាតិ​សាសន៍ ទោះបី​ជាតិ​សាសន៍​ណាក៏ដោយ កិច្ចការ​នេះ​បង្ហាញ​ពី​ការងារ មនុស្សធម៌​ដ៏​ប្រពៃ និង​សណ្តាន​ចិត្ត​របស់​កម្ពុជា សម្រាប់​មនុស្ស​លើ​ពិភពលោក ក្នុង​ការ​យក​អាសា​រ​សម្រាប់​ជាតិ​សាសន៍​ដទៃ​។ បើ​គេ​មិន​ទទួល កម្ពុជា​ទទួល​, កម្ពុជា​ក៏​ចង់បង្ហាញ​ថា កម្ពុជា​មិនមែន​គ្រាន់តែ​សហការ​ជាមួយ​ចិន​នោះទេ គឺ​ធ្វើ​ជាមួយ​គ្រប់​ជាតិ​សាសន៍​ទាំងអស់ ព្រោះ​បញ្ហា​នេះ វា​ក្លាយជា​បញ្ហា​ប្រឈម ជា​សកល​រួចទៅហើយ និង​ម្យ៉ាងទៀត​បញ្ហា​មនុស្សធម៌​ក៏​គ្មាន​ព្រំដែន​ដែរ​។ យើង​ត្រូវតែ​ជួយ​ពួកគេ​នៅពេលដែល​ពួកគេ​សុំ​ឱ្យ​យើង​ជួយ យើង​ត្រូវតែ​ជួយ​គេ​ប្រកប ដោយ​ស្មារតី​ទទួលខុសត្រូវ​។​

​គួរបញ្ជាក់​ថា នាវា​ទេសចរណ៍ Westerdam ដឹក​មនុស្ស​សរុប​ជាង ២,២០០​នាក់ ក្នុងនោះ​អ្នកដំណើរ ១,៤៥៥​នាក់ និង​បុគ្គលិក​នាវា​ចំនួន ៨០២​នាក់ បាន​ចូល​ចត នៅ​កំពង់ផែ ខេត្ត​ព្រះសីហនុ​ហើយ នា​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ​នេះ​។​

​នាវា​នេះ បាន​ចាកចេញ​ពី​ទីក្រុង​ហុងកុង ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០២០ ប៉ុន្តែ​វា​ត្រូវបាន​អាជ្ញាធរ កោះ​តៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង និង​កោះ​ហ្គាំ (​អាមេរិក​) បដិសេធ​មិនឲ្យ​ចូល​ចតឡើយ ដោយសារ​តែ​ការព្រួយបារម្ភ​ថា ក្នុងចំណោម​មនុស្ស​រាប់ពាន់​នាក់ នៅ​លើ​នោះ អាច​មាន​ផ្ទុក​វីរុស​កូរ៉ូណា​ថ្មី (Covid-19)៕

ព័ត៌មានផ្សេងទៀត