មួយ​ថ្ងៃទី​​១២​កុម្ភៈ​​អ្នក​ឆ្លង​​វីរុស​កូរ៉ូណា​​កើន​ជិត​១០​​ដង​​ឯ​អ្នកស្លាប់​​កើន​ជាង​២​ដង​

13-02-2020 8:53 am 940

អាជ្ញាធរ​សុខាភិបាល​ចិន​ក្នុង​ខេត្ដ​ហ៊ូ​ប៉ី​បាន​រាយការណ៍​នៅ​ថ្ងៃ​១៣​កុម្ភៈ​នេះ​ថា ករណី​ឆ្លង​វីរុស​កូរ៉ូណា​កាលពី​ថ្ងៃទី​១២​កុម្ភៈ កើនឡើង​រហូតដល់​ជិត​១០​ដង​ប្រើ​ប្រៀបធៀប​នឹង​មួយ​ថ្ងៃមុន គឺ​ប្រមាណ​១៤,៨៤០​នាក់ រីឯ​ចំនួន​អ្នកស្លាប់​វិញ​កើនឡើង​ជាង​២​ដង​មាន​ចំនួន​២៤២​នាក់​ក្នុង​រយៈពេល​តែ​មួយថ្ងៃ​។ ចំនួន​នេះ​បានធ្វើឲ្យ​អ្នកឆ្លង​វីរុស​កូរ៉ូណា​(COVID-19)​នៅ​ចិន​កើន​ដល់​៥៩,៥៣៩​នាក់ និង​ឆ្លង​ទូទាំង​ពិភពលោក​ចំនួន​ជាង​៦​ម៉ឺន​នាក់​។ ចំពោះ​អ្នកស្លាប់​សរុប​មាន​ចំនួន​១,៣៦៣​នាក់ ក្នុងនោះ​នៅ​ចិន​១,៣៦១​នាក់ នៅ​ហ្វីលីពីន​ម្នាក់ នៅ​ហុងកុង​ម្នាក់​។​

​ជាមួយនឹង​ការឆ្លង​ក៏ដូចជា​អ្នកស្លាប់​កើនឡើង​ដូច្នេះ អាជ្ញាធរ​ខេត្ដ​ហ៊ូ​ប៉ឺ​បានបញ្ជាក់​ក្នុង​សេចក្ដីថ្លែងការណ៍​ប្រចាំថ្ងៃ​ថា នៅ​ថ្ងៃទី​១៣​កុម្ភៈ​នេះ​គ្រូពេទ្យ​បាន​ផ្លាស់ប្ដូរ​លក្ខណៈវិនិច្ឆ័យ​ក្នុង​ការបញ្ជាក់​ករណី​ឆ្លង មានន័យថា​វេជ្ជបណ្ឌិត​ត្រូវ​ប្រុងប្រយ័ត្ន​កាន់តែខ្លាំង​ជាង​មុន ដើម្បី​កំណត់ថា​អ្នកជំងឺ​ណា​ដែល​បាន​ឆ្លង​វី​រ៉ុស​កូរ៉ូណា​។​

​គួរ​បញ្ជាក់ថា ដ្បិត​វីរុស​កូរ៉ូ​ណា​មានអ​ត្រាភាគ​រយស្លា​ប់​តិចជាង​ជំងឺសារ​ផ្ទុះឡើង​ក្នុងអំឡុង​ឆ្នាំ​២០០២-២០០៣ ប៉ុន្ដែ​នៅតែមាន​ការព្រួយបារម្ភ​គួរឲ្យកត់សម្គាល់​។ ព្រួយបារម្ភ​ដោយសារតែ​ពុំទាន់​អាច​ទប់ស្កាត់​ការឆ្លង​រាលដាល​បាន ទោះ​អាច​ព្យាបាល​ជាសះស្បើយ​ខ្លះ​ក៏ដោយ​។ ជា​វិធានការ​ទប់ស្កាត់​ចិន​បាន​បិទ​ចរន្ដ​ចេញ​ចូលក្នុង​ខេត្ដ​ហ៊ូ​ប៉ី​ទាំងស្រុង ជា​ប្រភព​ដែល​ផ្ទុះ​វីរុស​នេះ​ដំបូង​គេ និង​រឹតបន្ដឹង​លើ​ការធ្វើដំណើរ​មួយចំនួនទៀត​។ 

​បណ្ដា​ប្រទេស​មួយចំនួន​ដែល​បារម្ភ​ពី​ការឆ្លង ក៏បាន​លុបចោល​ជើងហោះហើរ​ជាមួយ​ប្រទេស​ចិន និង​ហាមឃាត់​មិនឲ្យ​អ្នកធ្លាប់​ធ្វើដំណើរ​ទៅកា​ន់​ប្រទេ​សចិន​ក្នុង​រយៈពេល​១៤​ថ្ងៃ​ចុងក្រោយ ចូលក្នុង​ប្រទេស​របស់​គេ​ឡើយ​។ រោងចក្រ​និង​ក្រុមហ៊ុន​អន្ដរជាតិ​មួយចំនួន​នៅ​ក្នុងប្រទេស​ចិន​ក៏ត្រូវ​បិទទ្វារ ដែល​សកម្មភាព​ទាំងអស់នេះ​បាន​បង្អាក់​ចរន្ដ​សេដ្ឋកិច្ច​មិនឲ្យ​ដំណើរការរលូន​ទេ​។ ក៏​កំពុងមាន​ការព្រួយបារម្ភ​បន្ថែមទៀតថា បើ​វីរុស​កូរ៉ូណា​នៅតែ​បន្ដសម្លាប់​មនុស្ស​និង​គ្មាន​វិធានការ​ទប់ស្កាត់បាន វា​នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​ចិន​។ ដោយសារតែ​សេដ្ឋកិច្ច​ចិន​ជា​ចំណែក​នៃ​សេដ្ឋកិច្ចពិភពលោក​ជិត​១៧​ភាគរយ ហេតុនេះ​បើ​សេដ្ឋកិច្ច​ចិន​ធ្លាក់ចុះ​នោះ​សេដ្ឋកិច្ចពិភពលោក​ក៏​ប៉ះពាល់​ដូចគ្នា​៕

ព័ត៌មានផ្សេងទៀត