កម្ពុជាអនុញ្ញាតឲ្យនាវាទេសចរណ៍អាមេរិកមួយគ្រឿងចូលសំចត ក្រោយប្រទេសនិងកោះ៦បដិសេធ

12-02-2020 8:05 pm 5193
រូបភាពពីសារព័ត៌មានFresh News

រដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យនាវាទេសចរណ៍ដ៏ធំមួយគ្រឿងរបស់អាមេរិក ដែលដឹកមនុស្សជាង២២០០នាក់ ចូលសំចតនៅកំពង់ផែខេត្តព្រះសីហនុ បន្ទាប់ពីប្រទេសនិងកោះចំនួន៦ បដិសេធមិនឲ្យនាវារបស់ប្រទេសមហាអំណាចមួយនេះចូលចត ដោយសារភ័យខ្លាចអ្នកដំណើរមានផ្ទុកវីរុសកូរ៉ូណាថ្មី។

សារព័ត៌មានFresh News ស្រង់សម្ដីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ឲ្យដឹងថា នាវាទេសចរណ៍ដ៏ធំនេះឈ្មោះ MS Westerdam នឹងមកចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ នៅវេលាម៉ោង៧ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នេះ ក្រោយពីទទួលបានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ការអនុញ្ញាតឲ្យចូលចតនេះធ្វើឡើង បន្ទាប់ពីមានការធានាច្បាស់លាស់ពីអ្នកគ្រប់គ្រងនាវាទេសចរណ៍ Westerdam ថា មនុស្សទាំងអស់លើកប៉ាល់មិនមានអ្នកណាម្នាក់ ផ្ទុកវិដេអូកូរ៉ូណាថ្មី ឬ Covid-19 នោះទេ។ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា បានប្រាប់សារព័ត៌មានFresh Newsទៀតថា អាជ្ញាធរកម្ពុជានឹងសម្របសម្រួលគ្រប់និតីវិធីទាំងអស់ ទាំងការត្រួតពិនិត្យសុខភាពនៅលើកប៉ាល់, មិនយកថ្លៃVisa និងសេវាផ្សេងៗ ដែលទាំងនេះបង្ហាញទឹកចិត្តដ៏ប្រពៃបំផុត របស់លោកនាយករដ្ឋមន្រ្ដីហ៊ុនសែន ចំពោះផ្នែកកិច្ចការមនុស្សធម៌ និងគ្មានការរើសអើងពូជសាសន៍ប្រទេសដទៃនោះទេ។ ក្រៅពីនោះអាជ្ញាធរនឹងចែកក្រមាដល់អ្នកដំណើរទាំងអស់នោះផងដែរ។

សូមជម្រាប ថា នាវាទេសចរណ៍ Westerdam មានដឹកមនុស្សសរុបជាង ២,២០០នាក់ ក្នុងនោះអ្នកដំណើរ ១,៤៥៥នាក់ និងបុគ្គលិកកប៉ាល់ចំនួន ៨០២នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០។ ប៉ុន្តែវាត្រូវបានអាជ្ញាធរកោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង និងកោះហ្គាំ(អាមេរិក)បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី៕ 

 

ព័ត៌មានផ្សេងទៀត