សមាជិកព្រឹទ្ធសភានៃគណបក្សប្រជាធិបតេយ្យមកពីរដ្ឋVermont លោកBernie Sanders បានឈ្នះការបោះឆ្នោតជ្រើសរើសតំណាងរបស់គណបក្សប្រជាធិបតេយ្យក្នុងរដ្ឋNew Hampshireហើយ។ ជាការបោះឆ្នោតតាមរដ្ឋដើម្បីប្រមូលសំឡេងគាំទ្រអាចតែងតាំងជាបេក្ខជនប្រធានាធិបតីចុងក្រោយ ឈានទៅប្រកួតប្រជែងនឹងលោកដូណាល់ ត្រាំ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៅថ្ងៃទី០៣ខែវិច្ឆិកាឆ្នាំ២០២០។ នេះគឺជាជ័យជម្នះលើកដំបូងរបស់លោកក្រោយបរាជ័យក្នុងរដ្ឋIowa ដែលលោកបានចាញ់លោកPete Buttigiegអតីតអភិបាលក្រុងSouth Bend។
តាមសន្លឹកឆ្នោតដែលបានរាប់លោកSandersទទួលបានសំឡេងគាំទ្រជាង២៦ភាគរយឈរនៅលេខមួយ បន្ទាប់មកលោកPete Buttigiegទទួលបានសំឡេងគាំទ្រជាង២៤ភាគរយឈរនៅលេខពីរ ខណៈអ្នកស្រីAmy Klobucharទទួលបានសំឡេងគាំទ្រ២០ភាគរយឈរនៅលេខបី។ ចំណែកអ្នកស្រី Elizabeth Warrenទទួលបានសំឡេងគាំទ្រជាង៩ភាគរយឈរនៅលេខបួន និងលោកJoe Bidenទទួលបានសំឡេងគាំទ្រជាង៨ភាគរយឈរនៅលេខ៥។
ថ្លែងទៅកាន់អ្នកគាំទ្រក្នុងទីក្រុងManchester រដ្ឋNew Hampshireកាលពីយប់ថ្ងៃអង្គារក្រោយបោះឆ្នោត លោកSandersអបអរនឹងជ័យជម្នះខណៈអ្នកគាំទ្រស្រែកថា “លោកSandersឈ្នះលោកTrump”។ លោកបន្ថែមដូច្នេះថា “ជ័យជម្នះនៅទីនេះគឺជាការចាប់ផ្ដើមនៃទីបញ្ចប់របស់លោកDonald Trump ហើយលោកសន្យានឹងកសាងចលនានយោបាយពហុជាតិសាសន៍ដែលមិនធ្លាប់មាន ដើម្បីកម្ចាត់គណបក្សសាធារណរដ្ឋ។” លោកSandersជាអ្នកធ្លាប់បានរិះគន់ធ្ងន់ៗទៅលើរដ្ឋបាលរបស់លោកTrumpកន្លងមក។
ក្នុងការបោះឆ្នោតនៅរដ្ឋIowaកាលពីថ្ងៃទី០៣កុម្ភៈ លោកSandersឈរនៅលេខពីរចាញ់លោកPete Buttigieg ដោយទទួលសំឡេងគាំទ្រតែ២៦,១ភាគរយប៉ុណ្ណោះ។ ដូច្នេះជ័យជម្នះនៅពេលនេះជាក្ដីសង្ឃឹមបន្ថែមសម្រាប់លោក មុនការប្រកួតប្រជែងក្នុងរដ្ឋផ្សេងៗទៀតដូចជាNevadaនិងរដ្ឋSouth Carolinaជាដើម។
ជាការកត់សម្គាល់មុនការបោះឆ្នោតបឋមនេះ ក្ដីរំពឹងបានដាក់យ៉ាងខ្លាំងទៅលើលោកJoe Bidenអតីតអនុប្រធានាធិបតីអាមេរិក ថាអាចនឹងក្លាយជាគូប្រជែងរបស់លោកDonald Trumpក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក។ ប៉ុន្ដែលទ្ធផលចេញមកផ្ទុយស្រឡះពីការរំពឹងទុក គឺលោកBidenបានធ្លាក់ប្រជាប្រិយភាពយ៉ាងខ្លាំង។ ការបាត់បង់ប្រជាប្រិយភាពនេះមិនដឹងថាមកពីការចោទប្រកាន់របស់លោកTrumpដែរឬយ៉ាងណាទេ។ លោកTrumpចោទថាលោកBidenបានប្រព្រឹត្ដអំពើពុករលួយជាមួយកូនប្រុសនៅក្នុងប្រទេសអ៊ុយក្រែន ដោយស្នើឲ្យអ៊ុយក្រែនបើកការស៊ើបអង្កេតលើបញ្ហានេះ។ ព្រោះតែការដាក់សម្ពាធឲ្យអ៊ុយក្រែនបើកការស៊ើបអង្កេត ទើបលោកTrumpត្រូវបានគណបក្សប្រជាធិបតេយ្យប្ដឹងទម្លាក់ចេញពីតំណែង ដែលទើបរួចទោសត្រឹមព្រឹទ្ធសភាក្នុងពេលប៉ុន្មានថ្ងៃមុននេះទេ៕