គុណសម្បត្តិ និងគុណវិបត្តិ នៃការទទួលទានកាហ្វេ!

12-02-2020 4:27 pm 130
  ស្តាប់
ស្តាប់ជាសំឡេង

 

បច្ចុប្បន្ន កាហ្វេបានក្លាយជាភេសជ្ជៈដ៏ពេញនិយមមួយសម្រាប់មនុស្សប្រុសស្រីស្ទើរគ្រប់វ័យ ពិសេសអ្នកដែលអង្គុយធ្វើការនៅក្នុងការិយាល័យ។ កាហ្វេពិតជាផ្តល់ប្រយោជន៍ដល់សុខភាពបានច្រើនយ៉ាង ថែមទាំងជួយឲ្យអារម្មណ៍ស្រស់ស្រាយស្វាហាប់។ ប៉ុន្តែយ៉ាងណាមិញ ប្រសិនអ្នកទទួលទានវាច្រើនជ្រុលពេក កាហ្វេក៏ផ្តល់គុណវិបត្តិបកត្រឡប់មករកអ្នកវិញផងដែរ។ តើការទទួលទានកាហ្វេបានផ្ដល់គុណសម្បត្តិនិងគុណវិបត្តិអ្វីខ្លះចំពោះសុខភាព?

ជឿថានៅរៀងរាល់ព្រឹករបស់អ្នកដែលនិយមទទួលទានកាហ្វេ ច្បាស់ជាមិនខកខានឱកាសក្នុងការស្វែងរកកាហ្វេមកបន្ថែមភាពស្រស់ស្រាយឱ្យរាងកាយខ្លួននោះឡើយ។ ដោយសារតែភាពក្រអូបឈ្ងុយនិងរស់ជាតិដ៏ឆ្ងាញ់ពិសា ទើបវាមិនមែនជារឿងចម្លែកឡើយ ដែលកាហ្វេបានក្លាយជាភេសជ្ជៈមួយដ៏ពេញនិយមសម្រាប់មនុស្សជាច្រើនមិនអាចខ្វះបាន ហើយអ្នកខ្លះក៏បានជ្រើសរើសទទួលទានវានៅពេលថ្ងៃបន្ថែមទៀត ដើម្បីជំនួយឲ្យស្មារតីស្រស់ថ្លា ជួយដាស់សតិ បំបាត់អាការៈងងុយគេង និងបំបាត់ភាពខ្ជិលច្រអូសរបស់ខ្លួន។ 

ទន្ទឹមនិងនេះ បើតាមការសិក្សាស្រាវជ្រាវមួយចំនួនបានបង្ហាញថា ភេសជ្ជៈដ៏ពេញនិយមមួយនេះបានផ្ដល់អត្ថប្រយោជន៍ច្រើនយ៉ាងទៀតដល់សុខភាព ប៉ុន្តែក្នុងនោះបើសិនជាអ្នកទទួលទានវាច្រើនលើសកម្រិតខ្លាំងពេក វាក៏ផ្ដល់នូវគុណវិបត្តិជាច្រើនមករកខ្លួនអ្នកវិញដូចគ្នា។ ខាងក្រោមនេះគឺជាគុណសម្បត្តិនិងគុណវិប្បត្តិដែលបានមកពីការទទួលទានកាហ្វេ៖

១ គុណសម្បត្តិ

- ពិសារកាហ្វេអាចជួយឲ្យអ្នកជៀសផុតពីការប្រឈមនិងជំងឺដុំក្រួសក្នុងតម្រងនោម ។ អ្នកជំនាញបានបញ្ជាក់ថា ជាតិកាហ្វេអ៊ីនជួយរំញោចដល់សាច់ដុំពោះវៀនធំនិងជួយសម្រួលដល់ការបន្ទោបង់។ វាជួយសម្អាតដល់ថង់ទឹកនោមរបស់អ្នក ដែលជាមូលហេតុជួយអ្នកជៀសផុតពីក្រួសក្នុងតម្រង់នោម។

- ជួយដាស់អារម្មណ៍និងរាងកាយទាំងមូល៖ ទទួលទានកាហ្វេមួយម៉ោងមុនហាត់ប្រាណឬធ្វើការ អាចជួយអ្នកឲ្យសម្រេចកិច្ចការបានលឿនជាងមុនដល់ទៅ១១ទៅ១២ភាគរយឯណោះ។

- ជួយសម្រកទម្ងន់៖ កាហ្វេមានផ្ទុកនូវជាតិម៉ាញេស្យូមនិងប៉ូតាស្យូម ដែលអាចធ្វើឲ្យជាតិអាំងស៊ុយលីននៅក្នុងរាងកាយបំលែងជាតិស្ករ ជួយដុតបំផ្លាញកាទ្បូរីនិងធ្វើឲ្យអ្នកគ្មានចំណង់អាហារឬនំចំណីផ្ដេសផ្ដាសឡើយ។

- ជួយទប់ស្កាត់ការកើតជំងឺទឹកនោមផ្អែមកម្រិត២៖ ជាតិកាហ្វេអ៊ីន ជួយបន្ថយនូវការប្រែប្រួលអាំងស៊ុយលីននិងកាត់បន្ថយជាតិស្ករ ហើយធ្វើឲ្យអ្នកមិនងាយកើតជំងឺទឹកនោមផ្អែមកម្រិត២។

- ជួយការពារខួរក្បាល៖ សារជាតិកាហ្វេអាចជួយកាត់បន្ថយជំងឺបាត់បង់ការចងចាំ ហើយវាក៏ជួយកាត់បន្ថយការចុះខ្សោយនៃសមត្ថភាពខួរក្បាលផងដែរ។

- កាត់បន្ថយអត្រាការស្លាប់៖ តាមការសិក្សារមួយបានបង្ហាញថា អ្នកដែលផឹកកាហ្វេអាចជួយកាត់បន្ថយការស្លាប់មុនអាយុរហូតដល់២៥% ទាបជាងអ្នកដែលមិនផឹកកាហ្វេ។

២ គុណវិបត្តិ

- ការទទួលទានកាហ្វេច្រើនពេក អាចបណ្តាលឲ្យរាងកាយមានភាពឡេសឡស់ ល្ហិតល្ហៃ ញ័រសាច់និងអស់កម្លាំង។ ដូចច្នេះហើយទើបអ្នកដែលមានបញ្ហាទាក់ទងសតិនិងស្មារតី គឺមិនត្រូវបានអនុញ្ញាតឲ្យទទួលទានកាហ្វេឡើយ ព្រោះវាអាចបណ្តាលឲ្យមានប្រតិកម្មដូចបានរៀបរាប់ខាងលើ។

- ធ្វើឲ្យស្រ្តីពិបាកមានកូននិងអាចប៉ះពាល់កូនក្នុងផ្ទៃ៖ ស្រ្តីដែលផឹកកាហ្វេក្នុងបរិមាណច្រើន មិនត្រឹមតែប្រឈមមុខនឹងបញ្ហាធ្វើឲ្យកូនពិការពីកំណើតនោះទេ តែវាក៏ជាមូលហេតុមួយនាំឲ្យស្រី្តមួយចំនួនពិបាកក្នុងការបង្កកំណើតផងដែរ។

- បណ្តាលឲ្យកើតជំងឺគេងមិនលក់៖ ផឹកកាហ្វេក្នុងពេលល្ងាច មានភាគរយច្រើនក្នុងការជម្រុញឲ្យអ្នកកើតជម្ងឺគេងមិនលក់ ឬបើសិនអ្នកមានជម្ងឺនេះស្រាប់ហើយ វានឹងធ្វើឲ្យស្ថានភាពជងឺ កាន់តែធ្ងន់ធ្ងរលើសដើម។ 

- អាចបណ្តាលឲ្យកើតជំងឺលើសឈាម៖ មិនទាន់មានការស្រាវជ្រាវច្បាស់ទេ ថាហេតុអ្វីការទទួលទានកាហ្វេហួសប្រមាណ អាចបណ្តាលឲ្យកើតជម្ងឺលើសឈាម។ ប៉ុន្តែជាទូទៅ គេបានសង្កេតឃើញថាអ្នកដែលផឹកកាហ្វេជាប្រចាំ កម្រឹតឈាមរបស់អ្នកទាំងនោះឡើងខ្ពស់ជាងធម្មតា នៅពេលពិសារកាហ្វេរួច៕

- ចំពោះកុមារវាអាចបង្កអោយមានភាពមិនប្រក្រតីជាច្រើនដូចជា គេងមិនលក់ និងរវើរវាយជាដើម។ យ៉ាងណាក៏ដោយ យើងបានដឹងហើយថាកាហ្វេមានទាំងគុណសម្បត្តិនិងគុណវិប្បត្តិ។ 

ដូច្នេះ បើសិនជាអ្នកមិនអាចផ្ដាច់បាន នៅតែចង់ទទួលទានវា អ្នកគប្បីកុំពិសាច្រើនហួសកម្រិតពេក ពោលត្រឹមតែមួយថ្ងៃមួយកែវគឺគ្រប់គ្រាន់។ បើសិនជាអាច ពិសារពេលថ្ងៃល្អជាងពេលយប់ កុំជ្រើសរើសពិសាពេលពោះទទេមិនមានអ្វីសោះ ទទួលទានជាតិកាល់ស្យូមបន្ថែមដូចជា ពពួកត្រីតូចៗដែលអាចទទួលទានទាំងឆ្អឹង បន្លែបៃតងស្ពៃ ខាត់ណា ប្រូកខូលី ដើម្បីបន្ថែមនូវជាតិកាល់ស្យូមដែលបាត់បង់ ឬបើសិនជាអាចអ្នកគួរប្តូរមកពិសាតែ ឬទឹកសុទ្ធធម្មតាក៏អាចអោយអ្នកមានកំលាំង និងបាត់ងងុយគេងបានដែរ៕ 

 

ព័ត៌មានផ្សេងទៀត