​​កម្ពុជា​អាច​ជួប​វិបត្តិ​​សេដ្ឋ​កិច្ចទេ​បើ​កូរ៉ូណា​​នៅតែប​ន្តហើយ​EBA​ត្រូវបាន​ព្យួរ​?​

12-02-2020 3:46 pm 814

​តើ​កម្ពុជា​អាច​ប្រឈម​នឹង​បញ្ហា​មាន​វិបត្តិ​សេដ្ឋកិច្ច​ដែរឬទេ ប្រសិនបើ​ជំងឺ​ថ្មី​កូរ៉ូណា​វីរុស នៅតែ​បន្ត​អូសបន្លាយ​ដោយ​គ្មាន​ថ្នាំ​ព្យាបាល ហើយ​ប្រព័ន្ធ​អនុគ្រោះ EBA ត្រូវបាន​ព្យួរ​ពី​សហភាព​អឺរ៉ុប​? អ្នកនាំពាក្យ​រាជរដ្ឋាភិបាល លោក ផៃ ស៊ី​ផាន​ថា​កម្ពុជា​មិនអាច​មាន​វិបត្តិ​សេដ្ឋកិច្ច​ឡើយ​។ ផ្ទុយ​ពី​លោក ផៃ ស៊ី​ផាន​, លោក អ៊ូ ច័ន្ទ​រ័ត្ន ថា​កម្ពុជា​អាចមាន​វិបត្តិ​សេដ្ឋកិច្ច បើ​ករណី​ខាងលើនេះ​កើតមាន​។

​រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វ​ត្ថ កាលពីពេល​ថ្មីៗ​នេះ បាន​ទម្លាក់​ការព្យាករណ៍​កំណើនសេដ្ឋកិច្ច​សម្រាប់​ឆ្នាំ​២០២០​ពី ៦.៥ ភាគរយ​ដែល​ព្យាករណ៍​ពីមុនមក​នៅត្រឹម ៦.១ ភាគរយ​ប៉ុណ្ណោះ​។ ការទម្លាក់​ការព្យាករណ៍​នេះ គឺ​បណ្តាលមកពី​កត្តា​ហានិភ័យ​មួយចំនួន​ដូចជា ការធ្លាក់ចុះ​នៃ​កំណើន​សេដ្ឋកិច្ចពិភពលោក ភាពមិនប្រាកដប្រជា​នៅ​តំបន់​មជ្ឈឹម​បូ​ព៌ា ជម្លោះ​ពាណិជ្ជកម្ម​រវាង​ចិន​និង​សហរដ្ឋអាមេរិក ការប្រែប្រួល​អាកាសធាតុ និង​ការ​ផ្ទុះឡើង​នៃ​ជំងឺឆ្លង​ដែល​បង្កឡើង​ដោយ​កូរ៉ូណា​វីរុស នៅក្នុង​ប្រទេស​ចិន និង​ការ​ប្រឈម​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពី​សហភាព​អឺរ៉ុប EBA ជាដើម​។​

​តើ​កម្ពុជា​អាច​ប្រឈម​នឹង​បញ្ហា​មាន​វិបត្តិ​សេដ្ឋកិច្ច​ដែរឬទេ ប្រសិនបើ​ជំងឺ​ថ្មី​កូរ៉ូណា​វីរុស នៅតែ​បន្ត​អូសបន្លាយ​ដោយ​គ្មាន​ថ្នាំ​ព្យាបាល ហើយ​ប្រព័ន្ធ​អនុគ្រោះ EBA ត្រូវបាន​ព្យួរ​ពី​សហភាព​អឺរ៉ុប​?

​ឆ្លើយតប​នឹង​សំណួរ​ខាងលើនេះ លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​លើកឡើងថា កម្ពុជា​មិន​អាចមាន​វិបត្តិ​សេដ្ឋកិច្ច​ឡើយ គ្រាន់តែ​មាន​ការធ្លាក់ចុះ​តិចតួច​តែប៉ុណ្ណោះ​។ លោក​គូសបញ្ជាក់ថា រាជរដ្ឋាភិបាល​មាន​ថវិកា​បម្រុង ដើម្បី​ការពារ​ពេល​មាន​ហា​នី​ភ័យ​កើតឡើង ដូច្នេះ​កម្ពុជា​មិនអាច​មាន​វិបត្តិ​សេដ្ឋកិច្ច​ឡើយ​…………..

​សំឡេង​លោក​ផៃ ស៊ី​ផាន​៖

​ផ្ទុយ​ពី​លោក ផៃ ស៊ី​ផាន អតីតមន្ត្រី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូ ច័ន្ទ​រ័ត្ន បាន​លើកឡើងថា កម្ពុជា អាច​នឹង​ជួប​វិបត្តិ​សេដ្ឋកិច្ច ប្រសិនបើ​ជំងឺ​ថ្មី​កូរ៉ូណា​វីរុស នៅតែ​បន្ត​កើតមាន​ដោយ​គ្មាន​ថ្នាំ​ព្យាបាល ពីព្រោះ​ប្រទេស​ចិន ជា​ផ្នែក​មួយ​នៃ​ទីផ្សារ​ដ៏​ធំ​សម្រាប់​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា តែ​ប្រទេស​នេះ​កំពុង​ប្រឈម​នឹង​ជំងឺ​ប្រភេទ​ថ្មី​កូរ៉ូណា​វី​រុសនេះ ហើយ​មួយចំណែក​ទៀត​អាច​បណ្ដាលមកពី​EBA របស់​សហភាព​អឺរ៉ុប ប្រសិនបើ​សហភាព​អឺរ៉ុប សម្រេច​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា លើកលែងតែ​អាវុធ​។ ជា​បន្ត​សូម​ស្តាប់​ការលើកឡើង​របស់លោក អ៊ូ ច័ន្ទ​រ័ត្ន តាមរយៈ​ការសាកសួរ​ពី​ខ្ញុំបាទ​ដូចតទៅ​៖

​សំឡេង​៖

​សូមបញ្ជាក់ថា​ក្នុង​រយៈពេល​២​ទសវត្សរ៍​ចុងក្រោយ​នេះ កម្ពុជា​សម្រេចបាន​កំណើនសេដ្ឋកិច្ច​ក្នុង​រង្វង់​៧.៥% ឬ ៧.១%​នៅក្នុង​មួយឆ្នាំ ហើយ​កាលពី​ឆ្នាំ​២០១៩​កន្លងទៅ កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា គឺ​ស្ថិតនៅក្នុង​រង្វង់​៧%​។ ប៉ុន្តែ​ដោយ​ផ្អែកលើ​ស្ថានភាព និង​ការប្រែប្រួល រួមទាំង​ការ​ប្រឈម​នឹង​ការបាត់បង់ ឬ​មិន​បាត់បង់​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​សហភាព​អឺរ៉ុប​កម្ពុជា​បាន​បន្ត​ទម្លាក់​ការព្យាករណ៍​របស់ខ្លួន​ពី ៦.៥% នៅ​ឆ្នាំ​២០១៩ មក​នៅត្រឹម​រង្វង់ ៦% ឬ ៦.១% ប៉ុណ្ណោះ ក្នុង​ឆ្នាំ​២០២០៕


ព័ត៌មានផ្សេងទៀត