បក្សនយោបាយ២បង្ហាញឆន្ទៈចូលរួមដោះស្រាយបញ្ហាដោយសារវីរុសកូរ៉ូណានិងEBA

12-02-2020 11:40 am 443

សេចក្ដីថ្លែងការណ៍របស់គណបក្សឆន្ទៈខ្មែរ ចុះនៅថ្ងៃទី១១ ខែកុម្ភៈ បានសរសេរថា ទោះបីជាគណៈកម្មការអឺរ៉ុបសម្រេចព្យួរ សម្រេចដក ឬសម្រេចមិនព្យួរ សម្រេចមិនដកទាំងស្រុងនូវប្រព័ន្ធអនុគ្រោះពន្ធ គ្រប់មុខទំនិញលើកលែងតែអាវុធ ហៅកាត់ថាEBA ពីកម្ពុជា នៅថ្ងៃទី១២ ខែកុម្ភៈ ហើយចាប់អនុវត្តនៅចុងឆ្នាំ២០២០ក៏ដោយ ក៏ភាពជួនគ្នានៃការខ្វះប្រភពវត្ថុធាតុដើមពីប្រទេសចិន និងភាពប្រុងប្រយ័ត្ន ពីការរាលដាលនូវជំងឺរលាកសួតបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី ចំពោះអ្នកវិនិយោគចិនទេសចរចិន រួមទាំងបរទេសដទៃផងពិតជាបណ្ដាលឲ្យវិស័យមួយចំនួននៅក្នុងប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរជាពិសេសកម្មករជួបបញ្ហាមួយចំនួនដោយជៀសមិនផុត។

សេចក្ដីថ្លែងការណ៍ដដែល បានសរសេរបញ្ជាក់ទៀត ថា គណបក្សឆន្ទៈខ្មែរ ក្នុងបរិយាកាសដ៏ស្មុគស្មាញនេះ សូមចូលរួមចំពោះភាពមមាញឹករបស់រាជរដ្ឋាភិបាល ក្នុងការទទួលខុសត្រូវ ក្នុងការរិះរក និងប្រើប្រាស់គ្រប់មធ្យោបាយជួយសម្រួលបន្ទុក ផលវិបាកនានាដែលកម្ពុជា និងប្រជាពលរដ្ឋខ្មែរជួបប្រទះ។ ទន្ទឹមនឹងនេះគណបក្សឆន្ទៈខ្មែរ ក៏មានឆន្ទៈសូមឲ្យបណ្ដាប្រទេសនៅសហភាពអឺរ៉ុប និងមជ្ឈដ្ឋានជាតិ-អន្តរជាតិជួយលើកទឹកចិត្ត និងបង្កភាពកក់ក្ដៅដល់ប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ដើម្បីពុះពារឧបសគ្គគ្រប់បែបយ៉ាង ពិសេសសូមជួយឲ្យរួចផុតពីភាពវីកវរ ចលាចលខាងនយោបាយ និងសិទ្ធិមនុស្ស ដើម្បីតែផលប្រយោជន៍របស់ខ្លួន និងបក្សពួក។ ជាមួយគ្នានេគណបក្សឆន្ទៈខ្មែរ ដែលមានលោកគង់ មុនីកាជាប្រធាននោះ មានជំនឿថាប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរអាចតស៊ូឆ្លងកាត់ការលំបាកចំពោះមុខទាំងឡាយ ហើយបន្តស្ថេរភាព និងការអភិវឌ្ឍបន្តទៅទៀត។

រីឯគណបក្សរស្មីខេមរា ក៏បានចេញសេចក្ដីថ្លែងការណ៍ស្រដៀងគ្នា នឹងគណបក្សឆន្ទៈខ្មែរដែរ។ សេចក្ដីថ្លែងការណ៍នេះ បានសរសេរថា គណបក្សរស្មីខេមរា សូមចូលរួមចំពោះភាពមមាញឹករបស់រាជរដ្ឋាភិបាល ក្នុងការទទួលខុសត្រូវ ក្នុងការរិះរក និងប្រើប្រាស់គ្រប់មធ្យោបាយជួយសម្រួលបន្ទុក ផលវិបាកនានាដែលកម្ពុជា និងប្រជាពលរដ្ឋខ្មែរជួបប្រទះ។

ទន្ទឹមនឹងនេះគណបក្សរស្មីខេមរា បានអះអាងថា គណបក្សរបស់ខ្លួន មានឆន្ទៈចូលរួមការពារសន្តិភាព ការពារសន្តិសុខប្រទេស និងសូមឲ្យបណ្ដាប្រទេសក្នុងសហភាពអឺរ៉ុប ព្រមទាំងមជ្ឈដ្ឋានជាតិ-អន្តរជាតិ ជួយលើកទឹកចិត្ត និងបង្កភាពកក់ក្ដៅដល់រាជរដ្ឋាភិបាលកម្ពុជា ប្រជាពលរដ្ឋខ្មែរ ដើម្បីពុះពារឧបសគ្គគ្រប់បែបយ៉ាង ពិសេសសូមកុំជឿលើការនិយាយបោកប្រាស់ របស់អ្នកនយោបាយមួយចំនួន ដែលធ្វើដើម្បីតែផលប្រយោជន៍ខ្លួន និងបក្សពួក។ មិនខុសពីគណបក្សឆនៈខ្មែរដែរ គណបក្សរស្មីខេមរា មានជំនឿថារាជរដ្ឋាភិបាលកម្ពុជា និងប្រជាពលរដ្ឋខ្មែរឆ្លងកាត់ការលំបាក ចំពោះមុខនេះបាន ហើយបន្តគ្រប់គ្រងស្ថេរភាពសេដ្ឋកិច្ច និងការអភិវឌ្ឍរីកចំរើនបន្តទៀត។

សូមជម្រាប ថា លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន ក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ បានលើកឡើងថា ប្រសិនបើនាពេលខាងមុខ មានករណីបិទ រោងចក្រកាត់ដេរមួយចំនួននៅកម្ពុជានោះ សូមពលរដ្ឋកុំយល់ច្រឡំថា បិទដោយសារឥទ្ធិពលនៃការដកប្រព័ន្ធអនុគ្រោះពន្ធEBAឲ្យសោះ។ លោកថា រោងចក្រមួយចំនួនដែលអាចបិទទ្វារនោះ ដោយសារតែខ្វះវត្ថុធាតុដើម ដែលនាំចូលពីប្រទេសចិន គ្រាដែលប្រទេសចិនកំពុងជួបបញ្ហាជំងឺរលាកសួតប្រភេទ បង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី។ ក្នុងឱកាសដដែលនេះលោកនាយករដ្ឋមន្រ្ដីហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពល រដ្ឋ ជាពិសេសកម្មករ-កម្មការិនីសូមកុំមានភាពតក់ស្លុតចំពោះការដក ឬមិនដកប្រព័ន្ធអនុគ្រោះពន្ធEBA ដែលអាចកើតមាននាពេលខាងមុខ ព្រោះរាជរដ្ឋាភិបាលត្រៀមលក្ខណៈដោះស្រាយរួចហើយ៕ 

ព័ត៌មានផ្សេងទៀត