ក្រុមហ៊ុន​ក្នុងស្រុក​ចិន​បន្ត​បញ្ឈប់​បុគ្គលិក តែ​លោក​ស៊ី​ប្តេជ្ញា​ទប់ស្កាត់​ផលប៉ះពាល់​

11-02-2020 5:32 pm 246
លោកស៊ី ជីនពីងអំឡុងពេលចុះត្រូតពិនិត្យទិដ្ឋភាពទូទៅពាក់ព័ន្ធនឹងវីរុសកូរ៉ូណាបង្កជំងឺរលាកសួតប្រភេទថ្មី

​ក្រុមហ៊ុន​នៅ​ក្នុងស្រុក​ចិន​បាន​កាត់បន្ថយ​បុគ្គលិក​បន្តបន្ទាប់ ក្នុង​រយៈពេល​ពីរ​សប្តាហ៍​ចុងក្រោយ​នេះ នៅពេលដែល​វីរុស​កូរ៉ូណា រាតត្បាត​កាន់តែខ្លាំង​ឡើង ដោយបាន​ជះឥទ្ធិពល​ដល់​អាជីវកម្ម​ខ្នាតតូច​និង​មធ្យម​។ ​ក្រុមហ៊ុន​ចុងក្រោយ គឺ​ក្រុមហ៊ុន Xinchao Media នឹង​កាត់បន្ថយ​កម្លាំង​ពលកម្ម ៥០០​នាក់ ដើម្បី​ធានា​ដល់​ការរស់រានមានជីវិត ពី​វីរុស​កូរ៉ូណា បង្ក​ជា​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​។ រោគ​រាតត្បាត បានធ្វើឲ្យ​លំហូរ​សាច់ប្រាក់​ក្រុមហ៊ុន​ធ្លាក់​ចុះ ហើយ​ពួកគេ​ត្រូវ​បង្ខំចិត្ត​កាត់បន្ថយ​ការចំណាយ​។ ប្រាក់​បម្រុង​របស់​ក្រុមហ៊ុន​នេះ​មាន​ចំនួន​១៤៣ លាន​ដុល្លារ ដែល​អាច​ទ្រទ្រង់​ជីវិត​ក្រុមហ៊ុន សម្រាប់​រយៈពេល​តែ ៦​ទៅ​៧ ខែ​ប៉ុណ្ណោះ នៅក្នុង​ចន្លោះពេល​អ​វត្ដ​មាននៃ​ប្រាក់ចំណូល​។​

​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង​និយាយថា រដ្ឋាភិបាល​នឹង​ការពារ​ការបញ្ឈប់​ការងារ​ទ្រង់ទ្រាយ​ធំ ដែល​បណ្តាលមកពី​ការផ្ទុះ​វីរុស ដែល​បានសម្លាប់​មនុស្ស​ជាង ១​ពាន់​នាក់​នៅ​ចិន​ដីគោក និង​ឆ្លង​ជាង ៤ ម៉ឺន​នាក់​។ អាជ្ញាធរ​និយាយ​នៅ​ថ្ងៃ​អង្គារ​ថា ពួកគេ​នឹង​ដាក់ចេញ​វិធានការ ដើម្បី​រក្សា​ស្ថេរភាព​ការងារ​។ ប៉ុន្តែ​ពុំទាន់​មាន​ការបញ្ជាក់​លម្អិត​ពី​វិធានការ​ទាំងនោះ​នៅឡើយ​ទេ​។​

​ក្រុមហ៊ុន​ជាច្រើន​កំពុងតែ​រង​នូវ​ការរំខាន​យ៉ាងខ្លាំង ចាប់តាំងពី​ចុងខែ​មករា​មក បន្ទាប់ពី​រដ្ឋាភិបាល​ក្នុង​តំបន់ ពន្យា​ពេល​វិស្សមកាល​តាំងពី​ការ​ឈប់សម្រាក​បុណ្យចូលឆ្នាំថ្មី និង​បាន​ជំរុញ​ឲ្យ​ប្រជាជន​ស្នាក់នៅ​តែ​ក្នុងផ្ទះ ដើម្បី​ចៀសវាង​ការចម្លង​និង​ឆ្លង​វីរុស​កូរ៉ូណា។ ភោជណីយដ្ឋាន​Xibei ដែលមាន​សាខា​ជាង ៣៦០ កន្លែង ថា​ខ្លួន​ព្រួយបារម្ភ​អំពី​ប្រាក់​ឈ្នួល​សម្រាប់​កម្មករ​ប្រមាណ ២​ម៉ឺន​នាក់ ដោយសារតែ​ការ​រាលដាល​នៃ​វីរុស​កូរ៉ូណា បាន​ជះឥទ្ធិពល​ដល់​ប្រាក់ចំណូល​របស់ខ្លួន​។ ជាមួយគ្នា​នោះ ការិយាល័យ​ត្រួតពិនិត្យ​ទីផ្សារ​ក្រុង​ប៉េកាំង​ថា នៅ​ទីក្រុង​ប៉េកាំង​មានតែ​ភោជនីយដ្ឋាន​ចំនួន ១១,៥០០ ប៉ុណ្ណោះ ដែល​ត្រូវបាន​ដំណើរការ កាលពី​ពាក់កណ្តាល​សប្តាហ៍​មុន ឬ​ស្មើ​១៣​ភាគរយ នៃ​ចំនួន​សរុប​។​

​លោក​Nie Wen អ្នកវិភាគ​មកពី​ក្រុមហ៊ុន​ហិរញ្ញវត្ថុ Hwabao Trust​បាន​ថ្លែងថា  “ វា​អាចទៅរួច​ដែលថា​មេរោគ​ឆ្លង​នេះ អាច​បណ្តាលឲ្យ​បាត់​បង់ការងារ​ចន្លោះ​ពី ២ ទៅ ៣ លាន​នាក់​នៅក្នុង​ត្រីមាស​ទី ១” ។ លោក​បាន​បន្ថែមថា ខណៈ​ការបាត់បង់​ការងារ ទំនងជា​កើតឡើង​បណ្តោះអាសន្ន អាជ្ញាធរ​ចាំបាច់​ត្រូវ​បង្កើន​ការគាំទ្រ​ដល់​ក្រុមហ៊ុន​តូចៗ ព្រោះ​ភាគច្រើន​នៃ​ក្រុមហ៊ុន​ទាំងនោះ ជំពាក់​បំណុល​គេ​ច្រើន​។​

​ក្រៅពី​ក្រុមហ៊ុន​នៅក្នុង​ស្រុក​ចិន មាន​ក្រុមហ៊ុន​បរទេស​ធំៗ​ដែល​បណ្តាក់ទុន​រកស៊ី​នៅក្នុង​ប្រទេស​ចិន​ជាច្រើន​ត្រូវបាន​បិទទ្វារ មាន​ជាអាទិ៍​ក្រុមហ៊ុន Apple ត្រូវបាន​បិទ​ទាំងស្រុង​នៅ​ប្រទេស​ចិន រីឯ​រោងចក្រ​ដំឡើង iPhone ធំជាងគេ Foxconn ឯណោះ​វិញ នៅតែ​បន្ត​បិទទ្វារ​ផលិតកម្ម iPhone នៅ​ទីក្រុង​ចឹង​ចូ​វ ខេត្ត​ហឺ​ណាន ស្របពេល​ដែល​ក្រុមហ៊ុន​ផលិត​រថយន្ដ​ដូចជា Nissan Ford Toyota និង Honda​ជាដើម សុទ្ធតែ​ប្រកាស​បិទ​រោងចក្រ​របស់ខ្លួន​ជា​បណ្ដោះអាសន្ន​។ 

​ក្រៅពី​ក្រុមហ៊ុន​ទាំងនេះ នៅមាន​រោងចក្រ​ជាច្រើន ដែល​ផលិត​វត្ថុធាតុដើម លើ​ផលិតផល​វាយ​ន​ភណ្ឌ និង​កៅស៊ូ​-​ប្លា​ស្ទិក ព្រមទាំង​ផលិតផល​មិនទាន់​សម្រេច ខាង​ផ្នែក​គ្រឿង​បច្ចេកវិទ្យា គ្រឿងបន្លាស់​រថយន្ត ក្នុងប្រទេស​ចិន សុទ្ធតែ​ត្រូវបាន​បិទទ្វារ​។ ដោយឡែក​ប្រទេស​ធំៗ​មួយចំនួន​ដែល​តែង​ទិញ​នូវ​គ្រឿង​បរិក្ខា វត្ថុធាតុដើម​ពី​រោងចក្រ​ចិន​ជាច្រើន​សម្រាប់​យកមក​ផ្គុំ​ដូចជា​ប្រទេស​តៃវ៉ាន់ ប្រទេស​កូរ៉េខាងត្បូង ប្រទេស​គុយ​ប៉ា ប្រទេស​ឥណ្ឌូនេស៊ី រឺ​ហុងគ្រី សុទ្ធតែ​រង​នូវ​ការប៉ះពាល់​សេដ្ឋកិច្ច បន្ទាប់ពី​មាន​ការរាំងស្ទះ​សង្វាក់​ផលិតកម្ម ដោយ​ពុំ​ទទួល​នូវ​គ្រឿង​បរិក្ខា វត្ថុធាតុដើម សម្រាប់​ផលិត​៕ 

ព័ត៌មានផ្សេងទៀត