កូន​ខ្មែរ​បង្កើត​រថយន្ត​បញ្ជា​ខ្នាត​តូច​សម្រាប់​ពន្លត់​អគ្គីភ័យ​នៅ​ថ្ងៃ​អនាគត​

11-02-2020 5:19 pm 120

​ដើម្បី​ជួយ​សម្រួល​ក្នុងការ​ពន្លត់អគ្គីភ័យ នៅ​កន្លែង​តូចចង្អៀត ពេល​ដែល​រថយន្ត​ពន្លត់​អគ្គីភ័យ​ធម្មតា ពិបាក​ចូល​ទៅ​ដល់​នោះ យុវជន​មួយ​ក្រុម​នៅ​សាលា​Automation Cambodia (​អូ​តូ មេ​ត​សិន ខេ​ម​បូឌា​) បាន​បង្កើត​រថយន្ត​បញ្ជា​ខ្នាតតូច សម្រាប់​ពន្លត់​អគ្គីភ័យ នៅ​ថ្ងៃ​អនាគត​។ អ្វី​ជា​រថយន្ត​ខ្នាត​តូច សម្រាប់​ពន្លត់​អគ្គីភ័យ​? សូម​ស្តាប់​សៅ វិសាល នៅក្នុង​នាទី​បច្ចេកវិទ្យា​ដូចតទៅ​៖

​នេះ​ជា​រថយន្ត​បញ្ជា​ខ្នាតតូច សម្រាប់​ប្រើ​ជា​ជំនួយ​ក្នុងការ​ពន្លត់អគ្គីភ័យ នៅ​ថ្ងៃ​អនាគត​។ រថយន្ត​សម្រាប់​ពន្លត់​អគ្គីភ័យ ខ្នាត​តូច​នេះ នឹង​ជួយ​សម្រួល​ក្នុងការ​ពន្លត់​គ្រោះ​អគ្គីភ័យ ដែល​ឆាបឆេះ​នៅ​ទីតាំង​ណា ដែល​រថយន្ត​ពន្លត់​អគ្គីភ័យ​ធម្មតា ពិបាក​ចូល ទៅ​ពន្លត់ ដោយ​យើង​អាច​បញ្ជា​ពី​ចម្ងាយ​ឲ្យ​រថយន្ត​នេះ ចូល​ទៅ​ពន្លត់​បាន​។​

​លោក​គង់ ធារ៉ា សមាជិក​សាលា​Automation Cambodia និង​ជា​អ្នកបង្កើត​រថយន្ត​បញ្ជា​ខ្នាត​តូច​សម្រាប់​ពន្លត់​នេះ បានឲ្យដឹងថា ការបង្កើត​នេះ ផ្តើមចេញ​ពី​ការផ្តល់​គំនិត​ពី​សិស្ស​វិទ្យាល័យ​មួយក្រុម នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ដើម្បី​បម្រើ​ផលប្រយោជន៍​សម្រាប់​ការ​ពន្លត់​អគ្គីភ័យ​នៅ​ថ្ងៃ​អនាគត​។ 

​រយៈពេល​ជាង​៤​ខែ​មកនេះ ដែល​ជា​ពេលវេលា ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង លោក​គង់ ធារ៉ា បាន​រចនា​បង្កើត​រថ​យន្ត​នេះ​ឡើង ដោយ​អាច​បញ្ជា​ឲ្យទៅ​មុខ ក្នុង​ល្បឿន​២០Km/h និង​អាច​ទ្រ​ទម្ងន់​បាន​៥០​គីឡូក្រាម​។ 

​លោក​គង់ ធារ៉ា បន្ថែមថា ក្នុង​ដំណាក់កាល​ដំបូង​នេះ លោក​កំពុង​រៀបចំ​ភ្ជាប់​ប្រព័ន្ធ​បច្ចេវិទ្យា ធ្វើយ៉ាងណា ដើម្បី​ផ្តល់​ភាពងាយស្រួល ទៅលើ​ការបញ្ជា​រថយន្ត​ពន្លត់​អគ្គីភ័យ​ខ្នាត​តូច​នេះ​។​

​បញ្ហា​ទីតាំង ផ្លូវ​តូច​ចង្អៀត ពេល​កើតមាន​គ្រោះ​អគ្គីភ័យ គឺជា​បញ្ហា​ប្រឈម​មួយ សម្រាប់​ក្រុម​មន្ត្រី​ពន្លត់អគ្គីភ័យ ដែល​ពិបាក​ក្នុង​ការជួយ​ពន្លត់ បង្ក​ឲ្យមាន​ការខូចខា​ត​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ធ្ងន់ធ្ងរ​។ សង្ឃឹមថា រថយន្ត​បញ្ជា​ខ្នាត​តូច សម្រាប់​ពន្លត់​អគ្គីភ័យ​នេះ នឹង​ផ្តល់​ទំនុកចិត្ត​ពី​ក្រុមមន្ត្រី​ពន្លត់ ក៏ដូចជា​ប្រជាពលរដ្ឋ ដែល​ចង់ឲ្យ​មាន​ការអន្តរាគម​ន៍​ទាន់​ពេលវេលា​ផង​ដែរ​៕ 

ព័ត៌មានផ្សេងទៀត