កូរ៉ូណា​អាច​ឆ្លង​​តាមបីរ​បៀប ចិន​ថាគ្រប់គ្រង​បាន ឯ​អ្នកវិទ្យាសាស្ដ្រ​​កំពុង​ស្រាវជ្រាវ​​វ៉ាក់សាំង​

11-02-2020 4:01 pm 6162

​កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​អាជ្ញាធរ​ក្រុង​សៀង​ហៃ​បានប្រកាសថា វីរុស​កូរ៉ូណា​អាច​ឆ្លងរាលដា​លតាម​រយៈ​ការបំបែកខ្លួន​នៅក្នុង​ខ្យល់ មានន័យថា​វា​អាច​រសាត់​តាម​អាកាស​បានយូរ ហើយ​អាច​ឆ្លង​ប្រសិនបើ​ស្រូប​ដង្ហើមចូល​។ តាម​ការបញ្ជាក់​ពី​ក្រុមគ្រូពេទ្យ​ជំនាញ​កន្លងមក វីរុស​កូរ៉ូណា​អាច​ឆ្លង​បាន​នៅពេល​អ្នក​ផ្ទុក​វីរុស​នេះ​ក្អក​ឬ​កណ្ដាស់​ដាក់​អ្នក​នៅក្បែរ​ខ្លួន​។ ប៉ុន្ដែ​តាម​ការអះអាង​ថ្មី​វីរុស​កូរ៉ូណា​អាចបំបែក​ខ្លួន​ជា​បំណែក​តូចៗ​នៅក្នុង​ខ្យល់ និង​អាច​ស្ថិតនៅក្នុង​ខ្យល់​បាន​រយៈពេល​យូរ​ទៀត ដូច្នេះ​នៅពេល​មនុស្ស​ស្រូប​ដង្ហើមចូល​ពី​បរិយាកាស​ដែលមាន​ផ្ទុក​វីរុស​នេះ​នឹង​ឆ្លង​។ នេះ​បើតាម​ការបញ្ជាក់​ពី​អនុប្រធាន​ការិយាល័យ​កិច្ចការ​ស៊ីវិល​សៀង​ហៃ​លោក​Zeng Qun ដោយ​សម្អាង​លើ​ការបកស្រាយ​របស់​អ្នកជំនាញ​វេជ្ជសាស្ដ្រ​។​

​លោក​បន្ថែមថា ក្រោយ​រកឃើញ​ដូច្នេះ​អាជ្ញាធរ​បាន​ប្រកាសជូន​ដំណឹង​ឲ្យ​សាធារណជន​បាន​យល់ដឹង​ពី​ការការពារ​ខ្លួន​និង​គ្រប់គ្រង​ជំងឺ​នេះ​។ រដ្ឋាភិបាល​ចិន​ក៏​កំពុង​ជំរុញ​ឲ្យ​ប្រជាជន​លុបចោល​រាល់​សកម្មភាព​សង្គម និង​ចៀសវាង​ការប្រមូលផ្ដុំ​ដែលមាន​មនុស្ស​ច្រើន​។ ការរកឃើញ​ថា​វីរុស​កូរ៉ូណា​អាច​រសាត់​នៅក្នុង​ខ្យល់​បាន មានន័យថា​វីរុស​នេះ​បច្ចុប្បន្ន​អាច​ឆ្លង​បាន​បី​របៀប​។ 

​ទីមួយ​ឆ្លង​នៅពេល​អ្នកជំងឺ​ផ្ទុក​វីរុស​កូរ៉ូណា​ក្អកឬ​កណ្ដាស់ ហើយ​អ្នក​នៅក្បែរ​ដក​ដង្ហើមចូល ។ ទី​ពីរ​ឆ្លង​នៅពេល​មនុស្ស​ម្នាក់​ប៉ះពាល់​នៅ​កន្លែង​ដែល​កខ្វក់​ឬ​មាន​មេរោគ ហើយ​យកដៃ​មក​ប៉ះពាល់​នឹង​មាត់ ភ្នែក ឬ​ច្រមុះ​ខ្លួនឯង​។ ទី​បី​ឆ្លង​តាមរយៈ​វីរុស​ដែល​រសាត់​នៅក្នុង​ខ្យល់​អាកាស ដូច​បាន​រៀបរាប់​ខាងដើម​នេះឯង ព្រោះ​វា​អាច​បំបែក​ខ្លួន​នៅក្នុង​បរិយាកាស​ហើយ​ស្ថិតនៅ​បានយូរ​ទៀត​។​

​វីរុស​កូរ៉ូ​ណាបាន​ផ្ទុះឡើង​ដំបូង​បំផុត​នៅក្នុង​ទីក្រុង​វូ​ហាន​ខេត្ដ​ហ៊ូ​ប៉ី​ប្រទេស​ចិន​កាលពី​ចុងខែ​ធ្នូ​ឆ្នាំមុន គឺ​ជឿជាក់ថា​មាន​ប្រភព​មក​ផ្សារ​លក់​សាច់​សត្វព្រៃ​។ វីរុស​កូរ៉ូណា​បណ្ដាលឲ្យ​អ្នកជំងឺ​គ្រុន​ក្ដៅ ក្អក និង​ពិបាក​ដកដង្ហើម ហើយ​ករណី​ដែល​ធ្ងន់ធ្ងរ​វា​អាច​បណ្ដាល​ជាការ​រលាក​សួត​និង​ប៉ះពាល់​ដល់​សរីរាង្គ​ផ្សេងទៀត​។ គិត​ត្រឹម​ថ្ងៃទី​១០​កុម្ភៈ​វីរុស​កូរ៉ូណា​បានសម្លាប់​មនុស្សជាង​១​ពាន់​នាក់​និង​ឆ្លង​សរុប​ជាង​៤៣,០០០​នាក់​ទូទាំង​ពិភពលោក​។ 

​នៅពេល​សួរថា​តើ​វីរុស​ថ្មី​កូរ៉ូ​ណាមាន​គ្រោះថ្នាក់​ខ្លាំង​កម្រិ​ត​ណា​? បច្ចុប្បន្ន​នៅ​ពុំទាន់​មាន​នរណាម្នាក់​អាច​បញ្ជាក់​ច្បាស់លាស់​ឡើយ​។ វា​ត្រូវការ​ព័ត៌មាន​អំពី​ថា​តើ​ជំងឺ​នេះ​ធ្ងន់ធ្ងរ​ប៉ុនណា និង​ថា​តើ​វា​អាច​រាលដាល​យ៉ាងដូចម្ដេច​? ដើម្បី​អាច​កំណត់​បាន​ថា​វា​អាក្រក់​កម្រិតណា​។ អ្នកជំនាញ​ផ្នែក​មេ​រោគរាតត្បាត​ច្រើនតែ​ប្រើ​វិធានការ​មួយ​ដើម្បី​វាយតម្លៃ​ជំងឺ​គ្រុនក្ដៅ​ថ្មី​នេះ ហើយ​ណែនាំ​ក្នុង​ការសម្រេចចិត្ដ​។ នោះ​គឺ​ប្រសិនបើ​ជំងឺ​មិន​ធ្ងន់ធ្ងរ​(​សម្លាប់​តែ​មនុស្ស​មួយ​ភាគ​តូច​)​ប៉ុន្ដែ​អាច​ចម្លង​បាន​កម្រិត​ខ្ពស់ វា​នៅតែ​អាចមាន​ផលប៉ះពាល់​ដ៏​សាហាវ​។ បើ​វា​ជះឥទ្ធិពល​ដល់​មនុស្ស​រាប់លាននាក់ នោះ​ភាគរយ​ស្លាប់​ដ៏​តិចតួច​នៃ​ជំងឺ​នេះ​នឹង​នៅតែ​អាច​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ច្រើន​។​

​ក្រុម​អ្នកស្រាវជ្រាវ​នៅតែ​ព្យាយាម​ស្វែងយល់​ពី​រោគសញ្ញា​នៃ​ជំងឺ​បង្កដោយ​វីរុស​កូរ៉ូណា ដែលមាន​ចាប់ពី​កម្រិត​ស្រាល​ដូចជា​អ្នកមាន​ជំងឺ​ផ្ដាសាយ​ធម្មតា​រហូតដល់​កម្រិត​ធ្ងន់ធ្ងរ​។ ប្រហែល​២០​ភាគរយ​ប៉ុណ្ណោះ​នៃ​ករណី​ដែល​បាន​កើតឡើង​ទាំងអស់ ត្រូវបាន​បញ្ជាក់ថា​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ នេះ​បើ​យោងតាម​អង្គការ​សុខភាព​ពិភពលោក​(WHO)​។ ដ្បិត​មាន​ចំនួន​២០​ភាគរយ​ត្រូវ​បានដឹង ប៉ុន្ដែ​នៅមាន​ករណី​ស្រាល​ជាច្រើន​ទៀត​នៃ​ជំងឺ​នេះ​មិនត្រូវ​បានបញ្ជាក់ ដូច្នេះ​អាច​នឹង​បង្រួម​ភាគរយ​នៃ​ករណី​ដែល​ធ្ងន់ធ្ងរ​បាន​។​

​រហូត​មកទល់ពេលនេះ​អត្រា​ស្លាប់​បង្កឡើង​ដោយ​វីរុស​កូរ៉ូណា​គឺមាន​ប្រហែល​៣​ភាគរយ​ប៉ុណ្ណោះ ទោះបី​វា​អាច​ផ្លាស់ប្ដូរ​នៅពេល​រីក​រាលដាល​ក៏ដោយ​។ ដោយឡែក​អត្រា​ស្លាប់​ដោយសារ​ជំងឺ​SARS​ដែល​ផ្ទុះឡើង​ក្នុង​ចន្លោះ​ឆ្នាំ​២០០២-២០០៣​វិញ មាន​ចន្លោះ​ពី​១៤​ទៅ​១៥​ភាគរយ​។ ទោះ​កូរ៉ូណា​ត្រូវ​ចាត់ទុកថា​ស្ថិតក្នុង​សែស្រឡាយ​នៃ​ជំងឺ​SARS តែ​វា​មិនមែនជា​ជំងឺ​SARS​នោះទេ​។ ៨០​ភាគរយ​នៃ​អ្នកស្លាប់​គឺមាន​អាយុ​ចន្លោះ​ពី​៦០​ឆ្នាំ​ឡើងទៅ ហើយ​៧៥​ភាគរយ​នៃ​ពួកគេ​សុទ្ធតែ​មាន​លក្ខខណ្ឌ​សុខភាព​មិនល្អ ពោលគឺ​មាន​ជំងឺ​ប្រចាំកាយ​ស្រាប់​។ នេះ​បើតាម​ការបញ្ជាក់​ពី​គណៈកម្មាធិការ​សុខាភិបាល​ចិន​។ អ្នកជំងឺ​រលាក​សួត​ថ្មី​បង្កដោយ​វីរុស​កូរ៉ូ​ណានេះ​មានជាង​៩៧​ភាគរយ​នៅ​ខេត្ដ​ហ៊ូ​ប៉ី ហើយ​អត្រា​មរណៈ​នៅក្រៅ​ខេត្ដ​ហ៊ូ​ប៉ី​គឺ​០.១៦​ភាគរយ​។ ជារួម​មិនមែន​អ្នក​ផ្ទុក​វីរុស​នេះហើយ​ត្រូវតែ​ស្លាប់​នោះទេ តួយ៉ាង​គិត​ត្រឹម​ពេលនេះ​មាន​មនុស្ស​ជាង​៣​ពាន់​នាក់​បាន​ជាសះស្បើយ​។​

​និយាយ​ពី​អង្គការ​សុខភាព​ពិភពលោក​(WHO) ការព្រួយបារម្ភ​ជា​សាធារណៈ​បាន​ជំរុញ​ឲ្យ​ស្ថាប័ន​សុខភាព​ពិភពលោក​មួយ​នេះ សម្រេច​ប្រកាសអាសន្ន​ពី​ហា​នី​ភ័យ​សុខភាព ប៉ុន្ដែ​មិនមែន​បាត់បង់​ទំនុកចិត្ដឬ​ត្រូវកាត់​ផ្ដាច់ទំនាក់ទំន​ង​ជាមួយចិន​ឡើយ​។ កន្លងមក​អង្គការ​សុខភាព​ពិភពលោក​ក៏​ធ្លាប់បាន​ប្រកាសអាសន្ន​ពី​បញ្ហា​សុខភាព​ជា​សកល​ចំនួន​៥​លើក​រួចមកហើយ​។ ទីមួយ​ទាក់ទង​នឹង​ជំងឺ​ផ្ដាសាយ​ជ្រូក​H1N1​ក្នុង​ឆ្នាំ​២០០៩ ជំងឺ​ស្វិតដៃជើង​ក្នុង​ឆ្នាំ​២០១៤ ជំងឺ​ហ្ស៊ី​កា​ក្នុង​ឆ្នាំ​២០១៦ និង​ជំងឺអេបូ​ឡា​ក្នុង​ឆ្នាំ​២០១៤​និង​ឆ្នាំ​២០១៩​។​

​ចំពោះ​ប្រទេស​ចិន​ដែល​កំពុង​ប្រឈម​ខ្លាំង​ជា​គេ​នឹង​វីរុស​កូរ៉ូណា បាន​ជំរុញ​ឲ្យ​ប្រទេស​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ពិនិត្យមើល​ពី​វីរុស​នេះ​ក្នុង​ទម្រង់​ដែល​សម​ហេតុផល និង​ត្រូវមាន​ការអត់ធ្មត់​ហើយ​ឆ្លើយតប​ផ្អែកលើ​វិធានការ​វិទ្យាសាស្ដ្រ​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​អ្នកស្រី​ហ័រ ឈុន​យី​ង​បាន​និយាយ​ក្នុង​សន្និសីទកាសែត​ថា ការភ័យខ្លាច​ហួសហេតុ​រហូត​ចាត់វិធានការ​ដែល​មិន​សម​ហេតុផល ពិតជា​បង្ក​ផលប៉ះពាល់​កាន់តែខ្លាំង​។ 

​អ្នកស្រី​ក៏​បន្ទោស​ចំៗ​ឈ្មោះ​អាមេរិក​ដែល​ប្រកាស​ដាក់​ការធ្វើដំណើរ​ទៅ​ប្រទេស​ចិន​ស្ថិតក្នុង​កម្រិត​ពិចារណា​ខ្ពស់បំផុត ហើយ​បាន​បិទ​បណ្ដោះអាសន្ន​រាល់​អ្នកដំណើរ​ទាំងអស់​ដែល​បាន​ទៅ​ប្រទេស​ចិន​ក្នុង​រយៈពេល​១៤​ថ្ងៃ​ចុងក្រោយ​។ អ្នកស្រីហ័​រ​សង្កត់ធ្ងន់​ថា ប្រធាន​អង្គការ​សុខភាព​ពិភពលោក​បានបញ្ជាក់​យ៉ាងច្បាស់ ការប្រកាសអាសន្ន​ផ្នែក​សុខភាព​ជា​សាធារណៈ​ស្ដីពី​វីរុស​កូរ៉ូ​ណានេះ មិនមែន​បង្ហាញថា​ត្រូវ​បាត់បង់​ជំ​ទុកចិត្ដ​លើ​ប្រទេស​ចិន​ឡើយ​។ ផ្ទុយទៅវិញ​អង្គការ​សុខភាព​ពិភពលោក​(WHO)​នៅតែ​បន្ដ​ជឿជាក់​លើ​សមត្ថភាព​ចិន ក្នុង​ការគ្រប់គ្រង​ការផ្ទុះ​រាលដាល​។ 

​ជាមួយនឹង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​សុខភាព​ប្រជាជន រដ្ឋាភិបាល​ចិន​បាន​ត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់​និង​តឹងរ៉ឹង​បំផុត បន្ទាប់ពី​មាន​ការរីក​រាលដាល​នៃ​វីរុស​កូរ៉ូណា លើសពី​អ្វីដែល​បទបញ្ជា​សុខភាព​ពិភពលោក​ទាមទារ​ទៅទៀត​។ ហេតុនេះ​គ្មាន​ហេតុផល​ណា​ត្រូវ​ចាត់វិធានការ​មិនចាំបាច់​ដាក់​កម្រិត​លើ​ការធ្វើដំណើរ និង​ដាក់​កម្រិត​លើ​ការធ្វើ​ពាណិជ្ជកម្ម​ជា​អន្ដរជាតិ​ទេ​។​

​ដោយ​កត់សម្គាល់ឃើញ​ថា​ប្រទេស​ជាច្រើន​ពេញចិត្ដ និង​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ចិន​ក្នុង​ការប្រយុទ្ធប្រឆាំង​វីរុស​កូរ៉ូណា អ្នកស្រីហ័​រ​និយាយថា​ចិន​យល់និង​គោរព​ពួកគេ​ជានិច្ច នៅពេល​ប្រទេស​ទាំងនោះ​អនុម័ត​ឬ​ពង្រឹង​វិធានការ​នៅតាម​ព្រំដែន​ធានា​ដល់​សុខ​សុវត្ថិភាព​។ ប៉ុន្ដែ​ស្របពេល​ជាមួយគ្នា​ប្រទេស​មួយចំនួន​ជាពិសេស​សហរដ្ឋអាមេរិក គួរ​បញ្ឈប់​ប្រតិកម្ម​ហួសហេតុ​ផ្ទុយ​នឹង​ដំបូន្មាន​របស់​អង្គការ​សុខភាព​ពិភពលោក​។ ទង្វើ​អាមេរិក​ដូច្នេះ​បានត្រឹមតែ​ជួយ​បង្កើត​និង​ពង្រីក​ភាពភ័យខ្លាច​ប៉ុណ្ណោះ ហើយ​វា​ជា​ឧទាហរណ៍​ដ៏​អាក្រក់​មួយ​សម្រាប់​ប្រទេស​ផ្សេង​។ 

​សរុបមក​អ្នកស្រី​ហ័រ ឈុន​យី​ង​សង្ឃឹម​ប្រទេស​ពាក់ព័ន្ធ​នឹង​វិនិច្ឆ័យ​ក៏ដូចជា​ឆ្លើយតប​ដោយ​សម​ហេតុផល ត្រូវ​រក្សា​ស្ថានភាព​ស្ងប់ស្ងាត់​ផ្អែកលើ​ការពិត​ជាក់ស្ដែង​។ ប្រទេស​ចិន​នឹង​បង្កើន​កិច្ចសហប្រតិបត្ដិការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក និង​សហគមន៍​អន្ដរជាតិ​ក្នុង​លក្ខណៈ​បើកចំហ​ប្រកបដោយ​តម្លាភាព​និង​ការទទួលខុសត្រូវ​ខ្ពស់​។ ចិន​មាន​ទំនុកចិត្ដ​និងមាន​សមត្ថភាព ដើម្បី​យកឈ្នះ​ការប្រយុទ្ធប្រឆាំង​វីរុស​នេះ​ឲ្យបាន​ឆាប់​បំផុត​។​

​ចំណែក​អ្នកវិទ្យាសាស្ត្រ​មកពី​សហរដ្ឋអាមេរិក​និង​អូស្ត្រាលី កំពុង​ប្រើ​បច្ចេកវិទ្យា​ថ្មី​ដើម្បី​បង្កើត​វ៉ាក់សាំង​ឲ្យទាន់​ពេលវេលា ដើម្បី​ដោះស្រាយ​ការផ្ទុះ​ឡើង​នៃ​វីរុស​កូរ៉ូ​ណានៅប្រទេ​សចិន​។ ក្រុមហ៊ុន Moderna Therapeutics កំពុងធ្វើការ​ក្នុង​កិច្ចសហការ​ជាមួយ​វិទ្យាស្ថាន​សុខភាព​ជាតិ​អា​មរិក ខណៈ​ក្រុមហ៊ុន Inovio Pharmaceuticals និង​សាកលវិទ្យាល័យ​ឃ្វីន​លែន​ក្នុងប្រទេស​អូស្ត្រាលី កំពុង​ស្វែងរក​វិធី​ផ្សេង​។ ការស្រាវជ្រាវ​វ៉ាក់សាំង​ណាមួយ​ត្រូវ​ចំណាយពេល​យូរ ហើយ​ត្រូវ​ឆ្លងកាត់​ការធ្វើ​តេស្ត​ប្រើ​រយៈពេល​វែង លើ​សត្វ ការពិសោធន៍​លើ​មនុស្ស ដើម្បី​ប្រាកដថា​មាន​ប្រសិទ្ធភាព​និង​សុវត្ថិភាព ទើប​សម្រេច​ដាក់ឲ្យ​ប្រើប្រាស់​។ 

​មិនមែន​មាន​អ្នកវិទ្យាសាស្ត្រ​តែ​មួយក្រុម​ឬ​ពីរ​ក្រុម​នោះទេ ដែល​កំពុង​សិក្សា​ស្រាវជ្រាវ​រក​វ៉ាក់សាំង ពោល​នៅមាន​អ្នកជំនាញ​ជាច្រើន​ក្រុម​ទៀត​។ ក្រោម​ការគាំទ្រ​ពី​សម្ព័ន្ធ​អន្តរជាតិ​ដែលមាន​គោលបំណង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ដែល​កំពុង​លេចឡើង អ្នកជំនាញ​ទាំងនោះ​កំពុង​សស្រាក់សស្រាំ​បង្កើត​វ៉ាក់សាំង​ឲ្យបាន​ឆាប់រហ័ស​។ អ្នកវិទ្យាសាស្ត្រ​បារាំង​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កំពុងធ្វើកា​រងារ​សិក្សា​ពិសោធន៍ ប៉ុន្តែ​មិន​សង្ឃឹមថានឹង​ចប់​រួចរាល់​ក្នុង​រយៈពេល​២០​ខែ​នោះទេ ខណៈ​មជ្ឈមណ្ឌល​ចិន​សម្រាប់​ការគ្រប់គ្រង​និង​បង្ការ​ជំងឺ ក៏បាន​ចាប់ផ្តើម​បង្កើត​វ៉ាក់សាំង​ផងដែរ​។​

​អ្នកវិទ្យាសាស្ត្រ​មួយរូប មកពី​សាកលវិទ្យាល័យ​អូស្ត្រាលី​នៃ​រដ្ឋ​ឃ្វីន​លែ​ន មាន​សុទ្ធិដ្ឋិនិយម​ថា យ៉ាងហោចណាស់​ក៏មាន​ក្រុម​អ្នកវិទ្យាសាស្ត្រ​មួយក្រុម ក្នុងចំណោម​ក្រុម​ស្រាវជ្រាវ​ផ្សេងទៀត​នៅក្នុង​ពិភពលោក នឹង​ទទួលបាន​ជោគជ័យ ស្រាវជ្រាវ​បង្កើត​វ៉ាក់សាំង​ប្រយុទ្ធប្រឆាំង​វីរុស​កូរ៉ូ​ណានេះ​។ កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនេះ ទទួលបាន​ការគាំទ្រ​ពី​មូលនិធិ​ពី​សម្ព័ន្ធ​សម្រាប់​ការ​ត្រៀមលក្ខណៈ​បង្ការ​មេ​រោគរាតត្បាត​(CEPI) ដែលជា​ស្ថាប័ន​អន្តរជាតិ​បង្កើតឡើង​ក្នុង​ឆ្នាំ​២០១៧ ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដល់​ការស្រាវជ្រាវ​។ ដោយមាន​បេសកកម្ម​ជំរុញ​ការអភិវឌ្ឍ​វ៉ាក់សាំង​នេះ មូលនិធិ​ពី​សម្ព័ន្ធ​សម្រាប់​ការ​ត្រៀមលក្ខណៈ​បង្ការ​មេ​រោគរាតត្បាត បាននិងកំពុង​ចំណាយ​ប្រាក់​រាប់លាន​ដុល្លារ​ទៅក្នុង​គម្រោង​ចំនួន ៤ នៅ​ជុំវិញ​ពិភពលោក​។ 

​គម្រោង​សង្ឃឹមថានឹង​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី ដើម្បី​បង្កើត​វ៉ាក់សាំង​ដែល​អាច​យកមក​ធ្វើតេស្ត​បាន​នាពេល​ឆាប់ៗ​ខាងមុខ​។ កន្លងមក​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Moderna Therapeutics ដែលជា​អង្គភាព​មួយ​ក្នុងចំណោម​អង្គភាព​ជាច្រើន ចូលរួម​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ជា​អន្តរជាតិ​ដើម្បី​បង្កើត​វ៉ាក់សាំង ធ្លាប់បាន​ព្រមាន​ថា​ពុំមាន​ក្រុមហ៊ុន​ណាមួយ អាចមាន​វ៉ាក់សាំង​ត្រៀម​រួចរាល់​សម្រាប់​ប្រើប្រាស់​បាន​មុន​ពាក់កណ្តាល​ឆ្នាំ​២០២០​នោះឡើយ​៕

ព័ត៌មានផ្សេងទៀត