លោក​ឌុយ​ទែតេ ស​ម្រេច​លុបចោល​កិច្ចព្រមព្រៀង​យោធា​មួយ​ជាមួយ​អាមេរិក​

11-02-2020 2:59 pm 273
  ស្តាប់
លោក​រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែ​តេ​ប្រធានាធិបតី​ហ្វីលីពីន​
ស្តាប់ជាសំឡេង

​ប្រធានាធិបតី​ហ្វីលីពីន​លោក​រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែ​តេ​បានប្រាប់​រដ្ឋមន្ត្រីក្រសួ​ង​ការបរទេស ឲ្យ​ជូនដំណឹង​ជា​ផ្លូវការ​ទៅកាន់​អាមេរិក អំពី ការសម្រេចចិត្ត​របស់​លោក នៅក្នុង​ការលុបចោល​កិច្ចព្រមព្រៀង ទស្សនកិច្ច​កងកម្លាំង​យោធា ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា VFA ជាមួយ​អាមេរិក ដែលជា​សម្ព័ន្ធមិត្ត​ការពារជាតិ​ដ៏​ធំ​របស់​ហ្វីលីពីន​។ លោក​ឌុយ​ទែ​តេ បាន​សម្រេចចិត្ត​បែបនេះ បន្ទាប់ពី ទិដ្ឋាការ​សម្រាប់​ធ្វើដំណើ​រ​ទៅ​សហរដ្ឋអាមេរិក របស់​អតីត​ដៃគូ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ដ៏​សកម្ម​របស់លោក ត្រូវបាន​គេ​ដកហូត ដោយសារតែ​បញ្ហា​ទាក់ទង​ទៅនឹង​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​។​

​មុន​សម្រេចចិត្ត​បញ្ចប់​កិច្ចព្រមព្រៀង​យោធា​មួយ​នេះ លោក​ឌុយ​ទែ​តេ​ធ្លាប់​ព្រមាន​អាមេរិ​កឲ្យពិចារណា នៅក្នុង​ការផ្តល់​ទិដ្ឋាការ​នោះ​ឡើងវិញ ប៉ុន្តែ​ទំនង​គ្មាន​ការ​អើពើ​ពី​អាមេរិក ឬ​អាមេរិក​មិន​ព្រម ទើប​សម្រេច​លុបចោល​កិច្ចព្រមព្រៀង​នេះ ដោយ​ឯកតោ​ភាគ​តែម្តង​។ អាមេរិក​សម្រេច​មិនឲ្យ​លោក​Ronaldo dela Rosa អតីត​មេ​ប៉ូលិស ហើយ​បច្ចុប្បន្ន​ជា​សមាជិក​ព្រឹទ្ធសភា ធ្វើដំណើរ​ចូល​ទឹកដី​អាមេរិក​។ លោក​Dela Rosa​និយាយថា ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ហ្វីលីពីន មិន​ពន្យល់​ច្បាស់លាស់​អំពី​មូលហេតុ​នៃ​ការលុបចោល​ទិដ្ឋាការ​របស់លោក​ទេ ប៉ុន្ដែ​លោក​ជឿជាក់ថា ទំនង​ដោយសារតែ​ការចោទប្រកាន់​ពី​អាមេរិក​លើ​ហ្វីលីពីន ថា​បានសម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធតុលាការ អំឡុងពេល​លោក​ធ្វើជា​ប្រធាន​ប៉ូលិស​រយៈពេល​ជាង​ពីរ​ឆ្នាំ​។ ការសម្លាប់​មនុស្ស​ស្ថិតក្រោម​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន ឬ​ហៅថា​ជា​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន ចេញ​បញ្ជា​ផ្ទាល់​ពី​លោក​ប្រធានាធិបតី​ឌុយ​ទែ​តេ​។ លោក​Dela Rosa គឺជា​អ្នក​អនុវត្ដ​ច្បាប់​បង្ក្រាប​គ្រឿងញៀន​រប​ស់លោក​ឌុយ​ទែ​តេ ដែល​បានសម្លាប់​មនុស្ស​ជាង​៥​ពាន់​នាក់ ភាគច្រើន​ជា​អ្នកជួញដូរ​គ្រឿងញៀន​។ ប៉ូលិស​និយាយថា ជនរងគ្រោះ​ត្រូវបាន​បាញ់សម្លាប់ ដោយសារតែ​ប៉ូលិស​ការពារ​ខ្លួន​ប៉ុណ្ណោះ​។​

​កិច្ចព្រមព្រៀង​ទស្សនកិច្ច​កងកម្លាំង​យោធា បាន​ចុះ​ក្នុង​ឆ្នាំ​១៩៩៨ បាន​អនុញ្ញាតឲ្យ​កងទ័ព​អាមេរិក​រាប់ពាន់នាក់ អាច​ចល័ត​នៅក្នុង​ប្រទេស​ហ្វីលីពីន សម្រាប់​ហេតុផល​សមយុទ្ធ​និង​ប្រតិ​ប​ត្ដិ​ការផ្ដល់ជំនួយ​មនុស្ស​ធម៌​។ ក្រោយ​សម្រេច​លុបចោល​កិច្ចព្រមព្រៀង​នេះ អ្នកនាំពាក្យ​របស់លោក​ឌុយ​ទែ​តេ លោក Salvador Panelo បាន​ថ្លែងប្រាប់​អ្នកកាសែត​នៅក្នុង​សន្និសីទ​សារព័ត៌មាន ដោយ​ដកស្រង់​សំដី​ប្រធានាធិបតី​ថា "​វា​ដល់​ពេលដែល​យើង​ពឹងផ្អែក​លើ​ខ្លួន​យើង​។ យើង​នឹង​ពង្រឹង​ការការពារ​ខ្លួន​របស់​យើង និង​មិន​ពឹងផ្អែក​លើ​ប្រទេស​ផ្សេងទៀត​ទេ​"​។ យ៉ាងណាក៏ដោយ អស់ពី​កិច្ចព្រមព្រៀង​ទស្សនកិច្ច​កងកម្លាំង​យោធា​នេះ​ទៅ ហ្វីលីពីន​និង​អាមេរិក នៅសល់​សន្ធិសញ្ញា​ការពារជាតិ​ទៅវិញទៅមក និង​កិច្ចព្រមព្រៀង​ពង្រឹង​សហប្រតិបត្តិការ​យោធា ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា​EDCA៕

ព័ត៌មានផ្សេងទៀត