លេច​ធ្លាយ​របាយការណ៍​កូរ៉េខាងជើង​បន្ត​បង្កើន​កម្មវិធី​នុយក្លេអ៊ែរ​រំលោភ​ទណ្ឌកម្ម​UN

11-02-2020 10:48 am 287

​ឆ្នាំ​២០១៩​កន្លងទៅ បើទោះបីជា​កូរ៉េខាងជើង​ប្តេជ្ញា​បញ្ឈប់ ការអភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​ផ្លោង​ឆ្លង​ទ្វីប​ក៏ដោយ ប៉ុន្តែ​អ្នកឃ្លាំមើល​របស់​អង្គការសហប្រជាជាតិ​ពិនិត្យឃើញថា ប្រទេសមួយ​នេះ មិន​បោះបង់​មហិច្ឆតា​នុយក្លេអ៊ែរ​ឡើយ ដោយ​នៅតែ​បន្ត​បង្កើន​កម្មវិធី​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​ផ្លោង​ឆ្លង​ទ្វីប​ដដែល​។ នេះ​បើ​យោងទៅតាម​របាយការណ៍ ចងក្រង​ដោយ​អ្នកឃ្លាំមើល​ការដាក់ទណ្ឌកម្ម​ឯករាជ្យ​របស់​អង្គការសហប្រជាជាតិ ដែល​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័រ​នៅ​ថ្ងៃទី​១០​ខែកុម្ភៈ​ឆ្នាំ​២០២០​។ របាយការណ៍​បញ្ជាក់ថា កាលពី​ឆ្នាំមុន​កូរ៉េខាងជើង​បាន​ធ្វើតេស្ត​មី​ស៊ី​ល​ចំនួន ១៣​លើក ដោយបាន​បាញ់​មី​ស៊ី​ល​យ៉ាងហោចណាស់ ២៥ គ្រាប់ ក្នុងនោះ​មាន​មី​ស៊ី​ល​ប្រភេទ​ថ្មី​ដែលមាន​រយៈ​ចម្ងាយ​ខ្លី និង​មី​ស៊ី​ល​ផ្លោង​ឆ្លង​ទ្វីប​ដែល​បាញ់​ចេញពី​នាវាមុជទឹក​។​

​របាយការណ៍​សំងាត់​នេះ ក៏បាន​លាតត្រដាង អំពី ទង្វើ​ខុសច្បាប់​របស់​កូរ៉េខាងជើង នៅក្នុង​ការស្វែងរក​ប្រាក់ឧបត្ថម្ភ​កម្មវិធី​នេះ បំពាន​លើ​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​ផងដែរ​។ របាយការណ៍​កម្រាស់ ៦៧​ទំព័រ ដែល​គ្រោង​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ខែក្រោយ​ឲ្យដឹងថា យោងតាម​រដ្ឋ​ជា​សមាជិក កូរ៉េខាងជើង​បាន​នាំចេញ​ធ្យូងថ្ម​ចំនួន ៣,៧ លាន​តោន ក្នុង​ចន្លោះ​ខែមករា​និង​ខែសីហា​ឆ្នាំ ២០១៩ ដោយ​មានតម្លៃ​ជា​ទឹកប្រាក់​ប្រមាណ ៣៧០ លាន​ដុល្លារ​អាមេរិក​។ ការនាំចេញ​ធ្យូងថ្ម​របស់​កូរ៉េខាងជើង​ភាគច្រើន ត្រូវបាន​ធ្វើឡើង​តាមរយៈ​ការផ្ទេរ​ពី​កប៉ាល់​ទៅ​កប៉ាល់ ផ្ទេរ​ពី​នាវា​ដែលមាន​ទង់ជាតិ​កូរ៉េខាងជើង ទៅ​កប៉ាល់​ក្នុងស្រុក​របស់​ចិន​។ រដ្ឋ​ជា​សមាជិក​ដែល​លាក់​អត្តសញ្ញាណ បាន​ប្រាប់​ក្រុម​អ្នកឃ្លាំមើល​ថា កប៉ាល់​បាន​ដឹក​ធ្យូងថ្ម​ដោយផ្ទាល់​ទៅ​កំពង់ផែ​ចំនួន ៣ នៅក្នុង​ប្រទេស​ចិន​។ រដ្ឋ​ជា​សមាជិក​មួយ​រាយការណ៍​ថា ប្រទេស​កូរ៉េខាងជើង ក៏បាន​នាំចេញ​ខ្សាច់​យ៉ាងហោចណាស់​១​លាន​តោន ពី​ការ​បូម​ខ្សាច់​តាម​ដង​ទន្លេ​ទៅកាន់​កំពង់ផែ​ចិន ដែល​មានតម្លៃ​ជា​ទឹកប្រាក់​យ៉ាងហោចណាស់ ២២ លាន​ដុល្លារ​អាមេរិក​។​

​ក្រៅពីនោះ​កូរ៉េខាងជើង ក៏បាន​បន្ត​លួចលាក់​នាំចូល​ប្រេង​ខុសច្បាប់ តាមរយៈ​ការផ្ទេរ​ពី​កប៉ាល់​ទៅ​កប៉ាល់​នៅតាម​សមុទ្រ និង​ការដឹកជញ្ជូន​ដោយផ្ទាល់​។ ចាប់តាំងពី​ឆ្នាំ ២០១៧ ការនាំ​ចូល​ប្រេង​ប្រចាំឆ្នាំ​របស់​កូរ៉េខាងជើង ត្រូវបាន​កំណត់ដោយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ចំនួន​៥០០,០០០ បារ៉ែល​។ ប៉ុន្តែ​ក្រុម​អ្នកឃ្លាំមើល​និយាយថា អាមេរិក​បាន​រាយការណ៍​នៅ​ចន្លោះ​ថ្ងៃទី ១ ខែមករា​និង​ថ្ងៃទី ៣១ ខែតុលា​ឆ្នាំ​២០១៩ ទីក្រុង​ព្យុងយ៉ាង​បាន​នាំចូល​ប្រេង​លើស​បរិមាណ​ប្រេង​ដែល​បានកំណត់​។ អ្នកឃ្លាំមើល​ការដាក់ទណ្ឌកម្ម​សន្និដ្ឋាន​ថា កូរ៉េខាងជើង​បានធ្វើ​សកម្មភាព​រំលោភ​លើ​ទណ្ឌកម្ម​ហិរញ្ញវត្ថុ តាមរយៈ​ការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត ប្រឆាំងនឹង​ស្ថាប័នហិរញ្ញវត្ថុ​នៅក្នុង​ពិភពលោក ដែល​ការវាយប្រហារ​ទាំងនេះ បាន​បណ្តាលឲ្យ​បាត់បង់​រូបិយវត្ថុ និង​បានផ្តល់​ប្រាក់ចំណូល​ខុសច្បាប់​ដល់​កូរ៉េខាងជើង​។​

​គួរ​ជម្រាបជូន​ថា ប្រទេស​កូរ៉េខាងជើង​ត្រូវបាន​អង្គការសហប្រជាជាតិ ដាក់ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច​ចាប់តាំងពី​ឆ្នាំ ២០០៦ មក ក្នុង​គោលបំណង ដើម្បី​កាត់ផ្តាច់​មូលនិធិ សម្រាប់​បម្រើឲ្យ​កម្មវិធី​នុយក្លេអ៊ែ​រ​និង​មី​ស៊ី​ល​ផ្លោង​ឆ្លង​ទ្វីប​របស់​កូរ៉េខាងជើង​៕ 

ព័ត៌មានផ្សេងទៀត