រកឃើញ​ជើង​ទ្វារបាល​នៅ​ប្រាសាទទន្លេស្ងួត ក្រោយពី​រកឃើញ​ដងខ្លួន​កាលពី​៣​ឆ្នាំមុន​

11-02-2020 10:30 am 171

​បំណែក​ជើង​បដិមា​មួយ​ត្រូវបាន​ក្រុមការងារ​ជួសជុល​ប្រាសាទទន្លេស្ងួត ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​រកឃើញ​កាលពី​ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០២០​។ បំណែក​ជើង​បដិមា​នេះ ត្រូវបាន​រកឃើញ​នៅ​ទីតាំង​ដែលមាន​ចម្ងាយ​ត្រឹមតែ​១​ម៉ែត្រ​ពី​ចុងជើង​នៃ​ទ្វារបាល​ដែល​បាន​រកឃើញ​កាលពី​ឆ្នាំ​២០១៧ ដោយ​គម្រោង​ស្រាវជ្រាវ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC) និង​វិទ្យាស្ថាន​ស្រាវជ្រាវ​អាស៊ីអាគ្នេយ៍​នៃ​ប្រទេស​សិង្ហ​បុរី (ISEAS)​។ នេះ​បើតាម​ការ​ឲ្យដឹងពី អាជ្ញាធរ​ជាតិ​អប្សរា នៅ​ថ្ងៃទី​១១ ខែកុម្ភៈ​ឆ្នាំ​២០២០​នេះ ។ 

​បន្ទាប់ពី​ការរកឃើញ នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២០ ដើម្បី​បញ្ជាក់ថា​ជា​បំណែក​ជើង​របស់​បដិមា​ទ្វារបាល ក្រុមការងារ​អភិរក្ស​និង​ជួសជុល​វត្ថុ​សិល្បៈ ហៅ​កាត់​ថា I.T.A.L.I.A នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានធ្វើ​ពុម្ព​ចម្លង​ពី​បដិមា​ទ្វារបាល​នៅ​អភិ​រក្សដ្ឋាន​អង្គរ មក​ធៀប​នឹង​បំណែក​ជើង​នៅ​ប្រាសាទទន្លេស្ងួត​។ តាមរយៈ​ការ​ធៀប​នេះ ក្រុមការងារ​បញ្ជាក់ថា បំណែក​ជើង​នេះ​គឺ​ពិតជា​ផ្នែក​មួយ​នៃ​បដិមា​ទ្វារបាល​។​

សូមបញ្ជាក់ថា បច្ចុប្បន្ន​ក្រុមការងារ​អភិរក្ស​និង​ជួសជុល​វត្ថុ​សិល្បៈ កំពុង​រៀបចំ​ឯកសារ​បច្ចេកទេស​ដើម្បី​យក​បំណែក​ជើង​បដិមា​មក​ផ្គុំ​នឹង​ទ្វារបាល​ដែល​កំពុង​ជួសជុល​នៅ​អភិ​រក្សដ្ឋាន​អង្គរ​៕


ព័ត៌មានផ្សេងទៀត