រោងចក្រ​មួយ​ចំនួន​នៅ​កម្ពុជា​នឹង​បិទទ្វារ​ដោយសារ​បញ្ហា​វី​រ៉ុស​កូរ៉ូណា​?

10-02-2020 7:49 pm 373
  ស្តាប់
ស្តាប់ជាសំឡេង

​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ បាន​បង្ហើប​នៅលើ​ប្រ័ពន្ធ​តេ​លេក្រា​ម​ថា នៅក្នុង​ខែ​មីនា​ខាងមុខ អាច​នឹង​មាន​រោងចក្រ​កាត់ដេរ​មួយ​ចំនួន នៅ​កម្ពុជា ព្យួរ​ការងារ​កម្មករ ដោយសារ​ខ្វះ​ក្រណាត់​ដេរ ពីព្រោះ​លែង​មាន​ការបញ្ជូន​ក្រណាត់​ដែល​ជា​វត្ថុធាតុដើម​ចេញពី​ប្រទេស​ចិន ចាប់តាំងពី​ប្រទេស​នេះ បាន​ផ្ទុះ​នូវ​វីរុស​កូរ៉ូណា មិនមែន​មកពី​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នោះទេ​។ 

​យ៉ាងណាមិញ មេដឹកនាំ​សហជីព​លោក​អាត់ ធន់ យល់ឃើញថា បញ្ហា​វត្ថុធាតុដើម ជា​រឿង​សំខាន់ សម្រាប់​ការផលិត​សម្លៀកបំពាក់​នៅ​កម្ពុជា ប៉ុន្តែ​ការបិទទ្វារ​រោងចក្រ ឬ​ព្យួរ​ការងារ​កម្មករ ក៏​អាច​នឹង​មាន​ការជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​EBA​ផងដែរ​។ ជា​បន្ត​សូម​ស្តាប់​សៅ វិសាល​

​បើ​តាម​របាយការណ៍ របស់​ក្រសួង​ការងារ បានបញ្ជាក់​ថា បច្ចុប្បន្ន​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​នៅ​កម្ពុជា មាន​ជិត​១​ពាន់​រោងចក្រ ដោយ​បាន​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ជាង​៨១​ម៉ឺន​នាក់ជាមួយនឹង​ក្រុមគ្រួសារ​ជាង​៣​លាន​នាក់​។ ការបិទទ្វារ​រោងចក្រ ឬ​ព្យួរ​ការងារ​កម្មករ​-​កម្មការិនី នៅក្នុង​អំឡុង​ខែ​មីនា ដោយ​បញ្ហា​ខ្វះ​វត្ថុធាតុដើម គឺ​មាន​ត្រឹមតែ​ជាង​១០​ភាគរយ ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ពី​៦-៨​ពាន់​នាក់​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​លោក​ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ នៅ​លើ​ប្រព័ន្ធ​តេ​លេក្រា​ម កាលពី​ថ្ងៃអាទិត្យ​។​

​លោក​ហេង សួរ បន្តថា រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​នៅ​កម្ពុជា ដែល​ដំណើរការ​កន្លងមក គឺ​ភាគច្រើន​ពឹងផ្អែក លើ​ការ​នាំចូល​ក្រណាត់ ដែល​ជា​វត្ថុធាតុដើម​ពី​រោងចក្រ នៅក្នុង​ប្រទេស​ចិន ប៉ុន្តែ​ចាប់តាំងពី​មាន​ការផ្ទុះ​វីរុស​កូរ៉ូណា បន្ទាប់​ពី​មុន​បុណ្យចូលឆ្នាំ​ចិន​មក បាន​ធ្វើ​ឲ្យ​រោងចក្រ​នៅ​ក្នុង​ប្រទេស​នេះ បិទទ្វារ ហើយ​មិន​ទាន់​ដឹងថា ត្រូវ​ដំណើរការ​វិញ នៅពេល​ណា​នោះ​ទេ ទើប​ធ្វើ​ឲ្យ​រោងចក្រ​នៅ​កម្ពុជា អាច​ប្រឈម​នឹង​ការខ្វះ​ក្រណាត់ សម្រាប់​ដំណើរការ​ផលិត ។​

​លោក​អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា បាន​ប្រាប់​វិទ្យុ​វាយោ​ថា ប្រភព​វត្ថុធាតុដើម​ពី​ចិន ពិតជា​មាន​សារសំខាន់​ខ្លាំងណាស់ សម្រាប់​សង្វាក់​ផលិតកម្ម នៅ​តាម​រោងចក្រ ក្នុងប្រទេស​កម្ពុជា​។ ប៉ុន្តែ​កន្លងមក និយោជក​មួយចំនួន ក៏​បាន​ត្រៀម​ខ្លួន​រួច​ហើយ ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA ដែល​នឹង​មាន​ការសម្រេច​នៅក្នុង​សប្តាហ៍​នេះ​។ លោក​អាត់ ធន់ ជឿជាក់ថា បញ្ហា​EBA ក៏​ជា​មូលហេតុ​មួយ ដែល​នាំឲ្យ​មាន​ការបិទរោង​ចក្រផង​ដែរ​។​

​ប្រធាន​សហភាព​ការងារ​កម្ពុជា​រូបនេះ បន្តថា យោងតាម​ការប្រកាស​ពី​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល បានឲ្យដឹងថា មិន​មាន​ការបិទ​ជើងហោះហើរ​ណាមួយ ពី​ប្រទេស​ចិន មក​កម្ពុជា​នោះ​ទេ លើកលែង តែ​ពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន ដែល​ត្រូវបាន​បិទ​ចោល​ទាំងស្រុង​។ ដូច្នេះ​លោក​យល់ថា ប្រហែលជា​មិន​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​នោះទេ​។​

​យ៉ាងណាមិញ លោក​ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ បានបញ្ជាក់​ថា ប្រទេស​ចិន បានប្រកាសឲ្យ​ពលរដ្ឋ​បន្ត​ឈប់សម្រាក ដោយ​មិន​ទាន់​កំណត់​ពេល​ចាប់​តាំងពី ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​មក​ដោយ​ឲ្យ​ក្រុមហ៊ុន​ធំៗ ត្រូវ​បន្ត​បិទទ្វារ ឬ​ឲ្យ​បុគ្គលិក​ធ្វើ​ការងារ​នៅតាម​ផ្ទះ ដើម្បី​ជា​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការទប់ស្កាត់ ការឆ្លង​រាលដាល នៃ​វីរុស​កូរ៉ូណា​ថ្មី ដែល​បាន​សម្លាប់​មនុស្ស​កើន ជាង ៩០០ នាក់ និង​ឆ្លង​ជាង​៤​ម៉ឺន​នាក់​គិត​ត្រឹម​ថ្ងៃទី​០៩ ខែ​កុម្ភៈ​។​

​លោក ហេង សួរ ស្នើ​ឲ្យមាន​ការផ្សព្វផ្សាយ​ព័ត៌មាន​នេះ ឲ្យបាន​ទូលំទូលាយ​ដោយសារលោ​ក​ព្រួយបារម្ភ​ថា ខ្លាច​ក្រុម​អ្នក​ប្រឆាំង​យក​រឿង​បិទ​រោងចក្រ ឬ​ព្យួរ​ការងារ​កម្មករ​ទាំង​នោះ ភ្ជាប់​ទៅនឹង​ឥទ្ធិពល​របស់ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA​។​

​លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក នៅ​ថ្ងៃនេះ​ដែរ​ថា ការ​ព្យួរការងារ នឹង​ធ្វើឲ្យ​កម្មករ​បាត់បង់​ប្រាក់ចំណូល ហើយ​លោក​ថា ការដោះស្រាយ​ដើម្បី​កុំ​ឲ្យ​កម្មករ​ត្រូវ​បាត់បង់​ចំណូល​នេះ គឺ​អាច​ជា​រឿង​ដ៏​លំបាក​មួយ​សម្រាប់​រដ្ឋាភិបាល​។ កម្មករ​នឹង​ប្រឈម បញ្ហា​ហិរញ្ញវត្ថុ ពិសេស​ការបង់​ធនាគារ​។​

​លោក​អាត់ ធន់ ក៏​បាន​មើលឃើញ​ពី​បញ្ហា​ប្រឈម​សម្រាប់​កម្មករ ពេល​រោងចក្រ​ព្យួរ​ការងារ ដោយ​កម្មករ​ភាគច្រើន ជាប់បំណុល​មីក្រូហិរញ្ញវត្ថុ​។​

​យ៉ាងណាមិញ កាលពី​ថ្ងៃអាទិត្យ លោក ហេង សួរ បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍ ដោយ​ខ្លី​ថា លោក​សង្ឃឹមថា ស្ថានភាព​ប្រទេស​ចិន ដែល​កំពុង​រង​ការវាយប្រហារ ដោយ​វីរុស​កូរ៉ូណា​នឹង​វិល​មករក​ភាពប្រក្រតី​វិញ នៅក្នុង​រយៈពេល​២ សប្ដាហ៍​ខាង​មុខ​។ ទោះជា​យ៉ាងណា​លោក​បញ្ជាក់ថា រោងចក្រ​ផលិត​សម្លៀក​បំពាក់ គឺ​ប្រឈម​ខ្លាំងជាងគេ ទៅនឹង​ការ​ព្យួរ​ការងារ​កម្មក​រ ខណៈ​រោងចក្រ​ផលិត​ស្បែកជើង ហាក់​មិន​ទាន់​មាន​សញ្ញា​ណាមួយ​ប្រឈម ទៅនឹង​បញ្ហា​នេះ​នៅឡើយ​ទេ​៕ 

ព័ត៌មានផ្សេងទៀត