បិទ​រោងចក្រ​បញ្ហា​មកពី“កូរ៉ូណា​វីរុស​” រឺ​មក​ពី“EBA”?

10-02-2020 6:43 pm 2996
  ស្តាប់
ស្តាប់ជាសំឡេង

​កំពុង​រង់ចាំ​អ៊ុត​លទ្ធផល​នៃ​ការសម្រេចចិត្ត​របស់​ស​ហគ​មន៍​អឺរ៉ុប​ថា ដក ឬ មិន​ដក EBA ពី​កម្ពុជា ក៏​ស្រាប់តែ​មាន​ព័ត៌មាន ពី​ការបិទទ្វារ​រោងចក្រ​និង​ព្យួរ​ការងារ​របស់​រោង​ចក្រ​មួយចំនួន​នៅ​កម្ពុជា​។ អ្វី​ទៅ​ជា​ការពិត និង​ជា​មូលហេតុ​ដែល​នាំ​ឲ្យ​រោងចក្រ​បិទទ្វារ​នៅ​ខែ​មិនា​ខាងមុខនេះ ?

​នៅពេល​វីរុស​កូរ៉ូណា​ផ្ទុះ​ឡើង​ផលប៉ះពាល់ និង​ឥទ្ធិពល​នៃ​វីរុស​កូរ៉ូណា មិន​បាន​គ្របដណ្តប់ តែ​នៅក្នុង​ទីក្រុង Wuhan មួយ​នោះ​ទេ តែ​បាន​បាចសាច​ទៅដល់ ២៨​ប្រទេស ដោយ​មាន​អ្នក​ឆ្លង​ជាង​៤​ម៉ឺន​នាក់ និង​អ្នកស្លាប់​ទូ​ទាំង​សកលលោក​តួលេខ​បាន​កើន​ដល់​ជិត​១០០០​នាក់​។ ប្រឈមមុខ​នឹង​បញ្ហា​នេះ អាជ្ញាធរ​ចិន​បាន​ចាត់វិធានការ​ដ៏​ក្តៅគគុក ដោយ​ហាមឃាត់ ប្រជាជន​នៅ​ទីក្រុង​មួយចំនួន​នៃ​ប្រទេស​ចិន សរុប​ប្រហែល​ជា​៦០​លាន​នាក់ មិន​ឲ្យ​ចាកចេញ​ពី​ទីក្រុង រឺ​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​។​

​ផលប៉ះពាល់​នៃ ”​កូរ៉ូណា​វីរុស​” និង​ភាព​ពាក់​ពន្ធ័​សេដ្ឋកិច្ច​

​វីរុស​កូរ៉ូណា​នៅ​ស្រុក​ចិន តែ​ហេតុ​អ្វី​អាច​ហិនហោច​រោងចក្រ​មួយចំនួន​នៅ​កម្ពុជា​? មុន​អាច​ពន្យល់​ពី​ភាព​ពាក់​ពន្ធ័​នេះ គេ​ត្រូវ​ដឹង​និង​ស្គាល់​ទីក្រុង Wuhan និង​ខេត្ត Hubei ទាំងមូល​សិន​។ ត្បិត​ទីក្រុង​មួយ​នេះ គឺ​ជា​ទីក្រុង​ឧស្សាហកម្ម​មួយ​ដ៏​ធំ នៅ​ប្រទេស​ចិន និង​ពោរពេញ​ទៅ​ដោយ​រោងចក្រ​ធំ​ជា​ច្រើន​ដូចជា រោងចក្រ​ផលិតផល​គីមី រោងចក្រ​ផលិត​រថយន្ត រោងចក្រ​ផលិត​គ្រឿង​បរិក្ខា វត្ថុធាតុដើម​លើ​វិស័យ​វាយ​ន​ភណ្ឌ រោងចក្រ​អេឡិចត្រូនិក និង​រោងចក្រ​ផលិត​សំភារៈ​អគ្គីសនី​....​ល​....​។ 

​តើ​រោងចក្រ​និង​ក្រុមហ៊ុន​ណា​ខ្លះ​បាន​បិទទ្វារ​និង​ផ្អាក​ការផលិត​ដោយសារ​”​កូរ៉ូណា​វីរុស​”?

​ក្រុមហ៊ុន​ជាច្រើន​ត្រូវ​បាន​បិទទ្វារ​មាន​ជាអាទិ៍​ក្រុមហ៊ុន Apple ត្រូវ​បាន​បិទ​ទាំងស្រុង​នៅ​ប្រទេស​ចិន រីឯ​រោងចក្រ​ដំឡើង iPhone ធំជាងគេ Foxconn ឯណោះ​វិញ នៅតែ​បន្ត​បិទទ្វារ​ផលិតកម្ម iPhone នៅ​ទីក្រុង​ចឹង​ចូ​វ ខេត្ត​ហឺ​ណាន ស្របពេល​ដែល​ក្រុមហ៊ុន​ផលិត​រថយន្ដ​ដូចជា Nissan Ford Toyota និង Honda​ជាដើម សុទ្ធតែ​ប្រកាស​បិទ​រោងចក្រ​របស់​ខ្លួន​ជា​បណ្ដោះអាសន្ន​។ ក្រៅពីនេះ​មាន​ក្រុមហ៊ុន Adidas, Nike, ហាង​កាហ្វេ Starbucks ជាង​២​ពាន់​ហាង​, McDonald's រាប់រយ​ហាង​, Uniqlo ជាង​១៣០​កន្លែង សុទ្ធតែ​បាន​បិទទ្វារ​ផ្អាក​ដំណើរការ​។​

​ការ​បាចសាច​ផល​ប៉ះពាល់​ទៅលើ​សេដ្ឋកិច្ចពិភពលោក​

​ក្រៅ​ពី​ក្រុមហ៊ុន​ទាំងនេះ នៅ​មាន​រោងចក្រ​ជាច្រើន ដែល​ផលិត​វត្ថុធាតុដើម លើ​ផលិតផល​វាយ​ន​ភណ្ឌ និង​កៅស៊ូ​-​ប្លា​ស្ទិក ព្រមទាំង​ផលិតផល​មិនទាន់​សម្រេច ខាង​ផ្នែក​គ្រឿង​បច្ចេកវិទ្យា គ្រឿងបន្លាស់​រថយន្ត ក្នុង​ប្រទេស​ចិន សុទ្ធតែ​ត្រូវបាន​បិទទ្វារ ជាហេតុ​នាំ​ឲ្យ​ក្រុមហ៊ុន​ផលិត​រថយន្ត​កូរ៉េខាងត្បូង Hyundai បាន​សម្រេច​បិទ​រោងចក្រ​ខ្លួន នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង ដោយសារ​តែ​កង្វះខាត​គ្រឿងបន្លាស់​។ ដោយឡែក​ប្រទេស​ធំៗ​មួយចំនួន​ដែល​តែង​ទិញ​នូវ​គ្រឿង​បរិក្ខា វត្ថុធាតុដើម​ពី​រោងចក្រ​ចិន​ជា​ច្រើន​សម្រាប់​យកមក​ផ្គុំ​ដូចជា​ ​តៃវ៉ាន់ ប្រទេស​កូរ៉េខាងត្បូង ប្រទេស​គុយ​ប៉ា ប្រទេស​ឥណ្ឌូនេស៊ី រឺ​ហុងគ្រី សុទ្ធតែ​រង​នូវ​ការប៉ះពាល់​សេដ្ឋកិច្ច បន្ទាប់ពី​មាន​ការរាំងស្ទះ​សង្វាក់​ផលិតកម្ម ដោយ​ពុំ​ទទួល​នូវ​គ្រឿង​បរិក្ខា វត្ថុធាតុដើម សម្រាប់​ផលិត​។ 

​ជាមួយគ្នា​នេះ​យោង​តាម​វេបសាយ និង​ទូរទស្សន៍​Bloomberg បានឲ្យដឹងថា ប្រទេស​ចិន​បាន​បន្ថយ​ការទិញ​ប្រេង​របស់​ខ្លួន​ទៅ​ដល់​២០​ភាគរយ ស្មើ​នឹង​ប្រហែល​៣​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ ដែល​នាំឲ្យ​មាន​ការប៉ះពាល់​ដល់​សេដ្ឋកិច្ច​នៃ​ប្រទេស​ផលិត​ប្រេងកាត​ផងដែរ​។​

​ងាក​មក​ក្រុមហ៊ុន​អាកាសចរណ៍​វិញ ក្រុមហ៊ុន​អន្តរជាតិ​ជាច្រើន​ដូចជា Air France, British Airways,   American airlines, Lufthansa,  Air Canada, United Airlines,  Delta Airline បាន​ផ្អាក​ការហោះហើរ​របស់​ខ្លួន​ទៅ​ប្រទេស​ចិន ចាប់ពី​ចុង​ខែ​មករា​។ រី​ឯ​ក្រុមហ៊ុន​អាកា​សចណ៍​ហុងកុង Cathay Pacific បាន​សុំ​ឲ្យ​បុគ្គលិក​២​ម៉ឺន​៧​ពាន់​នាក់​ឈប់​រយៈពេល​៣​សប្តាហ៍ ដោយ​មិន​យក​ប្រាក់ខែ​។​

​តើ​មាន​អ្វី​ពាក់​ពន្ធ័​នឹង​កម្ពុជា​? 

​ច្បាស់​ជា​ពាក់​ពន្ធ័​ត្បិត​រោងចក្រ​ជាច្រើន​នៅ​កម្ពុ​ជា ជា​ពិសេស​រោងចក្រ​វាយនភ័ណ្ឌ ដែល​រួម​មាន​សម្លៀកបំពាក់ ស្បែកជើង ស្រោមដៃ ស្រោម​ជើង អាវ​រងា ភួយ និង​មួក​ក្រណាត់​ជាដើម សុទ្ធតែ​ត្រូវការ​វត្ថុធាតុដើម​សម្រាប់​ផលិត ក្នុងនោះ​វត្ថុធាតុដើម​ជាច្រើន ត្រូវបាន​បញ្ជា​ទិញ​ពី​ប្រទេស​ចិន ដូច្នេះ​ច្បាស់​ណាស់​ថា ប្រសិនបើ​គ្មាន​វត្ថុធាតុដើម​ទេ នោះ​រោងចក្រ​មួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា​នឹង​ត្រូវ​បាន​ព្យួរ​ជា​បណ្តោះអាសន្ន រឺ​អាច​បិទទ្វារ ដែល​អាច​នាំឲ្យ​ប៉ះពាល់​ដល់​ការងារ និង​ប្រាក់ខែ​របស់​កម្មករ​ដែរ​។​

​តាម​តួលេខ​ដែល​ទទួលបាន​ពី​អ្នកនាំពាក្យ​ក្រសួង​ការងារ គិត​ត្រឹម​ថ្ងៃទី ៧ ខែ​កុម្ភៈ មាន​រោងចក្រ​ចំនួន​១ នៅ​ខេត្ត​កំពង់ស្ពឺ និង​ចំនួន ៣ នៅ​ខេត្ត​តាកែវ បាន​ដាក់​ពាក្យសុំ​ព្យួរ​ការងារ​កម្មករ ១០០% ចាប់ពី​ចុងខែ កុម្ភៈ​នេះ​។ ទន្ទឹមនឹងនេះ​មាន​រោងចក្រ​ចំនួន ២១​នៅ​ទូទាំង​ប្រទេស បាន​ទូរស័ព្ទ​សួរនាំ​មន្ទីរ​ការងារ និង​អធិកា​រកា​ងារ​អំពី​នីតិវិធី​ព្យួរការងារ ក្រោម​មូលហេតុ​រោងចក្រ​ខ្វះ​ក្រណាត់ និង​វត្ថុធាតុដើម​ពី​ប្រទេស​ចិន ស្រប​ពេល​ការបញ្ជាទិញ​មិនទាន់​ទទួលបាន​ការឆ្លើយតប​។​

​ចុះ​ការដក “EBA”  មិន​នាំ​ឲ្យ​រោងចក្រ​បិទទ្វារ​ទេ​រឺ​?

​ប្រសិន​ជា​លទ្ធផល​ពិតជា​មាន​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ្វី​គ្រប់​យ៉ាង​លើកលែងតែ​អាវុធ (EBA) ដោយ​សហភាព​អឺរ៉ុប​មែន​នោះ តិច​រឺ​ច្រើន ច្បាស់​ជា​មាន​ផលប៉ះពាល់ ក៏ប៉ុន្តែ​ផលប៉ះពាល់​នេះ មិនអាច​កើត​ឡើង​ភ្លាមៗ រហូត​ធ្វើឲ្យ​រោងចក្រ​មួយ​ចំនួន​នៅ​កម្ពុជា ត្រូវ​បិទទ្វារ​នៅ​ចុងខែ​មិនា នេះ​បាន​ទេ​។ ព្រោះ​និតិ​វិធី​នៃ​អនុវត្ត​លើ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ្វី​គ្រប់​យ៉ាង​លើកលែងតែ​អាវុធ (EBA) ត្រូវការ​រយៈពេល​ជាក់លាក់​មួយ​ក្នុង​ការអនុវត្ត​។ ជាមួយគ្នានេះ​កន្លង​មក​មន្ត្រី​រដ្ឋាភិបាល​បាន​អះអាង​ថា គម្រោង​ដក EBA ពី​កម្ពុជា គឺ​អាច​នឹង​ត្រូវ​ដក​តែ​មួយ​ចំនួន​ប៉ុណ្ណោះ ពោល​គឺ ក្នុង​ផលិតផល​សម្លៀកបំពាក់​អាច​នឹង​ត្រូវ​ដក ២០% និង​ផលិតផល​ស្បែកជើង​ប្រមាណ ៣០%​។ ការដក​ភាពអនុគ្រោះ​ពន្ធ​ក្នុង​ទំហំ​ប៉ុណ្ណេះ វា​នឹង​មិន​ធ្វើឲ្យ​វិស័យ​កាត់ដេរ ដួលរលំ ឬ​ជួប​បញ្ហា​ធ្ងន់ធ្ងរ​នោះ​ឡើយ​។ 

​តាម​ការប៉ាន់ស្មាន​របស់​មន្ត្រី​រដ្ឋាភិបាល បើសិនជា EBA ត្រូវបាន​ដក វា​អាច​នឹង​ធ្វើឲ្យ​កម្ពុជា​បាត់បង់​ចំណូល​ប្រមាណ ៥០០ លាន​ដុល្លារ​អាមេរិក​។​យ៉ាងណា​ក៏​ដោយ​រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ត្រៀម​រៀបចំ​នូវ​កញ្ចប់​ថវិកា​ដើម្បី​លើ​កម្ពស់​សេដ្ឋកិច្ច ដើម្បី​ប្រើប្រាស់​លើ​ភាពចាំបាច់​នៅពេល​ជួប​បញ្ហា ដោយ​វា​មាន​ទំហំ​ប្រមាណ​៣% នៃ GDP ឬ​ស្មើនឹង​ប្រមាណ​៧០០ លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ ដែល​កញ្ចប់​ថវិកា​នេះ នឹង​មាន​សម្រាប់​រយៈពេល​៣​ឆ្នាំ​៕

ព័ត៌មានផ្សេងទៀត