វីរុស​កូរ៉ូ​ណា​​បានក្លាយជា​​ដើមចម​​ធ្វើឲ្យ​ជនជាតិ​​អាស៊ី​​ប្រឈម​​ការរើសអើង​

10-02-2020 6:40 pm 227
រូបភាពស្ដ្រីម្នាក់កំពុងពាក់ម៉ាស់ការពារវីរុសកូរ៉ូណា

​ការផ្ទុះ​ឡើង​នៃ​វីរុស​កូរ៉ូ​ណាបាន​បង្ក​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ មិន​ត្រឹមតែ​នៅក្នុង​ប្រទេស​ចិន​នោះទេ ប៉ុន្ដែ​នៅតាម​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត​ក្នុង​ពិភពលោក​។ ចំណុច​គួរឲ្យ​ព្រួយបារម្ភ​មួយទៀត វីរុស​កូរ៉ូ​ណា​បានក្លាយជា​ដើមចម​ធ្វើឲ្យ​ជនជាតិ​អាស៊ី​ត្រូវបាន​គេ​រើសអើង​នៅតាម​តំបន់​នានា​ក្នុង​ពិភពលោក​។ កត្ដា​នេះ​ក៏​កំពុង​ក្លាយជា​ប្រធានបទ​ក្ដៅ​សម្រាប់​ជនជាតិ​អាស៊ី​មួយចំនួន ពិសេស​អ្នក​ដែល​ជួប​ស្ថានភាព​រើសអើង​ដោយផ្ទាល់​។ ពួកគេ​ក្ដៅក្រហាយ​ព្រោះ​ខ្លួន​គ្មាន​កំហុស​ផង​ហេតុ​អី​ត្រូវគេ​រើស​អើ​ស ប្រមាថ វា​ពិតជា​មិន​សមរម្យ​ទាល់តែសោះ ទើប​បង្ហាញ​អារម្មណ៍​មិន​ពេញចិត្ដ​តាម​បណ្ដាញ​សង្គម​។ 

​បើតាម​វីដេអូ​បង្ហោះ​លើ​ធ្វី​ត​ទ័​រ​ឈ្មោះ​Tony He ជា​អ្នក​រស់នៅក្នុង​ទីក្រុង​ញូវយក​សហរដ្ឋអាមេរិ​ក ឃើញ​បុរស​ម្នាក់​ប្រើ​ពាក្យសម្ដី​ធ្ងន់ៗ​លើ​ស្ដ្រី​ជនជាតិ​អាស៊ី​។ ខណៈ​ស្ដ្រី​រូបនោះ​កំពុង​ស្ថិតនៅ​ស្ថានីយ​រថភ្លើង​ក្រោម​ដី​Manhattan ដោយមាន​ពាក់​ម៉ាស់​និង​ក្អក​ផង បុរស​ម្នាក់​នោះបាន​ស្រែក​ដាក់​នាង​ថា “​កុំ​ប៉ះ​ខ្ញុំ​” និង​ហៅ​នាង​ថា​ជា​អ្នកជំងឺ​។ ម្ចាស់​គណនី​ធ្វី​ត​ទ័​រ​ដដែល​រៀបរាប់​ទៀតថា តើ​មនុស្ស​ភ្លេច​ហើយ​ឬថា​មាន​ប្រជាជន​អាស៊ី​ជាច្រើន​បាន​ពាក់​ម៉ាស់ តាំងតែ​ពីមុន​ផ្ទុះ​វីរុស​កូរ៉ូណា​មកម្ល៉េះ​។ អ្វីដែល​បាន​កើតឡើង​គឺជា​វិបត្ដិ​មួយ​ដែល​មនុស្ស​គ្រប់រូប​គួរកត់សម្គាល់​។ 

​នៅក្នុង​ប្រទេស​កាណាដា​ជា​ប្រទេស​ដែលមាន​ការស្វាគមន៍​ខ្លាំង​ចំពោះ​ជនអន្ដោប្រវេសន៍ ក៏​មិនអាច​ទប់​ទល់នឹង​ការរើសអើង​ព្រោះតែ​វីរុស​កូរ៉ូណា​បានដែរ​។ កាលពី​ចុងខែ​មករា​មាន​ញត្ដិ​នៅ​តាម​អ៊ីនធឺណេត​អំពាវនាវ​ឲ្យ​សាលារៀន​នៅតាម​ខណ្ឌ​ជាយក្រុង​តូ​រ៉ុន​តូ ជា​តំបន់​មាន​ប្រជាជន​ចិន​ភាគច្រើន ត្រូវ​ទុក​សិស្ស​ដែលមាន​ក្រុមគ្រួសារ​ទើបបាន​ទៅ​ប្រទេស​ចិន​ដាច់ដោយឡែក​ពី​សាលា​ក្នុង​រយៈពេល​ពីរ​សប្ដាហ៍​។ ញត្ដិ​នោះមាន​អ្នកស្ម័គ្រចិត្ដ​ចុះ​ហត្ថលេខា​ប្រមាណ​១​ម៉ឺន​នាក់ ប៉ុន្ដែ​ត្រូវបាន​នាយក​សាលា​ច្រានចោល​។ សាលា​បញ្ជាក់​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា បុគ្គល​ដែល​សន្និដ្ឋាន​ដូច្នេះ​ទោះបី​មាន​ចេតនា​វិជ្ជមាន​ដើម្បី​សុវត្ថិភាព​របស់​អ្នកដទៃ​ក៏ដោយ និង​សំណើ​ឬ​ការទាមទារ​ឲ្យមាន​ការ​ផ្ដាច់ខ្លួន​ដូច្នេះ ត្រូវបាន​គេ​មើលឃើញថា​បង្ហាញ​ពី​ភាពលម្អៀង​និង​ការរើសអើង​ជាតិ​សាសន៍​។ ក៏មាន​របាយការណ៍​ស្ដីពី​ការ​សម្លុត​ធ្វើបាប​សិស្ស​-​និស្សិត​អាស៊ី​ផងដែរ និង​មាន​ការត្រួតពិនិត្យ​ឡើងវិញ​ភោជនីយដ្ឋាន​ចិន​ក្នុង​ទីក្រុង​តូ​រ៉ុន​តូ ដែល​ទង្វើ​នេះ​បានទទួល​ការរិះគន់​យ៉ាងខ្លាំង​នៅតាម​បណ្ដាញ​សង្គម​។​

​អ្នកកាសែត​បារាំង​ម្នាក់​ឈ្មោះ​Linh-Lan Dao​បាន​សរសេរ​បង្ហោះ​លើ​ប្រព័ន្ធ​ធ្វី​ត​ទ័​រ​ថា មនុស្ស​ជាច្រើន​ត្រូវបាន​គេ​ធ្វើទុក្ខបុកម្នេញ​និង​បណ្ដេញចេញ​ពី​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ ដោយសារតែ​ពួកគេ​ជា​ជនជាតិ​អាស៊ី​។ វា​មិនមែនជា​រឿង​កំប្លែង​ឬ​ការ​ស្អប់ខ្ពើម​នៅលើ​បណ្ដាញ​សង្គម​ឡើយ ប៉ុន្ដែ​វា​ជាការ​ផ្ទុះឡើង​នូវ​ការរើសអើង​ជាតិ​សាសន៍​។ តាម​ធ្វី​ត​ទ័​រ​ក្រុមហ៊ុន​ល្បីឈ្មោះ​បារាំង​Louis Vuitton​បានលើកឡើង​ដែរថា គោលដៅ​មិនមែន​តែ​ជន​ជាតិចិន​នោះទេ តារា​សម្ដែង​ស្រី​ជនជាតិ​ជប៉ុន​ក៏​ទទួល​ការរិះគន់​យ៉ាងខ្លាំង​ទាក់ទង​នឹង​វីរុស​កូរ៉ូណា​។ ក្រុមហ៊ុន​បាន​ប្រើពេល​ជិត​១​សប្ដាហ៍​ដើម្បី​លុបចោល​ការឆ្លើយតប​នឹង​បញ្ហា​នេះ ដែល​ធ្វើឲ្យមាន​ការរិះគន់​តាម​អ៊ីន​ធឺ​ណេត​។​

​នៅក្នុង​អត្ថបទ​មួយ​និយាយ​ពី​ការប្រឆាំង​ជនជាតិ​អាស៊ី​ក្នុងប្រទេស​បារាំង​ចុះផ្សាយ​ដោយ​កាសែត​Le Parisien បាន​ដកស្រង់​សម្ដី​អ្នក​ប្រើ​បណ្ដាញ​ធ្វី​ត​ទ័​រថា ពួកគេ​មិនអាច​អង្គុយ​នៅក្បែរ​នរណាម្នាក់​ជា​ជនជាតិ​អាស៊ី​បានឡើយ ទោះបីជា​ពួកគេ​មិនដឹងថា​អ្នក​ទាំងនោះ​មកពី​ទីក្រុង​វូ​ហាន​ឬ​មកពី​ទីក្រុង​សេ​អ៊ួ​លក៏ដោយ​។ 

​អ្នកប្រើប្រាស់​ធ្វី​ត​ទ័​រ​ផ្សេងទៀត​បង្ហោះ​រូបភាព​របារ​នៅក្បែរ​រូបសំណាក់​បាញ់​ទឹក​Trevi Fountain​ក្នុង​ទីក្រុង​រ៉ូម​នៃ​ប្រទេស​អ៊ីតាលី ដែលមាន​សរសេរ​អក្ស​រថា “​ជា​វិធានការ​សុវត្ថិភាព​អន្ដរជាតិ មនុស្ស​ទាំងអស់​មកពី​ប្រទេស​ចិន​មិន​អនុញ្ញាតឲ្យ​ចូលទៅកន្លែ​ង​នេះទេ​”​។​

​ការកត់សម្គាល់​ផ្សេងទៀត​គឺ​ទៅលើ​ស្ដ្រី​ម្នាក់​ត្រូវគេ​ស្គាល់​ថា​ឈ្មោះ​Chen​អាយុ​២៥​ឆ្នាំ​មកពី​ទីក្រុង​ប៉េកាំង ជា​និស្សិត​បញ្ចប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ​ឡូ​ស​អែន​ជឺ​ឡេសរ​ដ្ឋ​កាលីហ្វ​ញ៉ា​(UCLA)​។ នាង​និង​មិត្ដភក្ដិ​ម្នាក់​ត្រូវបាន​គេ​សុំឲ្យ​ចេញពី​ភោជនីយដ្ឋាន​ក្នុង​ទីក្រុង​ឡូ​ស​អែន​ជឺ​ឡេស ព្រោះតែ​មិត្ដ​របស់​នាង​ក្អក​។ នាង​និយាយថា​អ្វីដែល​មិនអាច​ទទួលយកបាន​នោះ​គឺថា មិត្ដ​របស់​នាង​មិនមែនជា​ជន​ជាតិចិន​ឡើយ នាង​ជា​ជនជាតិ​វៀតណាម​ទេ ហើយ​នាង​ក៏​មិនបាន​ធ្វើដំណើរ​ទៅ​ប្រទេស​ចិន​ដែរ ប៉ុន្ដែ​បែរជា​ធ្វើ​ដាក់​នាង​ដូច្នេះ​។ 

​ការរើសអើង​នឹង​ជនជាតិ​ចិន​ក៏​មាននៅ​តំបន់​អាស៊ី គឺ​ការ​សែ​ត​The New York Times​បាន​ចុះផ្សាយ​ថា​មាននៅ​ក្នុងប្រទេស​ជប៉ុន​។ ជនជាតិ​ជប៉ុន​មួយចំនួន​បាន​សរសេរ​សារ​នៅលើ​បណ្ដាញ​ធ្វី​ត​ទ័​រ​ថា “​ជនជាតិ​ចិន​កុំ​ធ្វើដំណើរ​មក​ប្រទេស​ជប៉ុន​”​។  ខណៈ​សេដ្ឋកិច្ច​និង​អំណាច​យោធា​ចិន​កំពុង​ស្ទុះ​ឡើង បាន​បង្ក​ភាពមិន​ចុះសម្រុង​មួយចំនួន​ដល់​ប្រទេស​ក្បែរ​ខាង​នៅ​អាស៊ី ក៏ដូចជា​ប្រទេស​គូប្រជែង​លោកខាងលិច ប៉ុន្ដែ​វីរុស​កូរ៉ូ​ណាវិញ​កំពុង​ពង្រីក​ខ្លួន​ធំ​ទៅៗ​ប្រឆាំង​ប្រជាជន​នៅក្នុង​ទឹកដី​ចិន​។  នេះ​បើតាម​ការ​បញ្ជាក់បន្ថែម​នៅក្នុង​កាសែត​The New York Times​។​

​ស្របពេល​ជាមួយគ្នា​កាសែត​The Wall Street Journal​បាន​ចុះផ្សាយ​អត្ថបទ​មួយ​ដាក់​ចំណងជើង​ថា “​ចិន​គឺជា​អ្នកជំងឺ​អាស៊ី​ពិតប្រាកដ​មែន​” ធ្វើឲ្យ​សហគមន៍​ចិន​រស់នៅ​ទឹកដី​អាមេ​រិក​ប្រតិកម្ម​យ៉ាងខ្លាំង​។ បី​ថ្ងៃ​ក្រោយមក​មាន​ញត្ដិ​មួយ​បានដាក់​ទៅសេត​វិមាន ស្នើ​ជួយ​អន្ដរាគមន៍​ឲ្យ​កាសែត​ចេញ​ការសុំ​ទោស​ជា​សាធារណៈ​និង​ត្រូវ​ផ្លាស់ប្ដូរ​ការចុះផ្សាយ​ឬក៏​ផ្លាស់ប្ដូរ​ចំណងជើង​ដែល​បាន​ចុះផ្សាយ​។​

បុរស​ម្នាក់​មកពី​ទីក្រុង​សៀង​ហៃ​ដែល​ស្ថិតក្នុង​ដំណើរ​កម្សាន្ដ​ជិះ​ស្គីជា​មួយ​ភរិយា​ជនជាតិ​កូរ៉ូខាងត្បូង ក៏​ជួប​រឿង​មិន​នឹកស្មាន​ដល់​មួយ​។ លោក​និង​ភរិយា​បាន​កក់​កន្លែង​កម្សាន្ដ​មួយ​នៅ​មាត់សមុទ្រ​នៅក្បែរ​ទីក្រុង​Yongpyong  ប៉ុន្ដែ​នៅពេល​ពួកគេ​ធ្វើដំណើរ​ទៅ​រមណីយដ្ឋាន​នោះ បុគ្គលិក​បាន​ហាមឃាត់​មិនឲ្យ​ពួកគេ​ចូល​ឡើយ​។ មូលហេតុ​គឺថា​ពួកគេ​ជា​ជន​ជាតិចិន ពួកគេ​អាច​បង្កបញ្ហា​ដល់​ភ្ញៀវ​ដទៃទៀត​។ ទោះបី​លោក​បាន​ព្យាយាម​បង្ហាញ​ភស្ដុតាង​ថា​បាន​ចាកចេញ​ពី​ប្រទេស​ចិន​១០​ថ្ងៃ​មកហើយ និង​បញ្ជាក់ថា​គ្មាន​ផ្ទុក​វីរុស​កូរ៉ូណា សណ្ឋាគារ​នៅ​រមណីយដ្ឋាន​នៅតែ​បដិសេធ​មិនឲ្យ​ពួកគេ​ស្នាក់នៅ​ដដែល​។ លោក​បាន​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​Weibo ហើយ​មាន​អ្នក​ចូល​ឆ្លើយតប​ថា យ៉ាងហោចណាស់​ក៏មាន​ជនជាតិ​ចិន​បួន​នាក់​ផ្សេងទៀត​ដែល​ជួប​រឿង​ដូចគ្នានេះ​នៅ​កូរ៉េខាងត្បូង​។​

​ដោយ​មើលឃើញ​ពី​ការរើសអើង​ដូច្នេះ នៅក្នុង​ប្រទេស​បារាំង​មាន​ការសរសេរ​សារ​មួយ​ថា #JeNeSuisPasUnVirus ឬ​ខ្ញុំ​មិនមែនជា​វីរុស​កូរ៉ូណា​ទេ អំពាវនាវ​ឲ្យ​បញ្ចប់​សកម្មភាព​រើសអើង​ទាក់ទង​នឹង​វីរុស​កូរ៉ូណា​។ ចំពោះ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក​អង់​តូ​នី​ញូ ហ្គួ​តែ​រ៉េសក៏​បានសម្ដែង​ការព្រួយបារម្ភ​អំពី​បញ្ហា​នេះដែរ​។ លោក​ថ្លែង​ក្នុង​សន្និសីទ​មួយ​ថា ក្នុងស្ថានភាព​ដូច​បច្ចុប្បន្ន​ដែល​កំពុង​ផ្ទុះឡើង​នូវ​វីរុស​កូរ៉ូណា វា​ងាយ​នឹង​ឈានទៅរក​ទស្សនៈ​ដែលមាន​ការរើសអើង​លើ​មនុស្ស​ស្លូតត្រង់ មាន​ទំនោរ​ទៅរក​ការរំលោភ​សិទ្ធិមនុស្ស ដូច្នេះ​វា​សំខាន់​ណាស់​ដែល​ត្រូវ​ចៀសវាង​បញ្ហា​នេះ​៕

ព័ត៌មានផ្សេងទៀត