​លោក​សម រង្ស៊ី​​ផ្ដើម​រៀបចំ​យុទ្ធសាស្ត្រ​​ចូលមក​កម្ពុជា​ជាថ្មី​ម្ដងទៀត​​

10-02-2020 11:59 am 463

លោក សម រង្ស៊ី អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដើម​រៀបចំ​យុទ្ធសាស្ត្រ ដើម្បី​វិល​ចូលក្នុង​ប្រទេស​កម្ពុជា ជាថ្មី​ម្ដងទៀត​នៅ​ឆ្នាំ​២០២០​នេះ ក្រោយពី​មាន​ការរារាំង​រូបលោក និង​បក្សពួក មិនឱ្យ​វិល​ចូល​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​។ លោក សម រង្ស៊ី បាន​គូសបញ្ជាក់ថា ការវិលត្រឡប់​មក​ប្រទេស​កម្ពុជា​លើក​នេះ មិនមែន​មានតែ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​។

​ក្រោយពី​ប្រកាសថា នឹង​វិលត្រឡប់​ចូលមក​ប្រទេស​កម្ពុជា​ជាថ្មី​ម្ដងទៀត នៅ​ឆ្នាំ​២០២០​នេះ លោក សម រង្ស៊ី អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្ដើម​រៀបចំ​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​របស់ខ្លួន ដែល​លោក​ថា​សកម្មភាព​និង​ផែនការ​យុទ្ធសាស្ត្រ នឹង​ធ្វើឱ្យ​មត់​ចត់​ជាង​មុន​។ លោក សម រង្ស៊ី បាន​គូសបញ្ជាក់ថា គម្រោង​មាតុភូមិនិវត្តន៍​ជាថ្មី​ម្ដងទៀត​នេះ គឺ​មិនមែន​ធ្វើ​សម្រាប់តែ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្មាន​នាក់​នោះទេ គឺមាន​ការចូល​ពី​ប្រជាពលរដ្ឋនៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​…………

​សំឡេង​៖

​អតីត​ប្រមុខ​ដឹកនាំ​គណបក្សប្រឆាំង​រូបនេះ ក៏​បានបញ្ជាក់​អំពី​គោលដៅ​ការវិលត្រឡប់​ចូលមក​ប្រទេស​កម្ពុជា​ជាថ្មី​ម្ដងទៀត​នេះ គឺ​ដើម្បី​ទាម​សិទ្ធិសេរីភាព​និង​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុងប្រទេស​កម្ពុជា ដែល​ត្រូវបាន​គេ​រំលោភ​សិទ្ធិសេរីភាព ក៏ដូចជា​ទទួលរង​នូវ​ភាពអយុត្តិធម៌​ជាដើម​។ ជាមួយគ្នានេះ​លោក សម រង្ស៊ី បាន​អំពាវនាវ​ឱ្យ​អ្នកគាំទ្រ ក៏ដូចជា​ប្រជាពលរដ្ឋ ឱ្យ​ត្រៀម​ចូលរួម​ធ្វើ​សកម្មភាព ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​នឹង​ប្រកាស​អំពី​ផែនការ​សកម្មភាព និង​យុទ្ធសាស្ត្រ​ផ្សេងៗ​របស់ខ្លួន នាពេល​ខាងមុខនេះ​។​

​ពាក់ព័ន្ធ​ការវិលត្រឡប់​ចូលមក​ប្រទេស​កម្ពុជា​ជាថ្មី​ម្ដងទៀត​របស់លោក សម រង្ស៊ី ត្រូវបាន​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ថា​នេះ​គ្រាន់តែ​ជា​ល្បិចកល់​ថ្មី បន្ថែម​លើ​ភាពបរាជ័យ​យ៉ាង​ជូរចត់ កាលពី​ថ្ងៃទី​០៩ វិច្ឆិកា ឆ្នាំ​២០១៩ តែប៉ុណ្ណោះ ហើយ​លោក​ថែមទាំង​អះអាងថា ជីវិត​នយោបាយ​របស់​លោក សម រង្ស៊ី បានបញ្ចប់​តាំងពី​ថ្ងៃទី​០៩ វិច្ឆិកា ឆ្នាំ​២០១៩​មក​ម្លេះ​…………

​សំឡេង​៖

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ លោក សម រង្ស៊ី បានប្រកាស​វិលត្រឡប់​ចូលមក​ប្រទេស​កម្ពុជា​វិញ ប៉ុន្តែ​ត្រូវ​រដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​រារាំង ដោយ​ប្រើ​គ្រប់​មធ្យោបាយ មិនឱ្យ​លោក សម រង្ស៊ី ព្រមទាំង​បក្សពួក វិល​ចូលក្នុង​ប្រទស​កម្ពុជា​បានឡើយ​៕

ព័ត៌មានផ្សេងទៀត