នាយករដ្ឋមន្ដ្រី​ថៃ​​ប្ដេជ្ញា​​មិន​ឲ្យមាន​​ការបាញ់ប្រ​ហា​រ​​កើតឡើង​​ទៀតឡើយ​

10-02-2020 10:09 am 413

​មនុស្ស​ស្លាប់​ក្នុង​ការបាញ់ប្រហារ​ពី​ខ្មាន់កាំភ្លើង​ជា​យោធា​ថៃ​កាលពី​ថ្ងៃទី​០៨​ខែ​កុម្ភៈ កើនឡើង​ដល់​២៩​នាក់​ហើយ​បន្ទាប់ពី​អ្នករបួសធ្ងន់​ស្លាប់​បន្ដទៀត​។ ក្រៅពីនេះ​មាន​មនុស្ស​ប្រមាណ​៥៧​នាក់​រងរបួស នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​BBC​ដកស្រង់​សម្ដី​នាយករដ្ឋមន្ដ្រី​ថៃ​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា​។  លោក​នាយករដ្ឋមន្ដ្រី​ជឿជាក់ថា​ខ្មាន់កាំភ្លើង​មាន​ជាប់ទាក់ទង​នឹង​ជម្លោះ​ផ្ទាល់ខ្លួន​រឿង​បំណុល ក្នុងនោះ​ក៏​ជាប់​ពាក់ព័ន្ធ​នឹង​សាច់ញាតិ​មេបញ្ជាការ​ជា​ថ្នាក់លើ​ខ្លួន ដែល​អ្នក​ទាំងពីរ​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​នៅ​មូលដ្ឋាន​យោធា​។ 

​លោក​ប្រា​យុទ្ធ​សង្កត់ធ្ងន់ថា លោក​សង្ឃឹម​នេះ​គឺជា​ឧប្បត្ដិហេតុ​តែមួយ​គត់​និង​ចុងក្រោយ​បំផុត វា​នឹង​មិនអាច​កើតឡើង​ម្ដង​ទៀតឡើយ​។ គ្មាន​នរណាម្នាក់​ចង់ឲ្យ​រឿងនេះ​កើតឡើង​ទៀត​ទេ ហើយ​វា​អាច​បណ្ដាលមកពី​សុខភាព​ផ្លូវចិត្ដ​របស់​យោធា​ជា​ខ្មាន់កាំភ្លើង ទើប​បណ្ដាលឲ្យមាន​សោកនាដ​កម្ម​ដូច្នេះ​។ 

​គួរ​បញ្ជាក់ថា យោធា​ជា​ខ្មាន់កាំភ្លើង​ឈ្មោះ​ច​ក្រា​ផាន់ ថូ​ម៉ា​(Jakraphanth Thomma) ត្រូវបាន​បាញ់សម្លាប់​នៅ​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៩​ខែ​កុម្ភៈ នៅក្នុង​ផ្សារ​ទំនើប​Terminal 21​នៅក្នុង​ទីក្រុង​ណា​ខន​រ៉ាត់​ចា​ស៊ី​ម៉ា​ខេត្ដ​ណា​ខន​រ៉ាត់​ចា​ស៊ី​ម៉ា​ប្រទេស​ថៃ បន្ទាប់ពី​ត្រូវ​យោធា​និង​ប៉ូលិស​ឡោមព័ទ្ធ​ពេញ​មួយ​យប់​នៅក្នុង​ផ្សារ​ទំនើប​។ រូបគេ​បានធ្វើ​សកម្មភាព​កាលពី​ម៉ោង​៣​រសៀល​ថ្ងៃទី​៨​ខែ​កុម្ភៈ ដោយបាន​បើក​ការបាញ់ប្រហារ​ទាំង​កម្រោល​លើ​យោធា​និង​ជន​ស៊ីវិល​។ 

​ដំបូង​បាន​បើក​ការ​ការបាញ់ប្រហារ​នៅក្នុង​ជំរុំ​យោធា  ដោយ​បានសម្លាប់​មេបញ្ជាការ​យោធា​និង​ម្តាយក្មេក​មេបញ្ជាការ​រូបនោះ​ព្រមទាំង​យោធា​ម្នាក់ទៀត មុន​លួច​អាវុធ​ក្នុង​ជំរុំ​បន្តទៅ​បាញ់សម្លាប់​មនុស្ស​នៅ​តាមផ្លូវ​និង​នៅក្នុង​ផ្សារ​Terminal 21​។ យោធា​រូប​នោះបាន​ឃុំ​ខ្លួនឯង​នៅក្នុង​ផ្សារ​ហើយ​ប៉ូលិស​និង​កងកម្លាំង​យោធា បាន​ជម្លៀស​មនុស្សម្នា​ខ្ទង់រយ​នាក់​ចេញពី​ក្នុង​ផ្សារ និង​ឡោមព័ទ្ធ​ផ្សារ​ព្រមទាំង​នាំ​ម្តាយ​ខ្មាន់កាំភ្លើង​ទៅកាន់​ផ្សារ​ទំនើប​នោះ​ផងដែរ ដើម្បី​លួងលោម​បញ្ចុះបញ្ចូល​កូនប្រុស​ឲ្យ​យល់ព្រម​ប្រគល់​ខ្លួន​។​

​មុនពេល​ធ្វើ​សកម្មភាព​យោធា​អាយុ​៣២​ឆ្នាំ​រូបនោះ បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​បង្ហាញ​ពី​ការសងសឹក តែ​មិន​បញ្ជាក់​លម្អិត​ពី​ការ​សងសឹក​នោះទេ ហើយ​បង្ហោះ​រូប​កាំភ្លើង​ព្រមទាំង​បញ្ជាក់ថា ដល់ពេល​ភ្ញាក់ផ្អើល​ហើយ គ្មាន​នរណាម្នាក់​ចៀស​ផុតពី​សេចក្តីស្លាប់​ឡើយ​។ ខ្មាន់កាំភ្លើង​បាន​បង្ហោះ​សារ​បន្តបន្ទាប់​ចន្លោះពេល​បាញ់ប្រហារ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ដោយមាន​ខ្លឹមសារ​មួយចំនួន​ថា តើ​រូបគេ​គួរតែ​ចុះចាញ់​ឬ​យ៉ាងណា​? យ៉ាងណាក៏ដោយ​សារ​ទាំង​នោះ ត្រូវបាន​ក្រុមហ៊ុន​ហ្វេ​សប៊ុក លុបចោល និង​ដក​គេហទំព័រ​ហ្វេ​សប៊ុក​ផ្ទាល់ខ្លួន​របស់​យោធា​ម្នាក់​នោះចេញ​ផងដែរ ដោយ​បញ្ជាក់ថា​មិនមាន​កន្លែង​នៅលើ​ហ្វេ​សប៊ុក សម្រាប់​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​ប្រភេទ​នេះ​ទេ ហើយក៏​មិន​អនុញ្ញាតឲ្យ​មនុស្ស​សរសើរឬ​គាំទ្រ​ការវាយប្រហារ​នេះដែ​រ​។​

​ករណី​បាញ់ប្រហារ​យ៉ាង​សាហាវ​បែបនេះ កម្រ​កើតមាន​ណាស់​នៅ​ក្នុងប្រទេស​ថៃ លើកលែងតែ​នៅ​តំបន់​ភាគខាងត្បូង​ប្រទេស ជា​កន្លែង​ដែលមាន​អំពើ​ភេរវកម្ម​បង្កឡើង​ដោយ​ពួក​ឧទ្ទាម​ទាមទារ​ផ្តាច់​ទឹកដី​៕

ព័ត៌មានផ្សេងទៀត