ប្រវត្ដិ​លោក​គីម ជុង​អ៊ុន​​មេដឹកនាំ​​វ័យក្មេង​​ដ៏​មាន​ឥទ្ធិពល​​របស់​កូរ៉េខាងជើង​

09-02-2020 9:26 pm 577

លោក​គីម ជុង​អ៊ុន​គឺជា​មេដឹកនាំ​ក្មេង​បំផុត​របស់​កូរ៉េខាងជើង គឺមាន​វ័យ​ប្រមាណ​ជិត​៤០​ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្ដែ​លោក​ត្រូវបាន​គេ​ស្ទាល់​ជុំវិញ​ពិភពលោក​។ ស្គាល់​ខ្លាំង​បំផុត​គឺ​ការបញ្ជាឲ្យ​ធ្វើតេស្ដ​អាវុធ​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​យ៉ាង​កក្រើក​ជា​ច្រើនលើកច្រើនសារ ហើយ​រឿង​ដែល​ល្បីល្បាញ​មួយទៀត​លោក​ជា​មេដឹកនាំ​កូរ៉េខាងជើង​ទីមួយ យល់ព្រម​ជួបចរចា​ជាមួយ​ប្រធានាធិបតី​អាមេរិក ដើម្បី​ពិភាក្សា​ពី​ការផ្លាស់ប្ដូរ​គោលនយោបាយ​សំខាន់ៗ​។ 

​ជី​វប្រ​វត្ដិ​

​លោក​គីម ជុង​អ៊ុន​កើត​នៅ​ថ្ងៃទី​០៨​ខែមករា​ឆ្នាំ​១៩៨៣ តែ​ឯកសារ​ខ្លះ​ថា​ឆ្នាំ​១៩៨៤ ខ្លះ​ថា​ឆ្នាំ​១៩៨២ ដូច្នេះ​បើ​គិតពី​វ័យ​របស់លោក​នៅពេលនេះ​ចន្លោះ​ពី​៣៦​ទៅ​៣៨​ឆ្នាំ​។ ភាពមិន​ច្បាស់ការ​នេះ​ដោយសារតែ​ព័ត៌មាន​ទាក់ទង​នឹង​ប្រវត្ដិ​មេដឹកនាំ​ផ្ដាច់កា​ររូប​នេះ ត្រូវបាន​គេ​ដឹង​តិចតួច​បំផុត​។ លោក​គីម​គឺជា​កូន​ទី​ពីរ​ក្នុងចំណោម​បងប្អូន​បីនាក់ ឪពុក​របស់លោក​ឈ្មោះ​គីម ជុងអ៊ីល​ជា​អតីត​មេដឹកនាំ​កូរ៉ូខាងជើង ចំណែក​ម្ដាយ​ឈ្មោះ​កូ យ៉ុង​ហ៊ួយ​ជា​អ្នកចម្រៀង​អូ​ប៉េ​រ៉ា​។ ជីតា​របស់លោក​គីម ជុង​អ៊ុន​គឺ​លោក​គីម អ៊ី​ល​សុង  ស្ថាបនិក​ប្រទេស​កូរ៉េខាងជើង​។​

​បងប្អូន​ទាំងបី​នាក់​របស់លោក​គីម ជុង​អ៊ុន​ដែលមាន​ស្រី​ម្នាក់ មានការ​បញ្ជាក់ថា​បាន​ទៅ​រស់នៅ​ក្នុងប្រទេស​ស្វីស​ទាំងអ​ស់​។ មាន​របាយការណ៍​មួយ​និយាយថា​លោក​គីម ជុង​អ៊ុន​បាន​ចូលរៀន​នៅ​សាលា​ឯកជន​ក្នុងប្រទេស​ស្វីស ដោយ​ប្រើ​ឈ្មោះ​ចូល​ប៉ាក​ឬ​ប៉ាក​ចូល​ពី​ឆ្នាំ​១៩៩៣-១៩៩៨​។ លោក​គឺជា​ក្មេង​អៀនប្រៀន​ច្រើន ជា​សិស្ស​ដែលមាន​ទំនាក់ទំនង​ល្អ​ម្នាក់​ជាមួយ​មិត្ដ​រួម​ថ្នាក់ និង​ជា​អ្នកគាំទ្រ​កីឡាបាល់បោះ​។ ប៉ុន្ដែ​ក្រោយមក​មានការ​បញ្ជាក់ថា អ្នក​ដែល​បាន​ចូលរៀន​នៅ​សាលា​ភាសា​អង់គ្លេស​ឯកជន​នោះ គឺជា​បងប្រុស​របស់លោក​ទេ​ឈ្មោះ​គីម ជុង​ចូល​។ បន្ទាប់មកទៀត​មាន​ព័ត៌មាន​ថា​លោក​គីម ជុង​អ៊ុន​បាន​ចូលរៀន​នៅ​សាលា​រដ្ឋ​ក្នុងប្រទេ​សស្វី​សវិញ ពី​ឆ្នាំ​១៩៩៨-២០០០​។  លោក​ក៏​មិន​ខុសពី​បងប្រុស​ដែរ គឺជា​មនុស្ស​អៀន​ច្រើន​ពិសេស​គឺ​ការទាក់ទង​ជាមួយនឹង​ក្មេងស្រីៗ ហើយក៏​មិន​រវល់​នឹង​រឿង​នយោបាយ​អ្វី​ដែរ​។ បើតាម​ឯកសារ​ថ្មី​បញ្ជាក់ថា​លោក​គីម ជុង​អ៊ុន​បានរស់នៅ​ក្នុងប្រទេស​ស្វីស តាំងពី​ឆ្នាំ​១៩៩១​ឬ​១៩៩២ គឺ​មុន​ការបញ្ជាក់​ក្នុង​របាយការណ៍​មុនៗ​។ 

​ដ្បិតថា​បាន​សិក្សា​នៅ​ក្នុងប្រទេ​សស្វី​សមែន ប៉ុន្ដែ​លោក​គីម ជុង​អ៊ុន​បានទទួល​បរិញ្ញាបត្រ​ចំនួន​ពីរ ពី​សាកលវិទ្យាល័យ​ក្នុងប្រទេស​កូរ៉េខាងជើង​ទេ ក្នុងនោះ​មាន​បរិញ្ញាបត្រ​រូបវិទ្យា​និង​បរិញ្ញាបត្រ​យោធា​នៅ​សាកលវិទ្យាល័យ​Kim Il-sung Military University​។​

​ពាក់ព័ន្ធ​នឹង​ជីវិត​អាពាហ៍ពិពាហ៍ លោក​គីម ជុង​អ៊ុន​បាន​រៀបការ​ជាមួយ​អ្នកស្រី​រី សូល​ជូ​(Ri Sol-ju)​ក្នុង​ឆ្នាំ​២០០៩​។ អ្នកស្រី​រី​កើត​នៅ​ចន្លោះ​ឆ្នាំ​១៩៨៥-៨៩​។ ចំណង​អាពាហ៍ពិពាហ៍​លោក​មានកូន​ប្រហែល​បីនាក់ ព្រោះ​ពុំមាន​ព័ត៌មាន​ច្បាស់ការ​ពី​ក្រុមគ្រួសារ​របស់លោក​។​

​ការ​ប្រឡូក​ក្នុង​ឆាកនយោបាយ​

​លោក​គីម ជុង​អ៊ុន​បានប្រែក្លាយ​ពី​ក្មេង​មិន​ចាប់អារម្មណ៍​ពី​នយោបាយ ទៅជា​មេដឹកនាំ​កូរ៉េខាងជើង​ក្រោយ​មរណភាព​ឪពុក​លោក​ក្នុង​ឆ្នាំ​២០១១​។ តាមពិត​អ្នក​ដែល​គ្រោង​តែងតាំង​ឲ្យធ្វើជា​មេដឹកនាំ​កូរ៉េខាងជើង​គឺលោក​គីម ជុង​ណា​ម​ទេ ដែលជា​បងប្អូន​ម្ដាយ​ទីទៃ​ជាមួយ​លោក​គីម ជុង​អ៊ុន​។ ប៉ុន្ដែ​លោក​គីម ជុង​ណា​ម​ធ្លាប់មាន​បញ្ហា​មួយចំនួន ក្នុងនោះ​មាន​ការបន្លំ​ចូល​ប្រទេស​ជប៉ុន​ដោយ​ប្រើ​លិខិតឆ្លងដែន​ក្លែងក្លាយ​ជាដើម​។ លោក​គីម ជុង​ណា​ម​ត្រូវបាន​គេ​សម្លាប់​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​កាលពី​ឆ្នាំ​២០១៧ សង្ស័យថា​ចារកម្ម​កូរ៉េខាងជើង​ជា​អ្នកធ្វើ​។​

​ចុងក្រោយ​អ្នក​ស្នង​តំណែង​ជា​មេដឹកនាំ​កូរ៉េខាងជើង​គឺ​លោក​គីម ជុង​អ៊ុន ព្រោះ​លោក​មាន​អត្ដ​ចរិត​ស្រដៀង​នឹង​ឪពុក​។ លោក​ត្រូវ​បានរៀបចំ​ទុកឲ្យ​បន្ដ​តំណែង​ពី​ឪពុក​តាំងពី​ចុងឆ្នាំ​២០១០ ហើយ​ក្រោយ​ឪពុក​ស្លាប់​នៅ​ថ្ងៃទី​១៧​ខែធ្នូ​ឆ្នាំ​២០១១ លោក​គីម ជុង​អ៊ុន​ក៏ត្រូវ​តែងតាំង​ជា​មេដឹកនាំ​កំពូល​កូរ៉េខាងជើង​ផ្លូវការ​។ លោក​ត្រូវ​តែងតាំង​ជា​មេបញ្ជាការ​កងទ័ព​កូរ៉េខាងជើង​នៅ​ថ្ងៃទី​៣០​ខែធ្នូ​ឆ្នាំ​២០១១ និង​ទទួល​មុខតំណែង​ធំៗ​ជា​បន្ដបន្ទាប់​ក្នុង​ជួ​រដ្ឋាភិបាល​កូរ៉េខាងជើង​ក្រៅតែពី​ជា​មេដឹកនាំ​ប្រទេស ដូចជា​ប្រធាន​គណបក្ស​ពលករ​កូរ៉េខាងជើង និង​ប្រធាន​គណៈកម្មាធិការ​កិច្ចការបរទេស​រដ្ឋ​ជាដើម​។ 

​នៅ​ខែកក្កដា​ឆ្នាំ​២០១២​លោក​គីម ជុង​អ៊ុន បាន​បង្ហាញឲ្យឃើញពី​ការផ្លាស់​ប្ដូរ​គោលនយោបាយ​វប្ប​ធម៌​ខុសពី​ឪពុក​របស់លោក តាមរយៈ​ការចូលរួម​ក្នុង​ការប្រគុំ​តន្ដ្រី​Moranbong Band ជា​ការប្រគុំ​តន្ដ្រី​លាយឡំ​ជាមួយ​វប្បធម៌​នៃ​ប្រទេស​លោកខាងលិច ជាពិសេស​គឺ​សហរដ្ឋអាមេរិក​។ លោក​គីម​បាន​ប្រើ​ព្រឹត្ដិការណ៍​នេះ​បង្ហាញមុខ​ភរិយាជា​លើក​ដំបូង​។ ការផ្លាស់ប្ដូរ​ទាំងអស់​នេះ​មិន​ធ្លាប់​មាននៅ​កូរ៉េខាងជើង​ទេ​កន្លងមក​។ ក្នុង​ឆ្នាំ​២០១២​នោះដែរ​មេ​ចុងភៅ​ផ្ទាល់ខ្លួន​លោក​គីម ជុង​អ៊ុន​ជា​ជនជាតិ​ជប៉ុន​ឈ្មោះ​Kenji Fujimoto បាន​ទៅលេង​នៅ​ប្រទេស​កូរ៉េខាងជើង ហើយ​និយាយថា​ហាង​នានា​នៅ​ទីក្រុង​ព្យុងយ៉ាង​ពោរពេញ​ដោយ​មុខទំនិញ​និង​ផលិតផល​ជាច្រើន ហើយ​ប្រជាជន​នៅតាម​ដងផ្លូវ​មើលទៅ​គួរឲ្យ​រីករាយ​ណាស់​។ កូរ៉េខាងជើង​បាន​ផ្លាស់ប្ដូរ​ច្រើន​ដោយសារតែ​លោក​គីម ជុង​អ៊ុន​ជា​មេដឹកនាំ​។ 

​នៅក្នុង​ការ​កាន់អំណាច​របស់លោក មាន​សេចក្ដីរាយការណ៍​ដែរ​ថា​លោក​បាន​ប្រហារជីវិត​និង​ដកហូត​មុខតំណែង​មន្ដ្រីជាន់ខ្ពស់​ជាច្រើនរូប​ក្នុងន័យ​ពង្រឹង​ការគ្រប់គ្រង​ប្រទេស​។ ក្នុងចំណោម​នោះ​ក៏មាន​ឪពុកមា​របស់លោក​ឈ្មោះ​ចាង សុង​ថែ​ក ដែល​គេ​ជឿជាក់ថា​មាន​តួនាទី​យ៉ាងសំខាន់​ក្នុង​ជំនាន់​លោក​គីម ជុងអ៊ីល​កាន់តំណែង ហើយក៏​ជា​ទីប្រឹក្សា​ជំនិត​ម្នាក់​របស់​ក្មួយបង្កើត​គឺ​លោក​គីម ជុង​អ៊ុន​នេះឯង​។ លោក​ចាង សុង​ថែ​ក​ត្រូវបាន​ប្រហារជីវិត​ក្នុង​ឆ្នាំ​២០១៣ ក្រោម​បទ​ចោទ​ប្រព្រឹត្ដ​អំពើពុករលួយ​និងមាន​ឥរិយាបថមិន​សមរម្យ​។​

​ស្ថិតក្រោម​ការដឹកនាំរ​បស់​លោក​គីម ជុង​អ៊ុន លោក​ក៏បាន​ផ្លាស់ប្ដូរ​គោលនយោបាយ​ផ្នែក​សេដ្ឋកិច្ច​ផងដែរ​។ នៅ​ឆ្នាំ​២០១៣​វិធានការ​គ្រប់គ្រង​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ត្រូវ​បានប្រកាស ដើម្បី​បង្កើន​ស្វ័យភាព​សហគ្រាស​និង​ផ្ដល់​សិទ្ធិ​ជាក់លាក់​មួយចំនួន ដើម្បី​ចូលរួម​សកម្មភាព​អាជីវកម្ម​ដោយ​ស្វ័យប្រវត្ដិ និង​បង្កើន​ឆន្ទៈ​ក្នុង​ការធ្វើការ តាមរយៈ​អាទិភាព​នៃ​គោលនយោបាយ​សេដ្ឋកិច្ច​។ គោលនយោបាយ​សេដ្ឋកិច្ច​អាទិភាព​មួយទៀត​គឺ​ទាក់ទង​នឹង​កសិកម្ម ដែល​គោលនយោបាយ​នេះ​បាន​បង្កើន​ទិន្នផល​ច្រើនជាង​មុន​។ តែ​យ៉ាងណាមិញ​កូរ៉េខាងជើង​នៅតែ​ត្រូវបាន​អន្ដរជាតិ​វាយតម្លៃថា មាន​វិបត្ដិ​ស្បៀងអាហារ​ដដែល​។​

​ការបង្កើន​ប្រជាប្រិយភាព​

​កត្ដា​ដែល​លោក​គីម ជុង​អ៊ុន​ល្បីល្បាញ​កាន់តែខ្លាំង​លើ​ឆាក​អន្ដរជាតិ គឺ​លោក​ជា​មេដឹកនាំ​កូរ៉េខាងជើង​ទីមួយ​ដែល​បាន​ជួបចរចា​ជាមួយ​ប្រធានាធិបតី​អាមេរិក​។ លោក​បាន​ជួប​ជាមួយ​លោក​ដូណាល់ ត្រាំ​ដល់​ទៅ​បី​លើក លើកទីមួយ​នៅ​ប្រទេស​សិង្ហ​បុរី​នា​ថ្ងៃទី​១២​ខែមិថុនា​ឆ្នាំ​២០១៨ លើក​ទី​ពីរ​នៅ​ប្រទេស​វៀតណាម​ថ្ងៃទី​២៧-២៨​ខែកុម្ភៈ​ឆ្នាំ​២០១៩ ទាំងពីរ​លើក​នេះ​ជា​កិច្ច​ជំនួប​ចរចា​ផ្លូវការ តែ​ការជួបគ្នា​នៅ​ប្រទេស​វៀតណាម​ពុំ​ទទួលបាន​លទ្ធផល​ដូច​នៅ​ប្រទេស​សិង្ហ​បុរី​ទេ​។ 

​ចំណែក​ជំនួប​លើក​ទី​បី​គឺ​នៅ​ថ្ងៃទី​៣០​ខែមិថុនា​ឆ្នាំ​២០១៩ នៅ​តំបន់​ព្រំដែន​គ្មាន​យោធា​កូរ៉េខាងជើង​-​កូរ៉េខាងត្បូង ប៉ុន្ដែ​នោះ​គ្រាន់​ជាការ​ឆ្លៀត​ជួបគ្នា​ក្នុងពេល​លោក​ត្រាំ​ទៅ​កូរ៉េខាងត្បូង​ប៉ុណ្ណោះ​។ កិច្ច​ជំនួប​លើកដំបូង មាន​ការព្រមព្រៀង​លើ​ដំណើរការ​រំលាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង ទោះបី​បច្ចុប្បន្នកំពុង​ជាប់គាំង តែ​វា​ក៏​ជា​សញ្ញា​មួយ​បង្ហាញឲ្យឃើញថា លោក​គីម ជុង​អ៊ុន​បាន​គិតគូរ​កាន់តែខ្លាំង​ពី​ផលប្រយោជន៍​ប្រទេសជាតិ​និង​ប្រជាជន គឺ​ហ៊ាន​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​ដូរ​យក​ការលើកលែង​ទណ្ឌកម្ម​សេដ្ឋកិច្ច​។ 

​លោក​គីម ជុង​អ៊ុន​ក៏បាន​ជួប​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​មូន ជែ​អ៊ីន ជា​រឿង​មួយ​មិន​ធ្លាប់មាន​ក្នុង​ប្រវត្ដិសាស្ដ្រ​ដែរ​។ កិច្ច​ជំនួប​ជាមួយ​កូរ៉េខាងត្បូង​ដើម្បី​បង្ហាញ​គោលជំហរ​រឹតចំណង​មិត្ដ​ភាពឡើ​ង​វិញ និង​លុបចោល​ចេតនា​បង្កហេតុ​នានា​ដែល​ធ្វើឲ្យប៉ះពាល់​ដល់​សន្ដិភាព ស្ថិរភាព​នៅលើ​ឧបទ្វីប​កូរ៉េ ក្រោយ​កាត់ផ្ដាច់​សាច់ឈាម​ជា​ប្រទេស​ពីរ​ផ្សេងគ្នា​បន្ទាប់ពី​សង្គ្រាម​ឆ្នាំ​១៩៥០-១៩៥៣​។ លោក​គីម ជុង​អ៊ុន​ក៏បាន​ជួប​បណ្ដា​មេដឹកនាំ​ផ្សេងៗ​ទៀត តួយ៉ាង​មាន​ប្រធានាធិបតី​ចិន ប្រធានាធិបតី​រុស្ស៊ី ដើម្បី​រឹតចំណង​មិត្ដភាព​ឲ្យ​កាន់តែ​រឹងមាំ​។ មេដឹកនាំ​អន្ដរជាតិ​ចាប់ផ្ដើម​វាយតម្លៃ​លើ​លោក​គីម ជុង​អ៊ុន​ថា លោក​ចាប់ផ្ដើម​ចង់​ផ្លាស់ប្ដូរ​ប្រទេស​បន្ដិច​ម្ដងៗ​ពី​រដ្ឋ​នុយក្លេអ៊ែរ​ឯកា ធ្លាប់តែ​រង​ការគំរាមកំហែង​ពី​អន្ដរជាតិ ទៅជា​រដ្ឋ​ដែលមាន​ទំនាក់ទំនង​ល្អ​ជាមួយ​ពិភពលោក​វិញ​។​

​ជារួម​ទោះបី​លោក​គីម ជុង​អ៊ុង​នៅ​វ័យក្មេង ចូល​កាន់តំណែង​មេដឹកនាំ​ទាំង​គ្មាន​បទពិសោធន៍ ប៉ុន្ដែ​លោក​ក៏មាន​ការទទួលស្គាល់​ពី​ប្រជាជន​កូរ៉េខាងជើង​ថា​ជា​មេដឹកនាំ​ខ្លាំង បាន​ព្យាយាម​កែប្រែ​គោលនយោបាយ​គ្រប់គ្រង​ប្រទេស គោលនយោបាយ​សេដ្ឋកិច្ច និង​បានបង្ហាញ​ឲ្យ​ពិភពលោ​កថា​លោក​គឺជា​មេដឹកនាំ​ដែល​គួរឲ្យ​ខ្លបខ្លាច​មួយរូប​៕

ព័ត៌មានផ្សេងទៀត