អ្នកវិទ្យាសាស្ត្រ​កំពុង​ប្រណាំងប្រជែង​បង្កើត​វ៉ាក់សាំង​ទប់ទល់​វីរុស​កូរ៉ូណា​

09-02-2020 4:52 pm 383

​អ្នកវិទ្យាសាស្ត្រ​មកពី​សហរដ្ឋអាមេរិក​និង​អូស្ត្រាលី កំពុង​ប្រើ​បច្ចេកវិទ្យា​ថ្មី ដើម្បី​បង្កើត​វ៉ាក់សាំង​ឲ្យទាន់​ពេលវេលា ដើម្បី​ដោះស្រាយ​ការផ្ទុះ​ឡើង​នៃ​វីរុស​កូរ៉ូ​ណានៅប្រទេ​សចិន​។ ក្រុមហ៊ុន Moderna Therapeutics កំពុងធ្វើការ​ក្នុង​កិច្ចសហការ​ជាមួយ​វិទ្យាស្ថាន​សុខភាព​ជាតិ​អា​មរិក ខណៈ​ក្រុមហ៊ុន Inovio Pharmaceuticals និង​សាកលវិទ្យាល័យ​ឃ្វីន​លែន​ក្នុងប្រទេស​អូស្ត្រាលី កំពុង​ស្វែងរក​វិធី​ផ្សេង​។ ការស្រាវជ្រាវ​វ៉ាក់សាំង​ណាមួយ ត្រូវ​ចំណាយពេល​យូរ ហើយ​ត្រូវ​ឆ្លងកាត់​ការធ្វើ​តេស្ត ប្រើ​រយៈពេល​វែង លើ​សត្វ ការពិសោធន៍​លើ​មនុស្ស ដើម្បី​ប្រាកដថា​មាន​ប្រសិទ្ធភាព​និង​សុវត្ថិភាព ទើប​សម្រេច​ដាក់ឲ្យ​ប្រើប្រាស់​។ 

​មិនមែន​មាន​អ្នកវិទ្យាសាស្ត្រ​តែ​មួយក្រុម​ឬ​ពីរ​ក្រុម​នោះទេ ដែល​កំពុង​សិក្សា​ស្រាវជ្រាវ​រក​វ៉ាក់សាំង ពោល​មាន​ក្រុម​អ្នកជំនាញ​ជាច្រើន​ក្រុម​ទៀត​។ ក្រោម​ការគាំទ្រ​ពី​សម្ព័ន្ធ​អន្តរជាតិ​មួយ ដែលមាន​គោលបំណង​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ ដែល​កំពុង​លេចឡើង អ្នកជំនាញ​ទាំងនោះ​កំពុង​សស្រាក់សស្រាំ ដើម្បី​បង្កើត​វ៉ាក់សាំង​ឲ្យបាន​ឆាប់រហ័ស ក្នុង​គោលបំណង ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ដែល​កំពុង​រីក​រាលដាល​យ៉ាង​លឿន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ អ្នកវិទ្យាសាស្ត្រ​បារាំង នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កំពុងធ្វើកា​រងារ​សិក្សា​ពិសោធន៍ ប៉ុន្តែ​មិន​សង្ឃឹមថានឹង​ចប់​រួចរាល់​ក្នុង​រយៈពេល ២០ ខែ​នោះទេ ខណៈ មជ្ឈមណ្ឌល​ចិន​សម្រាប់​ការគ្រប់គ្រង​និង​បង្ការ​ជំងឺ ក៏បាន​ចាប់ផ្តើម​បង្កើត​វ៉ាក់សាំង​ផងដែរ​។​

​អ្នកវិទ្យាសាស្ត្រ​មួយរូប មកពី​សាកលវិទ្យាល័យ​អូស្ត្រាលី​នៃ​រដ្ឋ​ឃ្វីន​លែ​ន មាន​សុទ្ធិដ្ឋិនិយម​ថា យ៉ាងហោចណាស់​ក៏មាន​ក្រុម​អ្នកវិទ្យាសាស្ត្រ​មួយក្រុម ក្នុងចំណោម​ក្រុម​ស្រាវជ្រាវ​ផ្សេងទៀត​នៅក្នុង​ពិភពលោក នឹង​ទទួលបាន​ជោគជ័យ នៅក្នុង​បេសកកម្ម​ស្រាវជ្រាវ​បង្កើត​វ៉ាក់សាំង​ប្រយុទ្ធប្រឆាំង​វីរុស​កូរ៉ូ​ណានេះ​។ សម្រាប់​ក្រុម​អ្នកវិទ្យាសាស្ត្រ​អូស្ត្រាលី​រូបនេះ​សង្ឃឹមថា ពួកគេ​អាច​នឹង​បង្កើតបាន​វ៉ាក់សាំង​មួយ​រួចរាល់​ក្នុង​រយៈពេល​៦​ខែ ប៉ុន្តែ​រយៈពេល​ដែល​បាន​គ្រោងទុក​នេះ វា​ហាក់​យឺតយ៉ាវ​ខ្លាំង បើ​ធៀប​ទៅនឹង​ល្បឿន​នៃ​ការ​រាតត្បាត​នៃ​វីរុស​កូរ៉ូណា ដែលមាន​ខ្ទង់ពាន់​ករណី​ក្នុង​មួយថ្ងៃ និង​ស្លាប់​ស្ទើរតែ​ជិត​១០០​នាក់​ក្នុង​មួយថ្ងៃៗ​នៅក្នុង​ប្រទេស​ចិន​។​

​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនេះ ទទួលបាន​ការគាំទ្រ​ពី​មូលនិធិ​ពី​សម្ព័ន្ធ​សម្រាប់​ការ​ត្រៀមលក្ខណៈ​បង្ការ​មេ​រោគរាតត្បាត (CEPI) ដែលជា​ស្ថាប័ន​អន្តរជាតិ​បង្កើតឡើង​ក្នុង​ឆ្នាំ​២០១៧ ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដល់​ការស្រាវជ្រាវ​ជីវបច្ចេកវិជ្ជា​ខ្ពស់​។ ដោយមាន​បេសកកម្ម​ជំរុញ​ការអភិវឌ្ឍ​វ៉ាក់សាំង​នេះ មូលនិធិ​ពី​សម្ព័ន្ធ​សម្រាប់​ការ​ត្រៀមលក្ខណៈ​បង្ការ​មេ​រោគរាតត្បាត បាននិងកំពុង​ចំណាយ​ប្រាក់​រាប់លាន​ដុល្លារ​ទៅក្នុង​គម្រោង​ចំនួន ៤ នៅ​ជុំវិញ​ពិភពលោក​។ គម្រោង​សង្ឃឹមថានឹង​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី ដើម្បី​បង្កើត​វ៉ាក់សាំង​ដែល​អាច​យកមក​ធ្វើតេស្ត​បាន​នាពេល​ឆាប់ៗ​ខាងមុខ​។ កន្លងមក​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Moderna Therapeutics ដែលជា​អង្គភាព​មួយ ក្នុងចំណោម​អង្គភាព​ជាច្រើន ដែល​ចូលរួម​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ជា​អន្តរជាតិ ដើម្បី​បង្កើត​វ៉ាក់សាំង ធ្លាប់បាន​ព្រមាន​ថា ពុំមាន​ក្រុមហ៊ុន​មួយ​នឹង​អាចមាន​វ៉ាក់សាំង​ត្រៀម​រួចរាល់ សម្រាប់​ប្រើប្រាស់​បាន​មុន​ពាក់កណ្តាល​ឆ្នាំ​២០២០​នោះទេ​៕

ព័ត៌មានផ្សេងទៀត