មនុស្ស​ស្លាប់​ដោយសារ​វីរុស​កូរ៉ូណា​កើនលើស​៨០០​នាក់​

09-02-2020 11:16 am 397

​គណៈកម្មការ​សុខភាព​ជាតិចិន​និយាយ​នៅ​ថ្ងៃទី​៩​ខែកុម្ភៈ​ឆ្នាំ​២០២០​ថា មនុស្ស​ស្លាប់​ដោយសារតែ​វីរុស​កូរ៉ូណា នៅក្នុង​ប្រទេស​ចិន បាន​កើន​ដល់​៨១១​នាក់ និង​ឆ្លង​កើន​ដល់​៣៧ ១៩៨​នាក់​។ នៅ​ក្នុងនោះ ករណី​ស្លាប់​ថ្មី​មាន​ចំនួន​៨៩​នាក់ និង​ករណី​ឆ្លង​ថ្មី​មាន​ចំនួន​ជាង​២ ៦០០​។ នៅក្នុង​របាយការណ៍​បច្ចុប្បន្នភាព​ប្រចាំថ្ងៃរ​បស់​ខ្លួន គណៈកម្មការ​និយាយថា អ្នកស្លាប់​ថ្មី​ចំនួន ៨៩ នាក់ នៅ​ក្នុងនោះ ៨១ នាក់ នៅ​ខេត្ត​ហ៊ូ​ប៉ី​ជា​ជង្រុក​នៃ​វីរុស​នេះ ហើយ​ក្រៅពីនោះ នៅ​តំបន់​ផ្សេងទៀត ដែល​នាំឲ្យ​ចំនួន​អ្នកស្លាប់ហ​ក់​ឡើងដល់ ៨១១ នាក់​។ ចំនួន​អ្នកស្លាប់​ដោយសារតែ​វីរុស​កូរ៉ូ​ណាពេលនេះ គឺ​ខ្ពស់ជាង​ចំនួន​អ្នកស្លាប់​ទូទាំង​ពិភពលោក ដែល​បណ្តាលមកពី​វីរុស​Severe Acute Respiratory Syndrome (SARS) ដែល​បានសម្លាប់​មនុស្ស​ចំនួន ៧៧៤ នាក់​ក្នុង​ឆ្នាំ ២០០២-២០០៣​។​

​ចិន​បាន​តស៊ូ​ទប់​ទល់នឹង​វីរុស​កូរ៉ូ​ណាបច្ចុប្បន្ន ដោយ​បានដាក់​មនុស្ស​ប្រមាណ ៥៦ លាន​នាក់ ស្ថិតនៅក្រោម​ការរស់នៅ​ដាច់ដោយឡែក​នៅខេត្ដ​ហ៊ូ​ប៉ី​និង​ក្រុង​វូ​ហាននៃខេត្ដនេះ​។ ទីក្រុង​ផ្សេងទៀត​ដែល​នៅ​ឆ្ងាយ​ពី​ប្រភពដើម​នៃ​ការផ្ទុះ​វីរុស​កូរ៉ូណា ក៏​ត្រូវបាន​ចាត់វិធានការ ដើម្បី​រក្សា​ប្រជាជន​នៅ​ក្នុងផ្ទះ ដោយ​កំណត់​ចំនួន​មនុស្ស​ដែល​អាច​ចាក​ចេញពីផ្ទះ​បាន ដើម្បី​ចៀសវាង​ការចម្លង​ឬ​ឆ្លង​កាន់តែច្រើន​ថែមទៀត​។ 

​វីរុស​កូរ៉ូណា​ដែល​បង្កឲ្យមាន​ជំងឺរលាកសួត​ប្រភេទ​ថ្មី​នេះ បាន​រកឃើញ​ដំបូង​នៅ​ទី​រួម​ខេត្ត​ហ៊ូ​ប៉ី​នៃ​ទីក្រុង​វូ​ហាន​ប្រទេស​ចិន​កាលពី​ខែធ្នូ​ឆ្នាំ​២០១៩ ក្រោយមក​វា​បាន​រាលដាល​ទៅ​តំបន់​ផ្សេងៗ​ទៀត​នៅ​ក្នុងប្រទេស​ចិន និង​រាត្បា​ត​ទៅដល់​ប្រទេសជា​ច្រើន​នៅលើ​ពិភពលោក ដែល​ជំរុញ​ឲ្យ​អង្គការ​សុខភាព​ពិភពលោក​ប្រកាសអាសន្ន​នៅ​ទូទាំង​ពិភពលោក​៕

ព័ត៌មានផ្សេងទៀត