រដ្ឋមន្ត្រីក្រសួងសុខភាពសាធារណៈលោក Anutin Charnvirakul បញ្ជាក់ថា យោធាដែលបានបើកការបាញ់ប្រហារសម្លាប់មនុស្សនោះ ត្រូវបានកងកម្លាំងសន្តិសុខ បាញ់សម្លាប់នៅក្នុងផ្សារទំនើបTerminal 21នៅក្នុងទីក្រុងNakhon Ratchasimaប្រទេសថៃនៅថ្ងៃអាទិត្យនេះ។ យោធានិងប៉ូលិសក៏បានបញ្ជាក់ដែរថាបានបាញ់សម្លាប់ខ្មាន់កាំភ្លើង នៅម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០២០នេះ។ ប៉ុន្តែមិនទាន់បញ្ជាក់លម្អិតពីការបិទបញ្ចប់ប្រតិបត្តិការនេះនៅឡើយទេ។ ខ្មាន់កាំភ្លើងត្រូវបានបាញ់សម្លាប់ បន្ទាប់ពីត្រូវយោធានិងប៉ូលិស ឡោមព័ទ្ធពេញមួយយប់នៅក្នុងផ្សារទំនើប។ ការស្លាប់របស់ខ្មាន់កាំភ្លើងជារឿងត្រេកអរ ព្រោះវាបិទបញ្ចប់ការភ័យខ្លាចរបស់ប្រជាជនដែលរស់នៅក្នុងតំបន់ ប៉ុន្តែការស្លាប់របស់ខ្មាន់កាំភ្លើង បង្កការលំបាកនៅក្នុងការស្វែងរកមូលហេតុពិតប្រាកដ ដែលជំរុញឲ្យមានការបាញ់ប្រហារ។
គួរជម្រាបជូនថា កាលពីម៉ោង៣រសៀលថ្ងៃទី៨ខែកុម្ភៈយោធាឈ្មោះ Jakraphanth Thomma បានបើកការបាញ់ប្រហារទាំងកម្រោល លើយោធានិងជនស៊ីវិលនៅទីក្រុងNakhon Ratchasimaប្រទេសថៃ។ បើតាមការចុះផ្សាយទីភ្នាក់ងារសារព័ត៌មានBBCឲ្យដឹងថា ការបាញ់ប្រហារបានចាប់ផ្តើមនៅម៉ោងប្រហែល៣រសៀល។ ដំបូងបានបើកការការបាញ់ប្រហារនៅក្នុងជំរុំយោធាSuatham Phithak ដោយបានសម្លាប់មេបញ្ជាការយោធានិងម្តាយក្មេកមេបញ្ជាការរូបនោះ ព្រមទាំងយោធាម្នាក់ទៀត មុនលួចអាវុធក្នុងជំរុំ បន្តទៅបាញ់សម្លាប់មនុស្សនៅតាមផ្លូវ និងនៅក្នុងផ្សារTerminal 21។ យោធារូបនោះ បានឃុំខ្លួនឯងនៅក្នុងផ្សារ ហើយប៉ូលិសនិងកងកម្លាំងយោធា បានជម្លៀសមនុស្សម្នាខ្ទង់រយនាក់ចេញពីក្នុងផ្សារ និងឡោមព័ទ្ធផ្សារ ព្រមទាំងនាំម្តាយខ្មាន់កាំភ្លើងទៅកាន់ផ្សារទំនើបនោះផងដែរ ដើម្បីលួងលោមបញ្ចុះបញ្ចូលកូនប្រុស ឲ្យយល់ព្រមប្រគល់ខ្លួន។
សរុបខ្មាន់កាំភ្លើងបានសម្លាប់មនុស្ស២៧នាក់និងរបួស៥២នាក់។ នៅក្នុងនោះផងដែរ អ្នករងបួសមួយចំនួនកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យ ដើម្បីទទួលការព្យាបាល និងមួយចំនួនទៀតត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ។ តែនៅបារម្ភថា ចំនួនអ្នកស្លាប់អាចនឹងមានការកើនឡើង ដោយសារមនុស្សមួយចំនួនបានរងរបួសធ្ងន់ធ្ងរពេក។
មូលហេតុពិតប្រាកដដែលជំរុញឲ្យមានការបាញ់ប្រហារនេះ មិនទាន់ដឹងនៅឡើយទេ។ ប៉ុន្តែមុនពេលធ្វើសកម្មភាព យោធាអាយុ៣២ឆ្នាំរូបនោះ បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក បង្ហាញពីការសងសឹក តែមិនបញ្ជាក់លម្អិតពីការសងសឹកនោះទេ ហើយបង្ហោះរូបកាំភ្លើង ព្រមទាំងបញ្ជាក់ថា ដល់ពេលភ្ញាក់ផ្អើលហើយ គ្មាននរណាម្នាក់ចៀសផុតពីសេចក្តីស្លាប់ឡើយ។ ខ្មាន់កាំភ្លើងបានបង្ហោះសារបន្តបន្ទាប់ចន្លោះពេលបាញ់ប្រហារ ពីកន្លែងមួយទៅកន្លែងមួយ ដោយមានខ្លឹមសារមួយចំនួនថា តើរូបគេគួរតែចុះចាញ់ឬយ៉ាងណា? យ៉ាងណាក៏ដោយសារទាំងនោះ ត្រូវបានក្រុមហ៊ុនហ្វេសប៊ុក លុបចោល និងដកគេហទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់យោធាម្នាក់នោះចេញផងដែរ ដោយបញ្ជាក់ថាមិនមានកន្លែងនៅលើហ្វេសប៊ុក សម្រាប់មនុស្សដែលប្រព្រឹត្តអំពើឃោរឃៅប្រភេទនេះទេ ហើយក៏មិនអនុញ្ញាតឲ្យមនុស្សសរសើរឬគាំទ្រការវាយប្រហារនេះដែរ។
គួរជម្រាបជូនផងដែរថែ ករណីបាញ់ប្រហារយ៉ាងសាហាវបែបនេះកម្រកើតមានណាស់នៅក្នុងប្រទេសថៃ លើកលែងតែនៅតំបន់ភាគខាងត្បូងប្រទេស ជាកន្លែងដែលមានអំពើភេរវកម្មដ៏កាចសាហាវ បង្កឡើងដោយពួកឧទ្ទាមទាមទារផ្តាច់ទឹកដី៕