យោធា​ថៃ​បើក​ការបាញ់ប្រហារ​សម្លាប់​ម​នុស្ស​២១​នាក់​និង​របួស​ច្រើន​នាក់​

09-02-2020 9:45 am 436
យោធាឈ្មោះJakraphanth Thomma

​យោធា​ថៃ​ម្នាក់​ឈ្មោះ​Jakraphanth Thomma បាន​បើក​ការបាញ់ប្រហារ​ទាំង​កម្រោល លើ​យោធា​និង​ជន​ស៊ីវិល បណ្តា​លឲ្យមនុស្ស​២១​នាក់​ស្លាប់ និង​រងរបួស​ជាច្រើន​នាក់​នៅ​ទីក្រុង​Nakhon Ratchasima​ប្រទេស​ថៃ​។ បើតាម​ការបញ្ជាក់​ពី​ក្រសួងសុខាភិបាល​ថៃ មនុស្ស​៣១​នាក់​បាន​រងរបួស នៅ​ក្នុងនោះ​១០​នាក់​រងរបួស​ធ្ងន់ធ្ង​រ​។ ប៉ុន្តែ​ក៏មាន​ការភ័យខ្លាច​ថា​ចំនួន​ជនរងគ្រោះ​អាច​នឹងមាន​ការកើនឡើង​ផងដែរ​។​

​បើតាម​ការចុះផ្សាយ​ទីភ្នាក់ងារ​សារព័ត៌មាន​BBC​ឲ្យដឹងថា ការបាញ់ប្រហារ​បានចាប់ផ្តើម​នៅ​ម៉ោង​ប្រហែល​៣​រសៀល​។ ដំបូង​ជនសង្ស័យ​បាន​បើក​ការ​ការបាញ់ប្រហារ​នៅក្នុង​ជំរុំ​យោធា​Suatham Phithak ដោយ​បានសម្លាប់​មេបញ្ជាការ​យោធា​និង​ម្តាយ​ក្មេង​មេបញ្ជាការ ព្រមទាំង​យោធា​ម្នាក់ទៀត មុន​លួច​អាវុធ​ក្នុង​ជំរុំ​បន្តទៅ​បាញ់សម្លាប់​មនុស្ស​នៅ​តាមផ្លូវ និង​នៅក្នុង​ផ្សារ​Terminal 21​។ យោធា​រូបនោះ នៅតែ​បន្ត​ឃុំ​ខ្លួនឯង​នៅក្នុង​ផ្សារ ហើយ​ប៉ូលិស​និង​កងកម្លាំង​យោធា បាន​ជម្លៀស​មនុស្សម្នា​ខ្ទង់រយ​នាក់​ចេញពី​ក្នុង​ផ្សា និង​ឡោមព័ទ្ធ​ផ្សារ ព្រមទាំង​នាំ​ម្តាយ​ខ្មាន់កាំភ្លើង​ទៅកាន់​ផ្សារ​ទំនើប​នោះ​ផងដែរ ដើម្បី​លួងលោម​បញ្ចុះបញ្ចូល​កូនប្រុស ឲ្យ​យល់ព្រម​ប្រគល់​ខ្លួន​។​

​មូលហេតុ​ពិតប្រាកដ​ដែល​ជំរុញឲ្យមាន​ការបាញ់​ប្រ​ហារ​នេះ មិនទាន់​ដឹង​នៅឡើយ​ទេ​។ ប៉ុន្តែ​មុន​ពេលធ្វើ​សកម្មភាព យោធា​អាយុ​៣២​ឆ្នាំ​រូបនោះ បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក បង្ហាញ​ពី​ការ​ស្អប់ខ្ពើម​ភាពអយុត្តិធម៌ និង​បង្ហោះ​រូប​កាំភ្លើង ព្រមទាំង​បញ្ជាក់ថា​ដល់ពេល​ភ្ញាក់ផ្អើល​ហើយ គ្មាន​នរណាម្នាក់​ចៀស​ផុតពី​សេចក្តីស្លាប់​ឡើយ និង​បាន​បង្ហោះ​សារ​បន្តបន្ទាប់​ចន្លោះពេល​បាញ់ប្រហារ ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ដោយមាន​ខ្លឹមសារ​មួយចំនួន​ថា តើ​រូបគេ​គួរតែ​ចុះចាញ់​ឬ​យ៉ាងណា​? យ៉ាងណាក៏ដោយ​សារ​ទាំង​នោះ ត្រូវបាន​ក្រុមហ៊ុន​ហ្វេ​សប៊ុក លុបចោល​និង​ដក​គេហទំព័រ​ហ្វេ​សប៊ុក​ផ្ទាល់ខ្លួន​របស់​យោធា​ម្នាក់​នោះចេញ​ផងដែរ​៕

 ពាក្យគន្លឹះ  ថៃយោធាបាញ់ប្រហារ

ព័ត៌មានផ្សេងទៀត