វីរុសកូរ៉ូណាសម្លាប់ជនជាតិអាមេរិកម្នាក់និងជប៉ុនម្នាក់ក្នុងទីក្រុងអូហាន

08-02-2020 2:28 pm 649

​ជនជាតិ​អាមេរិក​ម្នាក់ និង​បុរស​ជនជាតិ​ជប៉ុន​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​នៅក្នុង​ទីក្រុង​អូ​ហាន ដែល​ជា​ប្រភពដើម​បំផុត​នៃ​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​បង្ក​ពី​វីរុស​កូរ៉ូណា​។ នេះ​បើ​តាម​ការចុះផ្សាយ​ដោយ​សារព័ត៌មាន​CNA នៅ​រសៀល​ថ្ងៃ​ទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០២០ នេះ​។​

​ជនជាតិ​អាមេរិក​ដែល​បាន​ស្លាប់​នេះ ត្រូវបាន​គេ​បញ្ជាក់ថា មាន​អាយុ​៦០​ឆ្នាំ បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង​អូ​ហាន កាលពី​ថ្ងៃ​ទី​០៦ ខែ​កុម្ភៈ កន្លងទៅ​។ ជាមួយគ្នា​នេះ​ភាគី​ខាង​អាជ្ញាធរ​ជប៉ុន បាន​ប្រកាស​នៅ​ថ្ងៃ​សៅរ៍ ទី​០៨ ខែ​កុម្ភៈ​នេះ ថា​បុរស​ជនជាតិ​ជប៉ុន​ម្នាក់ វ័យ​៦០​ឆ្នាំ ក៏​បាន​ស្លាប់​នៅក្នុង​ទីក្រុង​អូ​ហាន​នេះ​ដូច​គ្នា​ដែរ​។​

​បើ​តាម​ការបញ្ជាក់​របស់​ក្រសួង​ការបរទេ​ស​ចិន កាលពី​ថ្ងៃ​ព្រហស្បត្តិ៍ ទី​០៦ ខែ​កុម្ភៈ បានឲ្យដឹងថា ចំនួន​ករណី​ជនបរទេស​ដែល​បាន​ឆ្លង​ជំងឺ​រលាក​សួត​ថ្មី​នៅក្នុង​ប្រទេស​ចិន បាន​កើន​ដល់​១៩​នាក់​ហើយ​។ ម្យ៉ាងទៀត​ករណី​នៃ​ការស្លាប់​របស់​ជន​បរទេស​ទាំង​២​នាក់​នេះ ជា​ករណី​ដំបូង​បំផុត​នៅក្នុង​ប្រទេស​ចិន ព្រោះ​កន្លង​ក្នុង​ប្រទេស​ចិន​ពុំទាន់​មាន​ករណី​ជនបរទេស​ណា​ម្នាក់​ស្លាប់ ដោយសារ​វីរុស​កូរ៉ូ​ណា​នេះ​នៅឡើយ​ទេ​។​

​សូម​ជម្រាប​ជូន​ដែរ​ថា គិត​មក​ទល់​នឹង​ពេលនេះ ជំងឺ​រលាក​សួត​ថ្មី​បាន​សម្លាប់​មនុស្ស​ចំនួន ៧២២​នាក់​ហើយ និង​ថែម​ទាំង​បាន​ចម្លង​ទៅ​មនុស្ស​ប្រមាណ​ជាង ៣៤,០០០​នាក់​ឯណោះ​។ ពោល​ស្ថិតិ​នេះ បាន​ធ្វើឲ្យ​ក្រុម​អ្នកស្រាវជ្រាវ​ជំងឺឆ្លង​របស់​ចិន ទទួលស្គាល់ថា ជំងឺ​ផ្លូវដង្ហើម​ថ្មី​បង្ក​ពី​កូរ៉ូណា​វីរុស​នេះ ពិតជា​មាន​ឥទ្ធិពល​មិន​ចាញ់​ទៅ​នឹង​ជំងឺ​SARS ដែល​បាន​រាលដាល​ក្នុងប្រទេស​ចិន​កាលពី​អំឡុង​ឆ្នាំ​២០០២-២០០៣ ឡើយ​៕​

ព័ត៌មានផ្សេងទៀត