​កម្ពុជា​និង​ថៃ​​នឹង​ពង្រឹង​ការធ្វើ​ពាណិជ្ជកម្ម​តាម​ព្រំដែន​​នៃ​ប្រទេស​ទាំងពីរ​​

08-02-2020 11:12 am 372
  ស្តាប់
ស្តាប់ជាសំឡេង

​កម្ពុជា​និង​ថៃ នឹង​ពង្រឹងពង្រីក​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ឱ្យ​កាន់តែ​ល្អប្រសើរ ជាពិសេស​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ខេត្ត​ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​។ ការប្ដេជ្ញា​នេះ បាន​ធ្វើឡើង​ក្នុងជំនួប​រវាង​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​កម្ពុជា និង​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ថៃ​។

​លោក ប៉ាន សូរ​ស័ក្កិ រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​កម្ពុជា និង លោក ជូ​រី​ន ឡា​សា​នាវិ​ស៊ិត (Jurin Lakasawisit) រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ថៃ បានបង្ហាញ​ការ​តាំងចិត្ត​ពង្រឹងពង្រីក​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ល្អប្រសើរ ជាពិសេស​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ខេត្ត​ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​។ ការ​តាំងចិត្ត បាន​ធ្វើឡើង​នៅក្នុង​ពិភាក្សា​ការងារ នៅ​រសៀល​ថ្ងៃទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០២០​នេះ ក្នុង​ពិធី​រួមគ្នា​សម្ពោធ​ពិព័រណ៍​ផលិតផល​ថៃ «​ថប់​ថៃ​ប្រេន ២០២០» ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និសីទ​កោះ​ពេជ្រ​។​

​លោក ប៉ាន សូរ​ស័ក្តិ បាន​លើកឡើងថា ការរៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ ប្រចាំឆ្នាំ​ជា​បន្តបន្ទាប់​នៅ​កម្ពុជា គឺជា​សញ្ញាណ​វិជ្ជមាន​មួយ នៃ​ការអភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម ដែល​ក្រសួងពាណិជ្ជកម្ម នៃ​ប្រទេស​ទាំងពីរ បាន​រួមសហការ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ ក្នុងឋានៈ​ជា​ប្រទេស​ភូមិ​ផង​របង​ជាមួយ​ដ៏​ល្អ​ផង និង​ក្នុង​ក្របខ័ណ្ឌ​ពាណិជ្ជកម្ម​ទ្វេភាគី​ផង​។ លោក​បាន​គូ​សប​ញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ បាន​តាំងចិត្ត​រួមសហការ​គ្នា​ឱ្យ​កាន់តែ​ស៊ីជម្រៅ និង​សកម្ម​ទ្វេ​ឡើង តាមរយៈ​ការផ្លាស់ប្តូរ​ការរៀបចំ​សកម្មភាព​ជំរុញ​ពាណិជ្ជកម្ម​ទៅវិញទៅមក ក្នុងនោះ​ក្រសួងពាណិជ្ជកម្ម​ថៃ តាមរយៈ​ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា បានរៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ នៅក្នុង​ប្រទេស​កម្ពុជា ដូចជា ពិព័រណ៍ Thai Mini Week, Top Thai Brand, Thailand Trade Fair, Thai Products Expo ជាដើម​។ 

​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​រូបនេះ បាន​អះអាងថា ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា បាន​បញ្ជូន​វិស័យ​ឯកជន និង​ក្រុមហ៊ុន​ក្នុងស្រុក ទៅ​ចូលរួម​ព្រឹត្តិការណ៍​ពិព័រណ៍​ពាណិជ្ជកម្ម​នៅ​ប្រទេស​ថៃ រួមទាំង​ការសហការ​គ្នា​បង្កើតឲ្យមាន​កិច្ចប្រជុំ សិក្ខាសាលា ស្តីពី​សកម្មភាព​ពាណិជ្ជ​កម្ម ជាប្រចាំ​ទៅវិញទៅមក​ជាច្រើន​ផងដែរ​។ លោក ប៉ាន សូរ​ស័ក្កិ សង្កត់ធ្ងន់ថា កម្ពុជា​សម្រេចបាន​នូវ​សមិទ្ធផល​ធំៗ​ជាច្រើន ដែល​កើតចេញ​កិច្ចខិតខំ​ប្រឹងប្រែង​អនុវត្តន៍​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ ដែល​បាន​ដាក់ចេញ​កាលពី​ខែកញ្ញា ឆ្នាំ​២០១៨ ដោយ​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។​

​លោក ប៉ាន សូរ​ស័ក្កិ បាន​គូស​បញ្ជាក់ដែរថា ការសម្រេចបាន​នូវ​កំណើន​ពាណិជ្ជកម្ម​ទ្វេភាគី ជា​បន្តបន្ទាប់ និង​ការរីកចម្រើន​នានា ដោយសារ​កម្ពុជា​មាន​សុខសន្តិភាព ពេញលេញ ប្រជាជន​កម្ពុជា​មាន​សេចក្តី​សប្បាយរីករាយ​ក្នុងការ​បង្កបង្កើនផល មាន​សិទ្ធិសេរីភាព​ក្នុង​ការធ្វើ​ធុរកិច្ច និង​វិនិយោគ តាម​អ្វីដែល​ពួកគេ​ចង់​ធ្វើ​៕

ព័ត៌មានផ្សេងទៀត