ជប៉ុន​រកឃើញ​ការឆ្លង​វីរុស​កូរ៉ូណា​៤១​ករណី​បន្ថែមទៀត​នៅលើ​កប៉ាល់​ទេសចរណ៍​

07-02-2020 10:21 am 312
​កប៉ាល់ Diamond Princess

​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ជប៉ុន​លោក​Katsunobu Kato​បញ្ជាក់ថា បាន​រកឃើញ​ការឆ្លង​វីរុស​កូរ៉ូណា​ចំនួន​៤១​ករណី​បន្ថែមទៀត លើ​អ្នកដំណើរ​ដែល​ជិះ​ក្នុង​កប៉ាល់​ទេសចរណ៍​មួយគ្រឿង ខណៈ​នៅលើ​កប៉ាល់​ដដែល​នេះ ធ្លាប់បាន​ធ្វើតេស្ត​រកឃើញ​អ្នក​ឆ្លង​២០​នាក់​រួចទៅហើយ​។ សរុប​ករណី​ឆ្លង​ដែល​រកឃើញ លើ​អ្នកដំណើរ​ក្នុង​កប៉ាល់​មាន​ចំនួន​៦១​នាក់ ហើយ​បូក​នឹង​ករណី​ឆ្លង​ដែល​រកឃើញ​ពីមុន​នៅ​ខាងក្រៅ​កប៉ាល់ ចំនួន​២៥​នាក់​ទៀត ធ្វើឲ្យ​តួលេខ​ឆ្លង​សរុបហក់​ឡើងដ​ល់​៨៦​នាក់​នៅក្នុង​ប្រទេស​ជប៉ុន​។​

​កប៉ាល់ Diamond Princess បាន​ធ្វើដំណើរ​ដល់​ឆ្នេរសមុទ្រ​ជប៉ុន​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ ប៉ុន្តែ​ត្រូវបាន​គេ​ឃាត់ទុក​ដោយ​ដាក់ឲ្យ​នៅ​ដាច់ដោយឡែក នៅ​ទីក្រុង​កំពង់ផែ​Yokohama នា​សប្តាហ៍​នេះ​។ ឃាត់ទុក​មួយ​ឡែក​ដើម្បី​ត្រួតពិនិត្យ បន្ទាប់ពី​អ្នកដំណើរ​ម្នាក់​មកពី​ហុងកុង ត្រូវបាន​គេ​ធ្វើតេស្ត​រកឃើញថា​មាន​ផ្ទុក​វីរុស​កូរ៉ូណា​។ លោក​Katsunobu Kato​ប្រាប់​អ្នកកាសែត​នៅ​ថ្ងៃ​សុក្រ​នេះ​ថា នៅលើ​កប៉ាល់​ផ្ទុក​មនុស្ស​សរុប​ចំនួន​ជាង​៣៧០០​នាក់ ហើយ​នៅ​ក្នុងនោះ​មនុស្ស​ចំនួន​២៧៣​នាក់ ត្រូវ​ប្រមូល​មក​ធ្វើតេស្ត​ស្វែងរក​ថា មាន​ផ្ទុក​វីរុស​កូរ៉ូណាឬ​យ៉ាងណា​។ លទ្ធផល​ក្រោយ​ការ​ធ្វើតេស្ត​ចំនួន​១៧១​នាក់ ក្នុងចំណោម​មនុស្ស​២៧៣​នាក់ រកឃើញ​មនុស្ស​៤១​នាក់​ផ្ទុក​វីរុស​កូរ៉ូណា​។ មនុស្ស​២០​នាក់​ដែល​រកឃើញ​ផ្ទុក​វីរុស​នេះ ដំបូង​គេ​នៅក្នុង​កប៉ាល់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ការ​ធ្វើតេស្ត​ត្រូវបាន​អនុវត្ត​ដំបូង លើ​អ្នក​ដែល​បានបង្ហាញ​រោគសញ្ញា ឬ​មាន​ទំនាក់ទំនង​ជាមួយ​អតីត​អ្នកដំណើរ ដែល​ត្រូវបាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ថា​មាន​ផ្ទុក​វីរុស​នេះ​។​

 ពាក្យគន្លឹះ  ជប៉ុនវីរុសកូរ៉ូណា

ព័ត៌មានផ្សេងទៀត