លោក​ផៃ ស៊ីផា​ន​៖ EBA​មិនមែន​ជា​បិសាច ដូច​វី​រ៉ុស​កូរ៉ូណា ដែល​ត្រូវ​ភ័យ​ខ្លាច​ទេ​

07-02-2020 10:18 am 242

​ជាថ្មី​ម្តងទៀត លោក​ផៃ ស៊ីផា​ន អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់​ក្នុង​សន្និសីទ​សារ ស្តីពី «​បច្ចុប្បន្នភាព និង​វឌ្ឍនភាព​ក្រសួង​ពាណិជ្ជកម្ម​» នា​ថ្ងៃ​ទី​០៦ ខែ​កុម្ភៈ​នេះ​ថា បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA គ្រាន់តែ​ជា​ព្រឹត្តិការណ៍​នយោបាយ មិនមែន​ជា​បិសាច ដូច​វី​រ៉ុស​កូរ៉ូណា ដែល​ប្រជាពលរដ្ឋ​ត្រូវ​ភ័យខ្លាច​នោះទេ​។ រាជរដ្ឋាភិបាល បានរៀបចំ​ជា​កញ្ចប់​ថវិកា​ស្រេច​រួចទៅហើយ ដើម្បី​ឆ្លើយតប​ជាមួយ​នឹង​ការដក ឬ​ការកាត់បន្ថយ EBA​នេះ​។​

​លោក​បន្ថែមថា ការកាត់បន្ថយ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA គ្រាន់តែ​ឲ្យ​កម្ពុជា ឬ​អ្នក​នាំចេញ​ទំនិញ​ពី​កម្ពុជា បង្កើន​ការបង់ពន្ធ​តែប៉ុណ្ណោះ មិនមែន​បាត់បង់​ទីផ្សារ​នាំចេញ​ទៅ​អឺរ៉ុប​នោះទេ​។​កម្ពុជា​មាន​ផែនការ​ត្រឹមត្រូវ ហើយ EBA មិនមែន​ជា​មូលដ្ឋានគ្រឹះ និង​ជា​ចំណុច​សំខាន់​សម្រាប់​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ទេ​។ 

​លោក ផៃ ស៊ីផា​ន គូសបញ្ជាក់ថា ការបាត់ EBA​ចំណុច​ណាមួយ ឬ​បាត់​ទាំងអស់ វា​គឺជា​ការបង្ហាញ​សមត្ថភាព​របស់​កម្ពុជា ដែល​អាច​រស់​បាន​។ កម្ពុជា​មាន​មោទនភាព ដែល​ចូលខ្លួន​ប្រកួតប្រជែង ដោយ​សមធម៌ ដោយ​ស្មើ​មុខមាត់​គ្នា ដោយ​ការបង់ពន្ធ​។​

​ក្នុង​ពិធី​បិទ​សន្និបាត​ប្រចាំឆ្នាំ របស់​ក្រសួងការបរទេស នៅ​ថ្ងៃ​ទី​៣១ មករា លោក​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានបញ្ជាក់​យ៉ាងច្បាស់​ម្តងទៀត​ថា កម្ពុជា​មិន​ឲ្យ​បរទេ​សណា​មក​ដឹកច្រមុះ​ឡើយ ហើយក៏​មិន​យក​អធិបតេយ្យ​ជាតិ ទៅ​ដូរ​នឹង​ការអនុគ្រោះ​ពន្ធ ឬ​ជំនួយ​ណា​ទាំងអស់​។​

​បើ​ទោះ​អះអាង​បែបនេះ ប៉ុន្តែ​កន្លងមក ភាគី​ទាំងពីរ​គឺ​សហភាព​អឺរ៉ុប និង​រដ្ឋាភិបាល​កម្ពុជា បាន​ធ្វើការ​ជាមួយ​គ្នា​ច្រើន លើ​បញ្ហា​នេះ ដើម្បី​រក​ចំណុចរួម​។ តែ​យ៉ាងណា​ភាគី​ទាំងពីរ ហាក់​ទ័លច្រក​រៀងខ្លួន​។​
​លោក​អ៊ូ ច័ន្ទ​រ័ត្ន អតីត​មន្ត្រីជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​វាយោ​ថា EBA គឺជា​បញ្ហា​ធំ​សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ នៅ​កម្ពុជា​។ លោក​បន្ថែមថា តើ​ការសម្រេចចិត្ត​មិន​ឆ្លើយតប​របស់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល ទៅកាន់​សហភាព​អឺរ៉ុប ពី​បញ្ហា​EBA នឹង​ផ្តល់​យុត្តិធម៌​សម្រាប់​សង្គម​កម្ពុជា​ដែរ​ទេ​? ហើយ​អ្វី​ជា​ផលចំណេញ ចំពោះ​ការ​មិន​ឆ្លើយតប​នេះ​?

​លោក​គិន ភា ជា​មន្ត្រីជាន់ខ្ពស់ នៃ​រាជបណ្ឌិត្យសភាកម្ពុជា ដែល​បាន​តាមដាន​ពី​បញ្ហា​EBA​នេះ បាន​អះអាង​ថា​..៖

សំឡេង​

​សូមបញ្ជាក់​ថា សហភាព​អឺរ៉ុប បាន​ផ្ញើ​របាយការណ៍​របស់​ខ្លួន មកកាន់​រដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៩​កន្លងទៅ និង​ទុក​រយៈពេល​១​ខែ ដើម្បី​ឲ្យ​ភាគី​កម្ពុជា ធ្វើ​ការឆ្លើយតប​។ បន្ទាប់​ពី​កម្ពុជា​ឆ្លើយតប សហភាព​អឺរ៉ុប នឹង​ធ្វើ​សេចក្តីសម្រេចចិត្ត​មួយ នៅ​ខែ​កុម្ភៈ​ឆ្នាំ​២០២០ ថា​តើ​ត្រូវ​ដក​ការអនុគ្រោះ​ពន្ធ​របស់​កម្ពុជា ជា​បណ្តោះអាសន្ន ឬ​យ៉ាងណា​។​
​សេចក្តីសម្រេចចិត្ត​នេះ គឺ​ត្រូវ​ធ្វើឡើង​ដោយ​សំឡេង​ភាគច្រើន នៅក្នុង​ចំណោម​សមាជិក​ទាំង​២៧ នៃ​គណៈកម្មការ​អឺរ៉ុប​។ បើសិន​គណៈកម្មការ​អឺរ៉ុប សម្រេច​មិន​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ទេ នោះ​នីតិវិធី​ត្រូវ​បិទ​បញ្ចប់​ត្រឹមនេះ​។​

​ផ្ទុយទៅវិញ ប្រសិនបើ​គណៈកម្មការ​អឺរ៉ុប​សម្រេច​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​មែន សេចក្តីសម្រេច​នេះ ក៏​នៅ​មិនទាន់​អាច​ចូល​ជា​ធរមាន​បាន​ភ្លាមៗ​នោះដែរ ពីព្រោះថា សេចក្តីសម្រេច​របស់​គណៈកម្មការ​អឺរ៉ុប ធ្វើឡើង​តាម​នីតិវិធី​ប្រតិភូកម្ម​អំណាច គឺ​អាច​ចូល​ជា​ធរមាន​បាន លុះត្រាតែ​គ្មាន​ការជំទាស់​ពី​សំណាក់​សភា ឬ​ក្រុមប្រឹក្សា​អឺរ៉ុប​។ ប៉ុន្តែ​ប្រសិនបើ​សភា​អឺរ៉ុប ឬ​ក្រុមប្រឹក្សា​អឺរ៉ុប​សម្រេច​មិន​ជំទាស់ ឬ​មិន​អាច​រក​សំឡេង​ភាគច្រើន ដើម្បី​ជំទាស់​នឹង​សេចក្តីសម្រេច​របស់​គណៈ​កម្ម​ការ​អឺរ៉ុប​បានទេ ការព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ នឹង​ត្រូវ​ចូល​ជា​ធរមាន​៦​ខែ រាប់​ចាប់ពី​ថ្ងៃ​ដែល​គណៈកម្មការ​អឺរ៉ុប អនុម័ត​សេចក្តីសម្រេច​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​៕

 ពាក្យគន្លឹះ  លោកផៃស៊ីផានEBA

ព័ត៌មានផ្សេងទៀត