លោកស្រីមួរសុខហូរទៅអឺរ៉ុបស្នើឲ្យបន្តផ្ដល់EBAជូនកម្ពុជា

06-02-2020 4:01 pm 675

លោកស្រីមួរ សុខហូរ អតីតអនុប្រធាននៃអតីតបក្សសង្រ្គោះជាតិ ដែលបានទៅជួបពិភាក្សាការងារជាមួយ តំណាងរាស្រ្ដរបស់សហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចស្សែលប្រទេសប៊ែលហ្ស៊ីក កាលពីថ្ងៃពុធបានឲ្យដឹង ថា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ សហភាពអឺរ៉ុបនឹងធ្វើសេចក្តីសម្រេចចិត្តមួយ ថាតើបន្តផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធEBA ឬមិនបន្តផ្ដល់ឲ្យដល់កម្ពុជា ខណៈដែលនាពេលខាងមុខនេះប្រទេសវៀតណាម អាចនឹងទទួលបានការអនុគ្រោះពន្ធពីសហភាពអឺរ៉ុប។

លោកស្រីមួរ សុខហូរ បានថ្លែងបន្តថា លោកស្រីបានទទួលដំណឹងហើយថា សហភាពអឺរ៉ុបនឹងដកប្រព័ន្ធអនុគ្រោះពន្ធEBAពីកម្ពុជា តែមិនទាន់ច្បាស់ថា នឹងត្រូវដកចំនួនប៉ុន្មាននៅឡើយទេ។ លោកស្រីមួរ សុខហូរ បានថ្លែងបន្តថា លោកស្រីដែលបានធ្វើដំណើរមកសហភាពអឺរ៉ុបនាពេលនេះ គឺដើម្បីកុំឲ្យអឺរ៉ុបផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធEBAពីកម្ពុជា។ ប៉ុន្តែទាក់ទងនឹងបញ្ហាEBAនេះ គឺស្ថិតនៅក្នុងកណ្ដាប់ដៃលោកនាយករដ្ឋមន្រ្ដីហ៊ុនសែន។

អតីតអនុប្រធានបក្សប្រឆាំងរូបនេះ បានថ្លែងថា”ឥឡូវអឺរ៉ុបគេថា ថ្ងៃទី១២ ខែកុម្ភៈនឹងមកដល់ គេនឹងចាត់វិធានការហើយ នេះយើងមានការសោកស្ដាយបំផុត ដូច្នេះនៅសល់តែ៨ថ្ងៃទៀតទេ សូមឲ្យលោកហ៊ុនសែន ដោះលែងលោកប្រធានកឹម សុខាជាបន្ទាន់ និងសូមឲ្យលោកហ៊ុន សែន បង្ហាញឲ្យច្បាស់ថាលោកហ៊ុន សែន ជាអ្នកពិតប្រាកដថាគិតអំពីជីវិតរស់នៅ គិតអំពីឆ្នាំងបាយនៃកម្មករយើង គិតអំពីសេដ្ឋកិច្ចប្រាកដកុំឲ្យបាត់ ទីផ្សារនៅសហគមន៍អឺរ៉ុប ហើយកូនសោរនេះដើម្បីឆ្នាំងបាយកសិករយើង ដើម្បីឆ្នាំងបាយកូនចៅយើង ដែលកម្មករជាង៧០ម៉ឺននាក់នេះ គឺនៅក្នុងកណ្ដាប់ដៃលោកហ៊ុនសែន”។

សូមជម្រាប ថា ក្នុងជំនួបពិភាក្សាការងារជាមួយលោកលី ខឺឈាំងនាយករដ្ឋមន្ត្រីចិន កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ គឺលោកនាយករដ្ឋមន្រ្ដីហ៊ុន សែន បានលើកឡើងពីកិច្ចសហប្រតិបត្តិការទ្វេភាគី ពាក់ព័ន្ធទៅនឹងសហភាពអឺរ៉ុប ដែលគ្រោងនឹងចេញនូវសេចក្តីសម្រេចរបស់ខ្លួននាពាក់កណ្ដាលខែកុម្ភៈនេះ។ លោកហ៊ុន សែនថា ទោះស្ថិតនៅក្នុងស្ថានភាពនេះក៏ដោយ រដ្ឋាភិបាលកម្ពុជាបានត្រៀមរួចរាល់ជាងមួយឆ្នាំហើយ។

ក្នុងជំនួបនេះលោកហ៊ុនសែន ក៏បានស្នើឲ្យរដ្ឋាភិបាលចិនជួយជំរុញវិនិយោគ និងរោងចក្រដែលកំពុងប្រតិបត្តិការ៧០ភាគរយនៅកម្ពុជា បន្តរក្សានៅកម្ពុជាដដែលនិងស្នើឲ្យចិនបន្តជំរុញការគៀងគរ វិនិយោគរបស់ចិន មកបណ្ដាក់ទុនវិនិយោគបន្ថែមនៅកម្ពុជា ជាមួយនឹងការពង្រីកទិន្នផលកសិផលរបស់កម្ពុជាទៅកាន់ទីផ្សារចិន។

ជាការឆ្លើយតបត្រង់ចំណុចនេះលោកលី ខឺឈាំងនាយករដ្ឋមន្ត្រីចិន បានបញ្ជាក់ថា ចិននឹងបន្តការគាំទ្រដល់កម្ពុជាទៅតាមលទ្ធភាព នូវអ្វីដែលចិនអាចជួយបាន ហើយចិននឹងបន្តការគាំទ្រ គៀងគរវិនិយោគបន្ថែមមកកាន់កម្ពុជា និងរក្សាវិនិយោគិនដែលកំពុងតែវិនិយោគនៅកម្ពុជាផងដែរ។ ពាក់ព័ន្ធជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន គឺកំពុងតែស្ថិតនៅក្នុងដំណាក់កាលចរចាគ្នា ដោយភាគីទាំងពីរ នឹងបន្តការជជែកគ្នាទៀតនៅខែមីនាខាងមុខ ដើម្បីជំរុញឲ្យបានចប់សព្វគ្រប់៕ 

ព័ត៌មានផ្សេងទៀត