លោក​កឹម សុខា​៖​​តុលាការ​​រំលោភ​នីតិវិធី ​តាំងពី​ថ្ងៃ​ចាប់ខ្លួន​លោក​​ទាំង​កណ្តាលយប់​​មក​ម្ល៉េះ​​

06-02-2020 3:51 pm 1100
  ស្តាប់
ស្តាប់ជាសំឡេង

​មកដល់ពេលនេះ ជា​សប្តាហ៍​ទី​៤​ហើយ​នៃ​សវនាការ​ដំណើរការ​ជំនុំជម្រះ លោក​លោក​កឹម សុខា ពីបទ​សន្ទិដ្ឋិ​ភាព ជាមួយ​បរទេស​។ មុន​ចេញដំណើរ​មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​សប្តាហ៍​ទី​៤ ថ្ងៃទី​០៦ កុម្ភៈ នេះ លោក​កឹម សុខា បាន​និយាយថា ៤​សប្តាហ៍​មកនេះ អ្វីដែល​តុលាការ​ត្រូវធ្វើ​គឺ​អត់​ឃើញ​ទេ ជាពិសេស​ភស្តុតាង​ដែលជា​អង្គហេតុ​ដាក់បន្ទុក​។ លោក​កឹម សុខា អះអាងថា តុលាការ​ចោទប្រកាន់​រូ​បលោក​លើ​ពាក្យសម្តី ដែល​លោក​និយាយ​តាំងពី​ឆ្នាំ​២០១៣ ហើយ​ចោទថា ជា​បទល្មើស​ជាក់ស្តែង​។ លោក​ចោទ​សួរថា បើជា​បទល្មើស​ជាក់ស្តែង ម្តេច មិន​ចាប់តាំងពី​ឆ្នាំ​២០១៣ មក ហើយ​បែរមក​ចាប់​ឆ្នាំ​២០១៧ ទៅវិញ ? ............

​សំឡេង​លោក​កឹម សុខា​៖

​យ៉ាងណា លោក​កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​អ្នកកាសែត នៅថ្ងៃនេះ ជាថ្មី​ទៀតថា លោក មាន​ក្តីសង្ឃឹម​ច្រើន ក្នុង​ការទទួលបាន​យុត្តិធម៌​ពី​តុលាការ ហើយនឹង​មានឱកាស​បាន​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត​ឃុំ​-​សង្កាត់​អាណត្តិ​ទី​៥ នៅ​ឆ្នាំ​២០២២ និង ការបោះឆ្នោត​ថ្នាក់ជាតិ​អាណត្តិ​ទី​៧ នៅ​ឆ្នាំ​២០២៣​។​លោក​ថា បើសិន​រដ្ឋាភិបាល​បន្ត​រារាំង​មិនឱ្យ​លោក​ចូលរួម​បោះឆ្នោត​ក្នុងនាម​ជា​គណបក្ស​មួយ​ដែលមាន​សមត្ថភាព​សមស្រប​ក្នុង​ការប្រកួតប្រជែង​ជាមួយ​បក្ស​កាន់អំណាច​នោះ នឹង​ធ្វើឱ្យ​បាត់​លទ្ធិប្រជាធិបតេយ្យ ផ្ទុយ​ពី​ការចង់បាន​របស់​ប្រទេស​លោក​សេរី​។​

​លោក កឹម សុខា ត្រូវ​សមត្ថកិច្ច ចាប់ខ្លួន​ទាំងយប់​កាលពី​ថ្ងៃទី​៣ កញ្ញា ឆ្នាំ​២០១៧ ដោយ​ចោទ​ពីបទ​«​ត្រូវរ៉ូវ​ជាមួយ​បរទេស ចង់​ផ្តួលរំលំ​រដ្ឋាភិបាល​»​។ គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​នេះ គឺជា​សប្តាហ៍​ទី​៤ ដែល​តុលាការ​ដំណើរការ​កាត់ទោស ដែល​តាម​គម្រោង​តុលាការ​ត្រូវ​ប្រើពេល​៣​ខែ ដើម្បី​សវនាកា​រលើ​រឿងក្តី​នេះ​។ តែ​មកដល់ពេលនេះ តុលាការ​នៅ​មិនទាន់បាន​ចោទប្រកាន់​ទៅលើ​រដ្ឋ​បរទេស​ណាមួយ​ឡើយ ដែលថា លោក​កឹម សុខា បាន​គប់គិត ជាមួយ​នោះ​។​

​ដដែល​ជា​ដដែល មេដឹកនាំ​អតីត​បក្សប្រឆាំង​រូបនេះ បានបញ្ជាក់​ថ្មី​ទៀតថា លោក គ្មាន​ទោសពៃរ៍​អ្វី​ទាំងអស់​។ លោក បកស្រាយ​ថា រាល់​សកម្មភាព​នយោបាយ​របស់លោក​ពី​ដើម​មក គឺ​តែង​ប្រកាន់​ភ្ជាប់​នូវ​គោលការណ៍​អហិង្សា  ការផ្សះផ្សា​ជាតិ មិន​យក​ខ្មែរ​ណា​ធ្វើជា​សត្រូវ ហើយ​ឆ្ពោះទៅរក​ការ​ផ្តាស់​ប្តូរ​ជា​វិជ្ជមាន តាមរយៈ​ការបោះឆ្នោត តែប៉ុណ្ណោះ​។​

​សវនាការ​អង្គសេចក្តី​លើ​សំណុំរឿង​របស់​អតីត​មេដឹកនាំ​គណបក្សប្រឆាំង គឺ​ចាប់ផ្តើម​ពី​ថ្ងៃទី​១៥ មករា ឆ្នាំ​២០២០​មក​។ សវនាការ​នេះ ដើម្បី​សម្រេច​ថា លោក ពិតជា​មានទោស​ដូច​ការចោទប្រកាន់​មែន ឬ​មិនមាន​។ តុលាការ គ្រោង​ប្រើពេល​ដល់​ទៅ​៣​ខែ​ឯណោះ ក្នុង​ការកាត់ក្តី​លោក ដោយ​ក្នុង​១​សប្តាហ៍ បើកសវនាការ​២​ដង គឺ​នៅ​ថ្ងៃ​ពុធ និង ថ្ងៃ​ព្រហស្បតិ៍​៕

 ពាក្យគន្លឹះ  សវនាការលោកកឹមសុខា

ព័ត៌មានផ្សេងទៀត