ទីបំផុត​លោក​ត្រាំ​គេចផុត​ពី​បទ​ចោទប្រកាន់​ទាំងអស់​ក្រោយ​ការបោះឆ្នោត​នៅ​ព្រឹទ្ធសភា​

06-02-2020 10:22 am 503

តាមរយៈ​ការបោះឆ្នោត​ក្នុង​ព្រឹទ្ធសភា​អាមេរិក កាលពី​ថ្ងៃ​ទី​០៥ ខែ​កុម្ភៈ ឆ្នាំ​២០២០ បាន​សម្រេច​ឲ្យ​លោកដូ​ណាល់​ត្រាំ រួចផុត​ពី​បទ​ចោទប្រកាន់​ទាំង​២​ករណី​។ ជា​បទ​ចោទប្រកាន់​ពី​សំណាក់​រដ្ឋ​សភា​របស់​គ​ណ​បក្ស​ប្រជាធិបតេយ្យ ដែល​បាន​ប្ដឹង​ទម្លាក់​លោក​ពី​តំណែង​។ 

​ការ​រួចផុត​ពី​បទ​ចោទប្រកាន់​នេះដែរ ធ្វើឡើង​បន្ទាប់​ពី​លោក​ត្រាំ​បាន​យក​ឈ្នះ​ក្នុង​ការបោះឆ្នោត​នៅ​ព្រឹទ្ធសភា​។ ជាក់ស្ដែង​លោក​ត្រាំ​ទទួលបាន​ការគាំទ្រ​មិន​ឲ្យ​ទម្លាក់​ពី​តំណែង​៥២​សំឡេង ទល់​នឹង​ការគាំទ្រ​ឲ្យ​ទម្លាក់​ពី​តំណែង​ចំនួន​៤៨​សំឡេង ជុំវិញ​បទ​រំលោភ​អំណាច និង​បាន​យកឈ្នះ​លើ​ការបោះឆ្នោត​ពី​បទ​ចោទថា បាន​រារាំង​ដំណើរការ​ស៊ើបអង្កេត​របស់​រដ្ឋសភា ក្នុង​សំឡេង​៥៣​ទល់នឹង​៤៧​។​

​តើ​លោក​ត្រាំ​មាន​ឥរិយាបថ​បែបណាខ្លះ​ចំពោះ​បទចោទប្រកាន់​នេះ​?

​ទាក់ទង​នឹង​បទ​ចោទប្រកាន់​នេះ លោក​ត្រាំ ដែល​ជា​ប្រធានាធិបតី​ទី​៤៥ របស់​សហរដ្ឋអាមេរិក បាន​ព្យាយាម​ប្រកែក និង​ទទូចថា​ខ្លួន​មិន​បាន​ធ្វើ​ខុសច្បាប់​នោះ​ទេ ដោយ​លោក​បាន​បង្ហាញ​នូវ​អំណះអំណាង​ជាច្រើន​ក្នុង​ដំណើរការ​សវនាការ​។  ម្យ៉ាងទៀត​លោក​បាន​បញ្ជាក់ថា លោក​កំពុង​ត្រៀម​ខ្លួន​រួចជាស្រេច​ហើយ សម្រាប់​ការបោះឆ្នោត​លើក​ទី​២​របស់ខ្លួន នៅ​ថ្ងៃ​ទី​០៣​ខែវិច្ឆិកា​ឆ្នាំ​២០២០​ខាងមុខនេះ​។​

​កត្តា​អ្វី​នាំឲ្យ​ភាគី​គណបក្ស​ប្រជាធិបតេយ្យ ដាក់ពាក្យ​ប្ដឹង​ទម្លាក់​លោក​ត្រាំ​ពី​តំណែង​?

​កត្តា​ដែល​បណ្ដាល​ឲ្យ​សមាជិកគណ​ប្រជាធិបតេយ្យ ដាក់​ពាក្យបណ្ដឹង​លោក​ត្រាំ​ដោយសារ ពួកគេ​បាន​ខឹងសម្បា​ទៅនឹង​លោក​ត្រាំ ដែល​បាន​ប្រើប្រាស់​អំណាច​របស់​ខ្លួន គំរាម​ដល់​ប្រធានាធិបតី​អ៊ុ​យក្រែន ឲ្យ​ស៊ើបអង្កេត​លើ​អ្នក​នយោបាយ​ល្បីឈ្មោះ និង​ជា​បេក្ខភាព​ប្រធានាធិបតី​របស់ខ្លួន​ផង​គឺ​លោកចូ បាយ​ដិន អតីត​អនុ​ប្រធានាធិបតី​អាមេរិក​ជំនាន់​លោក​បា​រ៉ាក់ អូ​បា​ម៉ា​កាន់តំណែង​។ ពោល​នេះ​ជា​ចេតនា​ចង់​ឲ្យ​លោក​បាយដិន​ធ្លាក់​ប្រជាប្រិយភាព ដើម្បី​ជា​ឱកាស​សម្រាប់​លោក​ត្រាំ​អាច​ក្ដោប​ក្ដាប់​សំឡេងគាំទ្រ​សម្រាប់​ការបោះឆ្នោត​នា​ខែ​វិច្ឆិកា​ខាងមុខ​។ ការ​គំរាម​របស់​លោក​ត្រាំ​ទៀត​សោត​ក្នុង​លក្ខខណ្ឌ​ថា បើ​អ៊ុយ​ក្រែន​មិន​ព្រម​បើ​កការស៊ើបអង្កេត​លើ​គូ​ប្រជែង​របស់​ខ្លួន​គឺ​លោកចូ បាយដិ​ន​និង​កូនប្រុស​របស់​លោក​ឈ្មោះ​ថា​ហាន់ធ័​រ បាយ​ដិន​(Hunter Biden)​នោះទេ អាមេរិក​នឹង​ដកហូត​ជំនួយ​ជា​ទឹកប្រាក់​ប្រមាណ​៣៩១​លាន​ដុល្លារ ដែល​អាមេរិក​ធ្លាប់​សន្យាថា​នឹង​ឧបត្ថម្ភ​ដល់​អ៊ុយ​ក្រែន​វិញ​។ 

​តើ​អាមេរិក​ធ្លាប់​មាន​ការប្ដឹង​ទម្លាក់​ប្រធានាធិបតី​ពី​តំណែង​ទេ​? 

​សម្រាប់​ប្រវត្តិសាស្ត្រ​អាមេរិក លោក​ត្រាំ​ជា​ប្រធានាធិបតី​ទី​៣​ហើយ ដែល​ត្រូវ​រង​នូវ​ការចោទប្រកាន់​និង​ប្ដឹង​ទម្លាក់​ចេញពី​តំណែង​។ ព្រឹទ្ធសភា​អាមេរិក​ធ្លាប់បាន​បើក​សវនាការ​លើ​បទ​ចោទប្រកាន់​ទម្លាក់​ប្រធានាធិបតី​២​រូប​រួចមកហើយ ក្នុងនោះ​មាន​លោក​Andrew Johnson​ក្នុង​ឆ្នាំ​១៨៦៨ និង​លោក​Bill Clinton​ក្នុង​ឆ្នាំ​១៩៩៨ តែ​លោក​ទាំង​ពីរ​សុទ្ធតែ​ត្រូវ​រួច​ទោស​ត្រឹម​ព្រឹទ្ធសភា​។ នៅ​មាន​លោក​Richard Nixon​ម្នាក់​ទៀត​ដែល​មាន​បណ្ដឹង ប៉ុន្ដែ​លោក​បាន​លាលែង​ពី​តំណែង​ដោយ​ខ្លួនឯង បន្ទាប់​ពី​មាន​បទ​ចោទប្រកាន់​លើ​រូប​លោក​ក្នុង​ឆ្នាំ​១៩៧៤​។​

​តើ​គណបក្ស​ប្រជាធិបតេយ្យ​ប្រតិកម្ម​បែបណា​ចំពោះ​ការលើកលែង​ទោស​លោក​ត្រាំ​?

​ក្រុម​អ្នកគាំទ្រ​គណបក្ស​ប្រជាធិបត្យេ​បានបង្ហាញ​ពី​ការព្រួយបារម្ភ ចំពោះ​ការលើកលែង​ការចោទប្រកាន់​លើ​លោក​ត្រាំ​នេះ​។ មិន​តែ​ប៉ុណ្ណោះ​ទេ ប្រធាន​រដ្ឋសភា​គណបក្ស​ប្រជាធិបតេយ្យ​លោក​ស្រី​ណាន់​ស៊ី ផេ​ឡូ​ស៊ី បាន​និយាយថា “​លោក​ត្រាំ​នឹង​បន្ត​គំរាមកំហែង​ដល់​គណបក្ស​ប្រជាធិបតេយ្យ​បន្តទៀត បើ​ច្បាប់​អាមេរិក​មិន​មាន​ចំណាត់ការ​លើ​លោក​ទេ​។​”

​តើ​គណបក្ស​សាធារណរដ្ឋ​មានប្រតិកម្ម​បែបណា​ដែរ​?

​ក្នុង​ចំណោម​សមាជិក​កំពូល​ទាំង​៣​រូប​របស់​គណបក្ស​សាធារណរដ្ឋ រួមមាន​លោក​Mitch McConnell ដែល​ជា​មេដឹកនាំ​សំឡេង​ភាគច្រើន​របស់​គណបក្ស​សាធារណរដ្ឋ​ក្នុង​ព្រឹទ្ធសភា លោក​Lamar Alexander​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សាធារណរដ្ឋ​មក​ពី​រដ្ឋ​Tennessee និង​លោក​Lindsey Graham សមាជិក​ព្រឹទ្ធសភា​គណបក្ស​សាធារណរដ្ឋ​មក​ពី​រដ្ឋ​South Carolina បាន​បញ្ចេញ​ការយល់ឃើញ​រៀងៗ​ខ្លួន​គាំទ្រ​ទៅលើ​លោក​ត្រាំ​។ 
​ដោយឡែក​មាន​តែ​លោក​Mitt Romney សមាជិក​គណបក្ស​សាធារណរដ្ឋ​នៃ​រដ្ឋ​Utah តែ​ម្នាក់​ប៉ុណ្ណោះ ដែល​មិន​បាន​បោះឆ្នោត​គាំទ្រ​លោក​ត្រាំ ព្រោះ​លោក​យល់ឃើញថា​លោក​ត្រាំ​ពិតជា​បាន​រំលោភ​លើ​អំណាច​ពិតមែន​៕​

ព័ត៌មានផ្សេងទៀត