ពាក់ស្បែកជើងកែងចោតខ្ពស់ៗ បង្ករផលប៉ះពាល់អ្វីខ្លះដល់សុភាពនារី?

05-02-2020 4:30 pm 90
  ស្តាប់
ស្តាប់ជាសំឡេង

បើទោះបីជាស្បែកជើងកែងចោតជាចំណែកមួយធ្វើឲ្យជើងស្រស់ស្អាតនិងជួយលើកសម្រស់របស់សុភាពនារីឲ្យកាន់តែស្រស់ស្អាតលេចធ្លោបានមួយកម្រិតទៀតក៏ពិតមែន តែទន្ទឹមនិងនេះវាក៏ងាយធ្វើឲ្យប្រឈមមុខនឹងបញ្ហាសុខភាពជាច្រើនផងដែរ បើសិនជាអ្នកពាក់វារយៈពេលយូរនិងជាប់ជាប្រចាំ។ តើការពាក់ស្បែកជើងកែងចោតបានផ្ដល់ផលប៉ះពាល់អ្វីខ្លះដល់ជើងរបស់អ្នក? តើមានវិធីអ្វីខ្លះដើម្បីកាត់បន្ថយផលប៉ះពាល់ទាំងអស់នេះ?

តើអ្នកធ្លាប់បានគិតទេថា ការពាក់ស្បែកជើងកែងចោតស្ទើរតែគ្រប់ពេលគ្រប់វេលា បានធ្វើឱ្យសុខភាពរាងកាយរបស់អ្នកមានការផ្លាស់ប្ដូរ ហើយខាតឬចំណេញអ្វីខ្លះ? បើទោះបីជាស្បែកជើងកែងចោត គឺជាចំណង់ចំណូលចិត្ត ថែមទាំងជាជំនួយការដ៏ពិសេសអាចជួយលើកសម្រស់និងកម្ពស់របស់មនុស្សស្រីបានក៏ដោយ តែក្នុងនោះក៏មានស្រ្តីជាច្រើនបានឲ្យដឹងថាពួកគេមានអាការៈមិនស្រួលនិងមានបញ្ហាឈឺប្រអប់ជើងក្រោយពេលពាក់ស្បែកជើងកែងចោទ។ 

បើតាមរបាយការណ៍ពីសមាគមវេជ្ជសាស្រ្តនៃសហរដ្ឋអាមេរិកបានបង្ហាញឲ្យដឹងថា ការពាក់ស្បែកជើងកែងចោតខ្ពស់ៗ មិនត្រឹមតែផ្ដល់ផលប៉ះពាល់ទៅលើជើងតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែការពាក់ស្បែកជើងកែងចោតក៏អាចបង្កផលប៉ះពាល់ផ្សេងៗទៀត ទៅលើរាងកាយរបស់ស្រ្តីជាច្រើនទៀតដូចជា៖

១ ធ្វើឲ្យឆ្អឹងជើងកាន់តែរួមតូច

បើយោងតាមសារព័ត៌មានបរទេសមួយបានឲ្យដឹងថា ការពាក់ស្បែកជើងកែងចោតខ្ពស់ គឺអាចប៉ះពាល់ដល់ឆ្អឹងជើងរបស់អ្នក ដោយធ្វើឲ្យឆ្អឹងជើងរួមតូចចង្អៀតខុសពីធម្មតា។ លើសពីនេះទៅទៀត អ្នកជំនាញបានរកឃើញទៀតថា ឆ្អឹងជើងនឹងផ្លាស់ប្តូរទីតាំងនិងបណ្តាលឲ្យកើតមានជំងឺហើមមេជើងនិងជំងឺដទៃទៀត។

២ ប៉ះពាល់ដល់ត្រគាក ឆ្អឹងខ្នង និងសន្លាក់ 

ពាក់ស្បែកជើងកែងចោត តម្រូវឲ្យរាងកាយត្រូវប្រឹងរក្សាជំហរ។ ជាមួយគ្នានេះ ត្រគាកនិងឆ្អឹងខ្នង ជាចំណែកសំខាន់មួយក្នុងការរក្សាជំហរ។ ករណីបើពាក់កែងខ្ពស់យូរពេក សាច់ដុំនិងឆ្អឹងពាក់ព័ន្ធនិងត្រូវឈឺចុកចាប់ ហើយអាចបង្កឱ្យត្រគាកនិងឆ្អឹងខ្នងមានបញ្ហា។ បន្ថែមពីលើនេះ ស្បែកជើងកែងចោតដែលមានមុខស្រួចងាយនឹងប៉ះពាល់ដល់សន្លាក់ម្រាមជើងដូចជាសន្លាក់មេជើងនិងកូនជើងវៀចខុសប្រក្រតី ឈឺសន្លាក់កជើងដោយសារការថ្លោះឬគ្រេចដែលអាចនាំអោយរលាកសរសៃពួរសន្លាក់កជើងនិងធ្វើឲ្យឈឺសន្លាក់ និងអាចបង្ករទៅជាបញ្ហាផ្សេងទៀតដូចជា សរសៃឆ្អឹងខ្នងប្តូរទីតាំង ខ្សោយសាច់ដុំ និងរមួលក្រពើញឹកញាប់។

៣ ប៉ះពាល់ជង្គង់

ទម្ងន់របស់អ្នកនិងបង្កើនទៅលើជង្គង់នៅពេលដែលពាក់កែងចោត។ ដោយហេតុផលនេះ ជង្គង់នឹងខិតទៅខាងមុខដើម្បីរក្សាជំហរ តែវាបែជាក្លាយជាសម្ពាធទៅលើជង្គង់ទៅវិញ រហូតអាចបង្កឱ្យកើតមានបញ្ហារលាកសន្លាក់ឆ្អឹង ឈឺចាប់ផ្នែកជង្គង់។

៤ ប៉ះពាល់ដល់សរសៃវ៉ែន

ការពាក់ស្បែកជើងកែងចោតក្នុងពេលជាច្រើនម៉ោងជារៀងរាល់ថ្ងៃ បានផ្ដល់ផលប៉ះពាល់ដល់លំហូរឈាម។ វាបានដាក់សម្ពាធបន្ថែមទៅលើសាច់ដុំកំភួនជើងនិងជាកត្តាអាចធ្វើឲ្យផ្ទុះសរសៃឈាមឆ្មានិងបានបំផ្លាញសរសៃវ៉ែន។

៥ ធ្វើឲ្យជើងបែងចែកទម្ងន់មិនស្មើគ្នា

ការពាក់ស្បែកជើងកែងចោតមិនត្រឹមតែធ្វើឲ្យទម្ងន់របស់អ្នកបែងចែកទៅឲ្យជើងមិនស្មើគ្នាប៉ុណ្ណោះទេ តែវាទាមទារឲ្យអ្នកធ្វើសមតុល្យម្រាមជើងរបស់អ្នកឲ្យបានច្រើន។ យូរៗទៅ បញ្ហានេះអាចបណ្តាលឲ្យឈឺខ្នងរ៉ាំរ៉ៃ។ ដូចច្នេះ អ្នកមិនគួរពាក់ស្បែកជើងកែងចោតដើម្បីឲ្យមានរាងស្អាតនិងខ្ពស់ឡើយ គួរពាក់ស្បែកជើងដែលសុខស្រួល ដែលអាចជួយដល់សមត្ថភាពការដើររបស់អ្នក៕

៦ កើតជំងឺជើងចាស់មុនអាយុ

អ្នកជំនាញផ្នែកវេជ្ជសាស្រ្តបានឲ្យដឹងថា ស្បែកជើងកែងខ្ពស់ធ្វើឲ្យប៉ះពាល់ដល់ម្រាមជើងខ្លាំងណាស់ ហើយសរសៃម្រាមជើងខាងមុខរឹបណែនចូលគ្នា ដែលបណ្តាលឲ្យជើងចាស់មុនអាយុខុសពីធម្មតា។

៧ ខូចក្រចក កើតត្រចៀកក្រាញ់

នៅពេលដែលអ្នកពាក់ស្បែកជើងកែងជាប្រចាំ នោះវានិងក្តោបជើងព្រមទាំងម្រាមជើងរបស់អ្នកចូលគ្នា ហើយសូម្បីតែក្រចកជើងរបស់អ្នកក៏ត្រូវបានត្បៀតរួមបញ្ចូលគ្នាដែរ។ អាការទាំងនេះយូរទៅៗ និងធ្វើឲ្យក្រចកជើងរបស់អ្នកដុះចូលទៅក្នុងសាច់ក្រចក ដែលភាសាសាមញ្ញហៅថាកប់ត្រចៀកក្រាញ់។ ត្រចៀកក្រាញ់នឹងធ្វើឱ្យក្រចករបស់អ្នកស្អុយខូច និងធ្វើឱ្យមានការឈឺចាប់ព្រោះតែក្រចកដុះចាក់ចូលទៅក្នុងសាច់ផងដែរ។ 

៨ ឈឺស្មា

លោកអ្នកប្រាកដជាឆ្ងល់ ថាហេតុអ្វីគ្រាន់តែពាក់ស្បែកជើងកែងចោតធ្វើឲ្យឈឺស្មាដែរ? ពិតណាស់ ការពាក់ស្បែកជើងកែងចោទមានឥទ្ធិពលទៅលើលំនឹងរូបរាងកាយទាំងមូល ហើយដោយសារឥរិយាបថរបស់អ្នកបានផ្លាស់ប្តូរទាំងស្រុងពីការពាក់ស្បែកជើងធម្មតា មិនថាជើង ក ឬស្មានោះទេសុទ្ធតែមានផលប៉ះពាល់ទាំងអស់។ ដូច្នេះវាមិនចម្លែកទេ ដែលអ្នកឧស្សាហ៍ពាក់ស្បែកជើងកែងចោទ អាចមានអាការៈឈឺចុកចាប់និងរោយស្មា។ 

ដូចច្នេះហើយដើម្បីកាត់បន្ថយនូវផលប៉ះពាល់ជាច្រើនដូចបានរៀបរាប់ខាងលើ អ្នកគួរពាក់ស្បែកជើងកែងចោតដែលមានកែងទាប ជ្រើសរើសស្បែកជើងណាឲ្យសមល្មមនឹងជើង ប្រើប្រាស់ទ្រនាប់បាតជើងកាត់បន្ថយការដើរឬឈរច្រើន ឬយកស្បែកជើងធម្មតាតាមខ្លួនដើម្បីប្រើប្រាស់នៅពេលចាំបាច់ ឧស្សាហ៍ម៉ាស្សាសន្លាក់ជើងនិងសាច់ដុំជើងមុននិងក្រោយពាក់ស្បែកជើងកែងចោតរួច៕ 

ព័ត៌មានផ្សេងទៀត