​លោក​ហ៊ុន សែន​​នៅតែ​បញ្ជាក់​ជំហរ​ជាថ្មី​​ថា​មិន​បិទ​ជើងហោះហើរ​ជាមួយ​ចិន​ឡើយ​​

05-02-2020 11:12 am 610

ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែ​បញ្ជាក់​ជំហរ​ជាថ្មី​ថា លោក​មិន​បិទ​ជើងហោះហើរ​ជាមួយ​ប្រទេស​ចិន​ឡើយ ហើយក៏​មិន​ជម្លៀស​និស្សិត​និង​ពលរដ្ឋ​ខ្មែរ ដែល​កំពុង​សិក្សា​និង​រស់នៅ​ក្រុង​អ៊ូ​ហាន ខេត្ត​ហូ​ប៉ិ នៃ​ប្រទេស​ចិន​ដែរ​។ ការសម្រេចចិត្ត​បែបនេះ​របស់លោក ហ៊ុន សែន កន្លងមក ត្រូវបាន​លោក សម រង្ស៊ី ដែលជា​អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ដៃគូ​ប្រកួតប្រជែង​នយោបាយ លើកឡើងថា លោក ហ៊ុន សែន សុខចិត្ត​ទទួលយក​ហានិភ័យ ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ស្លាប់​ដោយ​ជំងឺ​មកពី​ប្រទេស​ចិន ពីព្រោះ​គាត់​ត្រូវការ​ចិន ដើម្បី​ការពារ​អំណាច​ផ្តាច់ការ ពុករលួយ និង​ក្បត់ជាតិ ដែល​គាត់​ដឹកនាំ​សព្វថ្ងៃ​។

​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​គូសបញ្ជាក់​ជាថ្មី​ថា លោក​មិន​សម្រេច​បិទ​ជើងហោះហើរ​ជាមួយ​ប្រទេស​ចិន និង​មិន​ជម្លៀស​និស្សិត​និង​ពលរដ្ឋ​ខ្មែរ ដែល​កំពុង​សិក្សា​និង​រស់នៅ​ក្រុង​អ៊ូ​ហាន ខេត្ត​ហូ​ប៉ិ នៃ​ប្រទេស​ចិន​ឡើយ​។ ការគូសបញ្ជាក់​ជាថ្មី​នេះ បាន​ធ្វើឡើង​ក្នុងជំនួប​សំណេះសំណាល​ជា​ប្រជាពលរដ្ឋ​ខ្មែរ ដែល​រស់នៅ​និង​ធ្វើការ​នៅ​ប្រទេស​កូរ៉េខាងត្បូង និង​ជាទី​ដែល​លោក​ចូលរួម​កិច្ចប្រជុំ កំពូល​ពិភពលោក ឆ្នាំ​២០២០ នៃ​អង្គការ​សហព័ន្ធ​សន្តិភាព​សកល ស្ដីពី​សន្តិភាព សន្តិសុខ និង​ការអភិវឌ្ឍ​មនុស្ស នៅ​សាធារណរដ្ឋ​កូរ៉េខាងត្បូង ដែល​ប្រព្រឹត្តធ្វើ​ចាប់ពី​ថ្ងៃទី​០៣ ដល់​ថ្ងៃទី​០៥ ខែ​កុម្ភៈ ឆ្នាំ​២០២០​។​

​គួរ​បញ្ជាក់ថា លោក ហ៊ុន សែន កាលពី​ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០២០ លោក​បានបញ្ជាក់​ម្ដង​ហើយ​ថា កម្ពុជា​មិន​បិទ​ជើងហោះហើរ​មកពី​ប្រទេស​ចិន​ឡើយ​។ លោក​ថា ការស្នើឲ្យ​មាន​ការបិទ​ការហោះហើ​រទាំ​ង​អស់ពី​ចិន​មក​កម្ពុជា គឺជា​ការសម្លាប់​ផ្នែក​មួយ​នៃ​សេដ្ឋកិច្ចជាតិ និង​ជា​ការកាត់បន្ថយ​ទំនាក់ទំនង​កម្ពុជា​-​ចិន​។ ប្រតិកម្ម​របស់លោក ហ៊ុន សែន ដូច្នេះ គឺជា​ការឆ្លើយតប​ទៅនឹង​ការលើកឡើង​របស់​អនុប្រធាន​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Right Watch) ដែលថា គួរ​មាន​ការស្តីបន្ទោស​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​អនុញ្ញាតឲ្យ​មានជើ​ង​ហោះហើ​យ​ពី​ចិន​មក​កម្ពុជា ហើយ​បាន​ឆ្លង​មេរោគ​។ ការឆ្លើយតប​របស់លោក ហ៊ុន សែន នេះ​ផងដែរ គឺ​សំដៅ​ទៅលើ​ពលរដ្ឋ​ខ្មែរ​មួយចំនួន​ដែល​មានការ​សំណូមពរ​ឲ្យមាន​ការជម្លៀស​ពលរដ្ឋ​ខ្មែរ​ចេញពី​ប្រទេស​ចិន​។ ជាមួយគ្នានេះ​លោក​នាយករដ្ឋមន្ត្រី​ក៏​បាន​បញ្ជាក់ឲ្យ​មន្ត្រីការទូត​កម្ពុជា​គ្រប់​ជាន់ថ្នាក់ ប្រចាំ​នៅ​ប្រទេស​ចិន និង​និស្សិត​ខ្មែរ​ផង ស្ថិតនៅ​ប្រទេស​ចិន ដើម្បី​បង្ហាញ​ពី​ការ​រួមសុខ​រួមទុក្ខ​ជាមួយ​មិត្ត​ចិន​។​

​ការសម្រេចចិត្ត​របស់​លោក ហ៊ុន សែន បែបនេះ ត្រូវបាន​លោក សម រង្ស៊ី អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ដៃគូ​ប្រកួតប្រជែង​នយោបាយ​ជាមួយ​លោក ហ៊ុន សែន លើកឡើងថា លោក ហ៊ុន សែន សុខចិត្ត​ទទួលយក​ហានិភ័យ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ស្លាប់ ដោយ​ជំងឺ​ថ្មី​កូរ៉ូណា​វីរុស មកពី​ប្រទេស​ចិន ពីព្រោះ​គាត់​ត្រូវការ​ចិន ដើម្បី​ការពារ​អំណាច​ផ្តាច់ការ ពុករលួយ និង​ក្បត់ជាតិ ដែល​គាត់​ដឹកនាំ​សព្វថ្ងៃ​។ លោក សម រង្ស៊ី លើកឡើង​ទៀតថា ប្រទេស​វៀតណាម ប្រទេស​រុស្ស៊ី និង​ប្រទេស​មួយចំនួន ដែលមាន​ទំនាក់ទំនង​ជិតស្និត​ជាមួយ​ប្រទេស​ចិន ក៏​គេ​បិទ​ព្រំដែន​គេ មិនឲ្យ​អ្នកធ្វើដំណើរ​ពីប្រ​ទេសចិន ចូលមកក្នុង​ប្រទេស​គេ​ដែរ​។ តែ​សម្រាប់​លោក ហ៊ុន សែន គាត់​នៅតែ​បន្ត​ឲ្យ​ទេសចរ និង​អ្នកធ្វើដំណើរ​ផ្សេងៗ មកពី​ប្រទេស​ចិន ចូលមក​ប្រទេស​កម្ពុជា តាមចិត្ត ដូច​ធម្មតា ក្នុងខណៈដែល​ពិភពលោក​ទាំងមូល ប្រកាស​ភាពអាសន្ន ដើម្បី​ទប់ស្កាត់​វីរុស​កូរ៉ូណា កុំឲ្យ​រាលដា​លពី​ប្រទេ​សចិន ចូលមក​ប្រទេស​នានា​ផ្សេងទៀត​។​

​ប៉ុន្តែ​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ច្រានចោល​នូវ​ការលើកឡើង​របស់លោក សម រង្ស៊ី ដែលថា​ការសម្រេចចិត្ត​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​បិទ​ជើងហោះហើរ​ពី​ចិន​មក​កម្ពុជា ជាការ​សុខចិត្ត​ទទួលយក​ហានិភ័យ ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ស្លាប់ ដោយ​ជំងឺ​វីរុស​កូរ៉ូណា​មកពី​ប្រទេ​សចិន ដើម្បី​ការពារ​អំណាច​របស់ខ្លួន គឺ​មិន​ពិត​នោះទេ​។ មិន​ពិត ដោយ​លោក​ចាត់ទុកថា​ការលើកឡើង​នេះ គ្រាន់​ជាការ​មួលបង្កាច់​មកលើ​លោក ហ៊ុន សែន តែប៉ុណ្ណោះ ហើយ​ការលើកឡើង​នេះ​ទៀត សោធ ក៏​មិនបាន​ឆ្លុះបញ្ចាំង​អំពី​ការពិត នៃ​ការសម្រេច​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ឡើយ​……

​សំឡេង​៖

​លោក សុខ ឥសាន បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ទី​ក៏ដោយ រស់នៅ​ចិន​ក៏ដោយ ឱ្យតែ​អនុវត្តតាម​ការណែនាំ​ពី​វិធី​អនាម័យ​ខ្លួនប្រាណ ដែល​វិជ្ជសាស្ត្រ​បាន​ណែនាំ នោះ​មិន​ឆ្លង​កូរ៉ូណា​វីរុស​ថ្មី ដែល​កំពុង​កើតមាន​នៅក្នុង​ប្រទេស​ចិន​ទេ​។ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​រូបនេះ បាន​លើកឡើងថា ការសម្រេចចិត្ត​របស់​មេដឹកនាំ​បណ្ដា​ប្រទេស​ដ៏​ទៃ ដែល​បិទ​ជើងហោះហើរ​និង​បិទ​ព្រំដែន​ជាមួយ​ចិន ជា​រឿង​របស់​មេដឹកនាំ​បណ្ដា​ប្រទេស​ទាំងនោះ មិន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ប្រទេស​កម្ពុជា​ទេ​។ លោក​បន្តថា ដូច​អ្វីដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ជំហ​រហើយ​ថា កម្ពុជា​នៅតែ​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​ចិន ទោះជា​ស្ថិតក្នុង​កាលៈទេសៈ​ណាក៏ដោយ​។ លោក សុខ ឥសាន ថែមទាំង​អះអាងថា កម្ពុជា​-​ចិន ជា​មិត្ត​ជិតស្និត និង​ជឿទុកចិត្ត​គ្នា ដូច្នេះ​ប្រទេស​ទាំងពី​រមិនអាច​រត់ចោល​គ្នា ក្នុង​គ្រា​មាន​អាសន្ន​ឡើយ​…………

​សំឡេង​៖

​សូមបញ្ជាក់ថា ក្រោយពី​ប្រទេស​ចិន កំពុង​ផ្ទុះ​នៅ​ការឆ្លង​ជំងឺ​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​កូរ៉ូណា​វីរុស បណ្ដាលឱ្យ​ឆ្លង​និង​ស្លាប់​មនុស្ស​ជាច្រើន​នាក់​នោះ មាន​បណ្ដា​ប្រទេស​មួយចំនួន បានសម្រេច​បិទ​ជើងហោះហើរ​ពី​ប្រទេស​ចិន ចូលមក​ប្រទេស​ខ្លួន និង​បាន​ជម្លៀស​ប្រជាជន​របស់​ពួកគេ ចេញពី​ប្រទេស​ចិន​ផងដែរ​។ ជាមួយគ្នា​ប្រទេស​ដែល​ជាប់​ព្រំដែន​ជាមួយនឹង​ចិន ដូចជា​ប្រទេស​រុស្ស៊ី និង​វៀតណាម ក៏ បានសម្រេច​បិទ​ច្រកព្រំដែន​ជាមួយ​ប្រទេស​ចិន​ដែរ ដើម្បី​បង្កា​រកា​ឆ្លង​ជំងឺ​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​កូរ៉ូណា​វីរុស ទៅលើ​ប្រជាជន​របស់​ពួកគេ​៕  

 

 

ព័ត៌មានផ្សេងទៀត