លោក​Buttigieg​នាំមុខ​គេ​ក្នុង​ការបោះឆ្នោត​ជ្រើស​តំណាង​សភា​ប្រជាធិបតេយ្យ​

05-02-2020 10:07 am 331
  ស្តាប់
ស្តាប់ជាសំឡេង

​ទីបំផុត​លោក​Pete Buttigieg វ័យ​៣៨​ឆ្នាំ ដែល​ជា​អតីត​អភិបាលក្រុង​South Bend នៃ​រដ្ឋ​Indiana បាន​ក្លាយ​ជា​បេក្ខជន​នាំមុខ​គេ​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​តំណាង​សភា​ប្រជាធិបតេយ្យ​អាមេរិក ក្នុង​រដ្ឋ​Iowa​។ ការប្រកាស​លទ្ធផល​នេះ​ធ្វើឡើង បន្ទាប់ពី​មាន​បញ្ហា​លើ​ការ​រាប់​សន្លឹកឆ្នោត កាលពី​ថ្ងៃ​ទី​០៣ ខែ​កុម្ភៈ កន្លងទៅ​។ មូលហេតុ​ដោយសារ​ប្រព័ន្ធ​គ្រប់គ្រង​សន្លឹកឆ្នោត​មាន​បញ្ហា​រអាក់រអួល​បង្កពី​កំហុស​បច្ចេកទេស​។​

​លោក​Buttigieg បាន​ថ្លែង​ក្នុង​រដ្ឋ​New Hampshire ថា “​លោក​មិន​ដែល​ជឿ​ថា​ខ្លួន​អាច​ទទួលបាន​ការគាំទ្រ​ច្រើន​ឡើយ ហើយ​លោក​នឹង​ខំប្រឹង​សម្រាប់​ការប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត​នៅ​ថ្ងៃទី​១១ ខែ​កុម្ភៈ​ខាង​មុខ​ទៀត​”​។​

​ជាក់ស្ដែង​ក្នុង​ចំណោម​បេក្ខជន​ទាំង​១១​រូប មាន​តែបេក្ខជន​៤​រូប​ប៉ុណ្ណោះ​ដែល​លេចធ្លោ​ជាង​គេ ដោយ​ទី​១​បាន​លើ​អតីត​អភិបាលក្រុង​South Bend លោក​Pete Buttigieg នាំមុខ​គេ​ដោយ​សម្លេង​គាំទ្រ ២៦,៩% ខណៈ​លេខ​២​បាន​ទៅ​លើ​លោក​Bernie Sanders វ័យ​៧៨​ឆ្នាំ ជា​អ្នក​សង្គមនិយម​ប្រជាធិបតេយ្យ ទទួល​សម្លេងគាំទ្រ ២៥,១%​។ រីឯ​លេខ​៣​បាន​ទៅ​លើ​សមាជិក​ព្រឹទ្ធសភា​លោកស្រី​Elizabeth Warren ដែល​ទទួល​សម្លេងគាំទ្រ ១៨,៣% និង​លេខ​៤​បាន​លើ​អតីត​អនុ​ប្រធានាធិបតី​លោក​Joe Biden ទទួល​សម្លេង​គាំទ្រ​ត្រឹមតែ ១៥,៦%​ ប៉ុណ្ណោះ។ 

​បើ​តាម​លោក​Larry Sabato សាស្ត្រាចារ្យ​ផ្នែក​នយោបាយ​នៅ​សាកលវិទ្យាល័យ University of Virginia បាន​និយាយថា “​គូប្រជែង​ដ៏​សាក​សម​បំផុត​ក្នុង​ការបោះឆ្នោត​នៅ​រដ្ឋ​New Hampshire ប្រហែលជា​មាន​តែ​លោក​Sanders និង Buttigieg​ទេ​” ។​

ជាមួយគ្នានេះ​ដែរ​សមាជិក​ព្រឹទ្ធសភា​មួយ​រូប​គឺ​លោក​Mark Warner បាន​សម្ដែង​ការព្រួយបារម្ភ​ថា “​បញ្ហា​ក្នុង​ដំណើរការ​រាប់​សន្លឹកឆ្នោត​នេះ អាច​ធ្វើឲ្យ​ប្រជាពលរដ្ឋ​អាមេរិក​មិន​មាន​ទំនុក​ចិត្ត​លើ​ការបោះឆ្នោត​ឡើយ ដោយ​អាច​នឹង​មាន​បាតុភាព​នៅលើ​បណ្ដាញ​សង្គម​ជាក់​ជា​មិនខានឡើយ​”​។​

​ទោះបីជា​យ៉ាងណា​ក៏ដោយ​លោក​Troy Price ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​នៅ​រដ្ឋ​Iowa បាន​ចេញ​មុខ​សុំ​អភ័យទោស​យ៉ាងខ្លាំង​ចំពោះ​ការពន្យារពេល​ប្រកាស​លទ្ធផល​នៃ​ការបោះ​ឆ្នោត​ដ៏​សំខាន់​នេះ​។ ដោយ​លោក​បាន​បញ្ជាក់ថា វា​បណ្ដាល​មកពី​បញ្ហា​បច្ចេកទេស​កូដកម្ម​វិធី​គ្រប់គ្រង​ទិន្នន័យ​បោះឆ្នោត និង​សន្លឹកឆ្នោត​។​

អ្វី​ដែល​គួរឲ្យ​ចាប់អារម្មណ៍​នោះគឺ មាន​សាកលវិទ្យាល័យ​មួយចំនួន​ក្នុង​សហរដ្ឋអាមេរិក បាន​បញ្ចេញ​លទ្ធផល​ស្ទង់​មតិ ដែល​ផ្ទុយ​ពី​លទ្ធផល​ការបោះ​ឆ្នោត​ទាំង​ស្រុង​។ ក្នុង​ការស្ទង់មតិ​នោះ​បញ្ជាក់ថា​លោក Bernie Sanders ឈរ​នៅ​លេខ​១ ខណៈ​លោក​Joe Biden ឈរ​នៅ​លេខ​២ រីឯ​លោក​ស្រី​Elizabeth Warren ឈរ​នៅ​លេខ​៣ និង​លោក​Pete Buttigieg ឈរ​នៅ​លេខ​៤​។​

​គួររម្លឹកថា​ដំបូង​ឡើយ គេ​បាន​សន្និដ្ឋានថា​មានតែ​លោក​Joe Biden ម្នាក់​គត់​ដែល​អាច​មាន​លទ្ធភាព​ឈរ​ជា​អ្នក​តំណាង​សភា​ប្រជាធិបតេយ្យ​ក្នុង​ការប្រកួតប្រជែង​ជាមួយ​លោក​Donald Trump សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាណត្តិ​ថ្មី​នាពេល​ខាងមុខ​នេះ​។ ក៏​ប៉ុន្តែ​ក្រោយ​លទ្ធផល​ការបោះឆ្នោត​បាន​ចេញមក ស្រាប់តែ​ខុសស្រឡះ​ពី​ការរំពឹងទុក​របស់​អ្នកវិភាគ​នយោបាយ​អាមេរិក​។ ដោយ​លោក​Pete Buttigieg ដែល​ពុំ​ធ្លាប់​ទទួលបាន​សម្លេង​គាំទ្រ​សោះ បាន​ក្លាយ​ជា​បេក្ខជន​នាំមុខ​គេ​ទៅ​វិញ​ស្ទើរតែ​មិន​គួរឲ្យ​ជឿ​។ យ៉ាងណាក៏ដោយ ការបោះឆ្នោត​ជ្រើសរើស​តំណាង​សភា​ប្រជាធិបតេយ្យ​នេះ នឹង​ត្រូវ​បន្ត​នៅក្នុង​រដ្ឋ​ចំនួន​៣​ទៀត​របស់​សហរដ្ឋអាមេរិក ដើម្បី​ស្វែងរក​អ្នក​ដែល​សាកស​ម​ជា​ដៃគូ​ប្រកួតប្រជែង​ជាមួយ​លោក​Donald Trump៕  

ព័ត៌មានផ្សេងទៀត