លោកហ៊ុនសែន៖មិត្តចិនយល់ពីការព្រួយបារម្ភរបស់ខ្ញុំ ទើបអនុញ្ញាតឲ្យខ្ញុំទៅកាន់ទីក្រុងប៉េកាំង

05-02-2020 8:40 am 510

លោកហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា បានបញ្ជាក់ថាដោយសារតែរដ្ឋាភិបាលចិន ដែលជាមិត្តជិតស្និតរបស់កម្ពុជា យល់អំពីការព្រួយបារម្ភរបស់លោកចំពោះប្រជាពលរដ្ឋ និងនិស្សិតខ្មែរនៅប្រទេសចិន ទើបរដ្ឋាភិបាលចិនអនុញ្ញតឲ្យដំណើរទៅកាន់ទីក្រុងប៉េកាំង។

លោកហ៊ុន សែន បានសរសេរបញ្ជាក់នៅលើហ្វេសប៊ុករបស់លោក នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០នេះថា តាមគម្រោងនៅថ្ងៃទី៥ កុម្ភៈនេះ រូបលោកគ្រោងនឹងចាកចេញពីប្រទេសកូរ៉េខាងត្បូង ឆ្ពោះទៅទីក្រុងវូហា នខេត្តហ៊ូប៉ីប្រទេសចិន ដើម្បីទៅសួរសុខទុក្ខនិស្សិតខ្មែរ២៣ នាក់ដែលកំពុងសិក្សានៅទីនោះ។

ប៉ុន្តែមកទល់ម៉ោង១១ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ទើបក្រសួងការបរទេសចិនឆ្លើយតបថា មិនអាចរៀបចំជូនដល់ការធ្វើដំណើររបស់លោកហ៊ុន សែន ទៅកាន់ទីក្រុងវូហានបានទេ ព្រោះទីក្រុងនេះបានប្រកាសភាពអាសន្នបិទ មិនឲ្យមានចរាចរណ៍ឆ្លងកាត់នៅក្នុងតំបន់នេះនៅឡើយ ហើយចំពោះនិស្សិតវិញក៏មិនត្រូវបានអនុញ្ញាតឲ្យចេញ ក្រៅពីទីកន្លែងរស់នៅបានដែរ។

លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន បានសរសេរបញ្ជាក់ទៀត ថា”ដោយសារមិត្តចិនយល់ អំពីការព្រួយបារម្ភរបស់ខ្ញុំចំពោះពលរដ្ឋ និងនិស្សិតខ្មែរ ដែលកំពុងរស់នៅក្នុងប្រទេសចិននៅព្រឹកម៉ិញនេះ ខាងរដ្ឋាភិបាលចិនបានអនុញ្ញតឲ្យខ្ញុំធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ដើម្បីបានជួបសម្តែងការគួរសមជាមួយភាគីមិត្តចិន និងបានស្វែងយល់អំពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលចិន ចំពោះបងប្អូននិងកូនក្មួយសិស្សនិស្សិតខ្មែរយើង ដែលកំពុងរស់នៅនឹងសិក្សានៅក្នុងទីក្រុងវូហាន ក៏ដូចជានៅទូទាំងប្រទេសចិន”។

ប្រមុខរដ្ឋាភិបាលកម្ពុជាលោកហ៊ុន សែន បានឲ្យដឹង ថា នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ រូបលោកនឹងដឹកនាំគណប្រតិភូកម្ពុជាចាកចេញ ពីប្រទេសកូរ៉េខាងត្បូងឆ្ពោះទៅកាន់ទីក្រុងប៉េកាំង មុននឹងធ្វើដំណើរ វិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ។

ជាមួយគ្នានេះលោកហ៊ុន សែន ក៏បានអរគុណជនរួមជាតិ និងសិស្ស-និស្សិត ដែលគោរពស្រឡាញ់រូបលោក និងចង់ឲ្យលោកមានសុខភាពល្អ។ ក្នុងនោះដែរលោកហ៊ុន សែនក៏បានជូនពរជនរួមជាតិ និងសិស្ស-និស្សិតដែលកំពុងរស់នៅក្នុងទីក្រុងវូហាន និងនៅក្នុងប្រទេសចិនទាំងអស់ជួបតែសេចក្តីសុខ សំណាងល្អ និងចៀសផុតពីជំងឺទាំងឡាយផងដែរ៕ 

ព័ត៌មានផ្សេងទៀត