លោកនាយក​រដ្ឋមន្ត្រី​ឆ្លើយតប​នូវ​ពាក្យ​គេ​ថា​« រូប​លោក​ដឹកនាំ​ប្រទេស គិតតែ​ឱ្យ​ខ្មែរ​ធ្វើ​ខ្ញុំ​គេ​»

04-02-2020 11:07 am 1231
  ស្តាប់
ស្តាប់ជាសំឡេង

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ពលករ​ខ្មែរ សិស្ស និស្សិត​នៅ​សាធារណរដ្ឋ​កូរ៉េ កាលពី​រសៀល​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ បាន​លើកឡើង​ថា នៅពេល​ដែល​រូបលោក ប្រឹងប្រែង​បញ្ចូន​ពលករ ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​ដូចជា​៖ កូរ៉េ ជប៉ុន និង​ធ្វើឱ្យ​ពលករ​ក្លាយ​ជា​ពលករ​ស្របច្បាប់​ដូច​ជា នៅ​ប្រទេស​ថៃ ម៉ាឡេស៊ី ព្រមទាំង​ខិតខំ​ធ្វើការ​នៅ​មជ្ឈិមបូព៌ា គេ​ថា​រូប​លោក​ដឹកនាំ​ប្រទេស គិតតែ​ឱ្យ​ខ្មែរ​ធ្វើ​ខ្ញុំ​គេ​។ 

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​លើកឡើង​ថា «​អញ្ចឹង​អ្នក​ដែល​ចោទ​ខ្ញុំ​ថា​ដឹកនាំ​ប្រទេស​ត្រឹមតែ​បញ្ចូន​មនុស្ស​ឲ្យទៅ​ធ្វើ​ខ្ញុំគេ តើ​អ្នក​ចង់​សាក​ទេ ខ្ញុំ​អាច​ធ្វើបាន​ដើម្បី​បញ្ចប់​នូវ​វត្ត​មាន​ពលករ​ខ្មែរ នៅ​ក្រៅ​ប្រទេស​អត់​លំបាក​នោះទេ​។ ម៉េច​ថា​មិន​ពិបាក​នោះ​គឺ ខ្ញុំ​សុំ​លុប​កិច្ចព្រមព្រៀង​ឧទាហរណ៍​៖ ជាមួយ​កូរ៉េ អំពី​ការ​បញ្ចូន​ពលករ​មក​ធ្វើ​នៅ​កូរ៉េ ហើយ​បញ្ជូន​ទៅ​កម្ពុជា​វិញ ហើយ​«​ខ្ញុំ​អាច​ធ្វើ​បាន​ជាមួយ​ថៃ ក៏​ខ្ញុំ​អាចធ្វើ​បាន ខ្ញុំ​លុបចោល ហើយ​សុំ​បញ្ជូន​មក​វិញ តែ​ខ្ញុំ​មិន​ធ្វើ ព្រោះ​យើង​បាន​ខិតខំ​ធ្វើ​ចំពោះ​អ្នក​មិន​ស្រប​ច្បាប់​ឱ្យ​ស្រប​ច្បាប់​នៅ​ថៃ និង​នៅ​ម៉ាឡេស៊ី​»​។​ប៉ុន្តែ​បើ​ធ្វើតាម​ក្រុមប្រឆាំង​នេះ អ្វី​ដែល​ខូចខាត​គឺ​ក្មួយៗ​ជាព​លករ​តែ​ម្តង​។​» 

​នៅក្នុង​ឱកាស​នោះ​ដែរ​លោក​នាយករដ្ឋមន្ត្រី​ក៏​បាន​បង្ហាញ តួលេខ​ពលករ ដែល​ធ្វើការ​នៅ​ប្រទេស​កូរ៉េ ទាំង​ធ្វើការ​ស្របច្បាប់ ឬ​សហគមន៍ ដែល​តាម​របាយការណ៍​របស់​ខាង​ទូត​កូរ៉េ​បានឲ្យដឹងថា ពលករ​ចិន​មាន​ចំនួន ១,១០០,០០០​នាក់​,​ថៃ ២០០,០០០​នាក់​,​ហ្វីលីពីន​៧៨,០០០​នាក់​,​ម៉ុង​ហ្គោលី ៤៥,០០០​នាក់​,​មី​យ៉ាន់​ម៉ា ៣១,០០០​នាក់​,​បង់​ក្លា​ដែស ១៧,០០០​នាក់​,​វៀតណាម​២២០,០០០​នាក់​,​កូបេ​គី​ស្ថាន ៨៣,០០០​នាក់​,​ឥណ្ឌូណេស៊ី ៧៣,០០០​នាក់​,​នេ​ប៉ាល់​៣៤,០០០​នាក់​,​ស្រីលង្កា ២៦,០០០​នាក់ និង​ប៉ា​គី​ស្ថាន ១៣,០០០​នាក់​។​

​ជាមួយគ្នា​នោះ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​លើកឡើង​ពី​ពលករ​ដែល​កាន់​ប័ណ្ណ​ការងារ​នៅក្នុង​ប្រទេស​កូរ៉េ​មានដូចជា​៖ រៀត​ណាម​មាន​ចំនួន​៣៦,៨៩៩​នាក់ ថៃ​២៥,៤៦២​នាក់ កូបេ​គី​ស្ថាន​១៣,៩៥២​នាក់ ហ្វីលីពីន​២៥,៣៦៥​នាក់ ម៉ុង​ហ្គោលី​៥,៨៤១​នាក់ កម្ពុជា ៣៨,០០៦​នាក់ ឥណ្ឌូណេស៊ី ២៨,២៥៩​នាក់ នេ​ប៉ាល់ ៣៥,៣២៥​នាក់ មី​យ៉ាន់​ម៉ា ២៥,២៣១​នាក់ ស្រីលង្កា ២២,០៨៨​នាក់ បង់​ក្លា​ដែស​១០,១៧៣​នាក់​។ 

​លោកនាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​បញ្ជាក់ថា បើ​តាម​របាយការណ៍រ​បស់​ឯ​កគ្គ​រាជទូត​កម្ពុជា​ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ​បាន​ឱ្យដឹងថា ពលករ​នៅ​កូរ៉េ​បញ្ចូន​ប្រាក់​ទៅ​ស្រុកកំណើត​ក្នុង​មួយ​ឆ្នាំៗ​ប្រមាណ​ជាង​៤០០​លាន​ដុល្លារ​៕

 


 ពាក្យគន្លឹះ  លោកហ៊ុន សែនពលករខ្មែរ

ព័ត៌មានផ្សេងទៀត