អង់គ្លេស​ធ្វើ​វិសោធនកម្ម​ច្បាប់​កាត់ទោស​ថ្មី​លើ​បទ​ល្មើស​ភេរវកម្ម​

04-02-2020 10:38 am 213
  ស្តាប់
ស្តាប់ជាសំឡេង

​បន្ទាប់​ពី​មាន​ការវាយប្រហារ​ពី​សំណាក់​ភេរ​វករ​ម្នាក់ ទៅលើ​ហ្វូង​មនុស្ស​នៅ​តាម​ដង​វិថី Streatham High Road កាលពីពេល​កន្លង​ទៅ រដ្ឋាភិបាល​អង់គ្លេស​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​០៣ ខែ​កុម្ភៈ ថា​ខ្លួន​នឹង​ធ្វើ​វិសោធនកម្ម​ច្បាប់​ថ្មី ដើម្បី​កាត់ទោស​ទៅលើ​បទ​ល្មើស​ភេរវកម្ម​។ នេះ​បើ​យោង​ទៅតាម​ការចុះផ្សាយរ​បស់​បណ្ដាញសារព័ត៌មាន​CNA នៅ​ថ្ងៃ​ទី​០៤ ខែ​កុម្ភៈ​នេះ​។​

​មុន​នឹង​ឈាន​ដល់​ការសម្រេច​ដាក់ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​ថ្មី​នេះ នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក​Boris Johnson ធ្លាប់បាន​ថ្លែង​កាលពី​ពេល​ថ្មីៗ​ថា “​អង់គ្លេស​នឹង​ធ្វើ​ការកែ​សម្រួល​ច្បាប់​កាត់ទោស​លើ​ឧក្រិដ្ឋជន ឬ​ភេរវជន​ជាថ្មី​”​។ ជាមួយគ្នានេះដែរ មន្ត្រី​ក្រសួង​យុត្តិធម៌​លោក​Robert  Buckland ក៏​បានឲ្យដឹងថា “​ច្បាប់​ដែល​ត្រូវអនុម័ត​ថ្មី នឹង​បញ្ចប់​លែងឲ្យ​មាន​ការដោះលែង​អ្នកទោស​ឲ្យនៅ​ក្រៅ​ឃុំ បើទោះបីជា​បាន​អនុវត្ត​ច្បាប់​ពាក់កណ្ដាល​ក៏​ដោយ​”​។ លោក​បាន​បញ្ជាក់បន្ថែម​ថា “​ច្បាប់​ថ្មី​ដែល​គ្រោង​នឹង​ធ្វើ​វិសោធនកម្ម ផ្ដោតទៅលើ​ការបន្ថែម​រយៈពេល​ជាប់ពន្ធនាគារ ក៏​ដូចជា​ប្រាក់​ពិន័យ​។ ពិសេស​នោះ គឺ​អ្នកទោស​អាច​ដាក់ឲ្យ​នៅ​ក្រៅ​ឃុំ​បាន លុះត្រាតែ​បាន​អនុវត្ត​ច្បាប់ ២​ភាគ​៣ នៃ​ទោស​របស់​ខ្លួន​”​។​

​គួរ​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០២០​កន្លងទៅ ភេរ​វករ​ម្នាក់​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ឈ្មោះ Sudesh Amman វ័យ​២០​ឆ្នាំ ត្រូវបាន​ប៉ូលិស​បាញ់​សម្លាប់​នៅ​លើ​ដង​វិថី​មួយ ស្ថិត​នៅ​ភាគខាងត្បូង​ទីក្រុង​ឡុង​ដ៏​។ ការបាញ់​សម្លាប់​នេះ កើតឡើង​បន្ទាប់ពី​ភេរ​វករ​នេះ​បាន​ប្រើប្រាស់​កាំបិត​ដេញ​ចាក់​មនុស្ស​យ៉ាង​ឃោរឃៅ​នៅ​តាម​ដង​វិថី​សាធារណៈ​។ ក្នុងករណី​នេះ​ដែរ បាន​បង្ក​ឲ្យ​មនុស្ស​ប្រមាណ ៣​នាក់​រងរបួស​ធ្ងន់ និង​ស្រាល​។​

​សូម​រម្លឹកថា​Sudesh Amman ត្រូវបាន​តុលាការ​អង់គ្លេស​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​៣​ឆ្នាំ កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៨ ពី​បទ​ចោទប្រកាន់​ចំនួន​៦ ពាក់ព័ន្ធ​នឹង​បទល្មើស​ភេរវកម្ម​៕​

ព័ត៌មានផ្សេងទៀត