គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៃព្រះរាជាណាចក្រកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៃសាធារណរដ្ឋឥណ្ឌា បានសហការគ្នារៀបចំវគ្គបណ្តុះបណ្តាលពិសេសស្តីពីកម្មវិធីកសាងសមត្ថភាពលើការគ្រប់គ្រងការបោះឆ្នោតសម្រាប់កម្ពុជា ក្រោមការឧបត្ថម្ភពីរដ្ឋាភិបាលនៃប្រទេសឥណ្ឌា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។
វគ្គបណ្តុះបណ្តាលពិសេសនេះ នឹងប្រព្រឹត្តទៅនៅទីក្រុងញ៉ូដែលី ប្រទេសឥណ្ឌា ចាប់ផ្តើមពីថ្ងៃទី ៣ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ហើយមានតែមន្ត្រីជាន់ខ្ពស់ គ.ជ.ប កម្ពុជា ចំនួន ២២រូប តែប៉ុណ្ណោះដែលត្រូវបានឱ្យចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ។
ប្រទេសឥណ្ឌាត្រូវបានគេទទួលស្គាល់ថាជាប្រទេសមានលទ្ធិប្រជាធិបតេយ្យធំជាងគេនៅលើពិភពលោក ហើយអ្នកមានសិទ្ធិបោះឆ្នោតក្នុងឆ្នាំ២០១៩ មានជាង ៩០០លាននាក់។
គ.ជ.ប យល់ឃើញថា នេះគឺជាឱកាសពិសេសមួយ ដែលសិក្ខាកាមទាំង ២២រូប អាចដកស្រង់បទពិសោធន៍ពីប្រទេសដែលមានអ្នកមានសិទ្ធិបោះឆ្នោតដ៏ច្រើន ស្របពេលដែលកម្ពុជាកំពុងត្រៀមរៀបចំដំណើរការការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ និងការបោះឆ្នោតសកលនាឆ្នាំ២០២២និងឆ្នាំ២០២៣ ហើយក៏ជាឱកាសដែលសិក្ខាកាមបានបង្ហាញ និងចែករំលែកបទពិសោធន៍របស់ខ្លួនអំពីការបោះឆ្នោតនៅកម្ពុជាផងដែរ។
វគ្គបណ្តុះបណ្តាលនេះនឹងជំរុញបន្ថែមទៀតនូវទំនាក់ទំនងកាន់តែល្អរវាង គ.ជ.ប នៃព្រះរាជាណាចក្រកម្ពុជា និង គ.ជ.ប នៃសាធារណរដ្ឋឥណ្ឌា ក្នុងភាពជាដៃគូដើម្បីលើកកម្ពស់ដំណើរការលទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតនៅព្រះរាជាណាចក្រកម្ពុជា៕