លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ក្នុងបំណាចខែធ្នូ ឆ្នាំ២០២១៩ កន្លងទៅនេះ មានអង្គការសមាគមជាង៥ពាន់ បានតម្កល់និងចុះបញ្ជីនៅក្រសួងមហាផ្ទៃ ដើម្បីធ្វើសកម្មភាពរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា និងមានអង្គការសមាគមជាង៣០ ត្រូវបានលុបឈ្មោះចេញពីបញ្ជីពីក្រសួងមហាផ្ទៃផងដែរ។
អង្គការសមាគមក្រៅរដ្ឋាភិបាលសរុបប្រមាណ ៥៥៦៤ ត្រូវបានតម្កល់ និងចុះបញ្ជីនៅក្រសួងមហាផ្ទៃ ដោយក្នុងនោះសមាគមមានចំនួន ២២៤៨ និងអង្គការមិនរដ្ឋាភិបាលមានចំនួន ៣១១៦។ នេះជាការអះអាងរបស់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅក្នុងពីធីបើកវេទិកា ស្ដីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល (លើកទី៤) នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ។ ជាមួយគ្នានោះលោកបានបញ្ជាក់ថា មានអង្គការសមាគមក្រៅរដ្ឋាភិបាលសរុបចំនួន៣៨ ត្រូវលុបឈ្មោះចេញពីបញ្ជីនៅក្រសួងមហាផ្ទៃ។ លោក ស ខេង អះអាងផងដែរថា ការលុបឈ្មោះចេញពីបញ្ជី ធ្វើឡើងដោយមានការស្នើសុំពីម្ចាស់សមីខ្លួនផងដែរ……………
សំឡេង៖
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ បានលើកឡើងថា សកម្មភាពរបស់អង្គការសមាគមក្រៅរដ្ឋាភិបាល ដែលធ្វើសកម្មភាពរបស់ខ្លួនក្នុងឆ្នាំ២០១៩ គឺមានភាពល្អប្រសើរធម្មតា ពុំមានការរឹតត្បិតឡើយ។ លោក ស ខេង ថែមទាំងសសើរអាជ្ញាធរនៅមូលដ្ឋាន ថាហាក់មានការយល់ដឹងច្រើនក្នុងការសហការជាមួយអង្គការសមាគមក្រៅរដ្ឋាភិបាល នៅពេលពួកគាត់ចុះធ្វើសកម្មភាពម្ដងៗ។ ជាមួយគ្នានេះលោកក៏បានអំពាវនាវដល់អង្គការសមាគមក្រៅរដ្ឋាភិបាលទាំងអស់ ត្រូវធ្វើសកម្មភាពរបស់ខ្លួន ឱ្យស្របទៅនឹងច្បាប់បទដ្ឋានគតិយុត្តិកុំធ្វើអ្វីប្រាសចាកផ្ទុយពីច្បាប់ ដែលនាំឱ្យជាប់ពាក់ព័ន្ធទៅនឹងបទល្មើសផ្សេងៗ ដូចជាការលាងលុយកខ្វក់ ដែលធ្វើឱ្យប្រទេសកម្ពុជាជាប់ឈ្មោះក្នុងបញ្ជីខ្មៅ។
ទន្ទឹមនឹងនេះលោក ស ខេង ក៏បានស្នើដល់អង្គការសមាគម និងដៃគូអភិវឌ្ឍទាំងអស់ បន្តគាំទ្ររដ្ឋាភិបាល ក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស លើកកម្ពស់សិទ្ធិមនុស្ស ដើម្បីពង្រឹងនូវសុខសន្តិភាព ក៏ដូចជាការអភិវឌ្ឍជាតិឱ្យកាន់តែររីកចម្រើនថែមទៀត និងស្នើឱ្យចូលរួមទប់ស្កាត់ការពារធនធានធម្មជាតិ និងបរិស្ថាន ចូលរួមទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ នេសាទខុសច្បាប់ ការជួញដូរមនុស្ស ការផលិតនិងចែកចាយគ្រឿងញៀន ព្រមទាំងចូលរួមផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោកជាដើម…។ ជាមួយគ្នានេះដែរ លោកក៏បានស្នើអង្គការសមាគមក្រៅរដ្ឋាភិបាលអស់ បន្តចូលរួមកំណែទម្រង់របស់រដ្ឋាភិបាលផ្សេងៗ និងទទូចឱ្យអាជ្ញាធរមូលដ្ឋាន មានកិច្ចសហការយ៉ាងល្អ ជាមួយអង្គការសមាគមក្រៅរដ្ឋាភិបាល នៅពេលចុះធ្វើសកម្មភាពផងដែរ៕