លោក​នាយករដ្ឋមន្ត្រី​ហ៊ុនសែន​ និង​គណៈប្រតិភូ​អញ្ជើញ​ទៅដល់​ទីក្រុង​សេ​អ៊ូ​ល​​ដោយ​សុ​វត្តិភាព​​​

03-02-2020 2:59 pm 131

នៅ​ម៉ោង​៣.០៥​នាទី​(​ម៉ោង​នៅ​សេ​អ៊ូ​ល ត្រូវ​នឹង​ម៉ោង​១.០៥​នាទី ម៉ោង​នៅ​ភ្នំពេញ​) ថ្ងៃទី​០៣ ខែ​កុម្ភៈ ឆ្នាំ​២០២០​នេះ លោក​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ទៅដល់​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េ ដោយ​សុ​វត្តិភាព​ហើយ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិភពលោក​ឆ្នាំ​២០២០ នៃ​អង្គការ​សហព័ន្ធ​សន្តិភាព​សកល (UPF) ស្តីពី​សន្តិភាព សន្តិសុខ និង​ការអភិវឌ្ឍ​មនុស្ស ដែល​រៀបចំឡើង​នៅ​សាធារណរដ្ឋ​កូរ៉េ (​កូរ៉េខាងត្បូង​) រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​០៣ ដល់​ថ្ងៃទី​០៥ ខែ​កុម្ភៈ ឆ្នាំ​២០២០​។​

​សូមបញ្ជាក់ថា ការ​ទៅដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េ វត្តមាន​នៃ​ការអញ្ជើញ​ដល់​របស់ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ត្រូវបាន​ទទួល​ការធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ទីបំផុត​ពី​សំណាក់​ថ្នាក់ដឹកនាំ ន្ត្រី​ទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​កូរ៉េ និង​មន្ត្រី​ថ្នាក់ដឹកនាំ​សំខាន់ៗ​ជាច្រើន​ទៀត​។​

​សូម​ជំរាបជូន​ថា នៅក្នុង​កំឡុងពេល​ស្នាក់នៅ​កូរ៉េខាងត្បូង​នេះ លោក​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ជួបប្រជុំ​ជាមួយ​លោក​មូន ចេ​អ៉ីន (Moon Jae-in) ប្រធានាធិបតី​កូរ៉េខាងត្បូង ដើម្បី​ពិភាក្សា​លើ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ក៏ដូចជា​បញ្ហា​តំបន់ និង​អន្តរជាតិ ដែលជា​ការយកចិត្តទុកដាក់​រួម​៕


ព័ត៌មានផ្សេងទៀត