ទីផ្សារ​ភាគហ៊ុន​ចិន​ធ្លាក់​ចុះ​ក្នុង​កម្រិត​​អាក្រក់​បំផុត​​ដោយសារ​ផ្ទុះ​​វីរុស​កូរ៉ូណា​

03-02-2020 1:47 pm 332
  ស្តាប់
ទីផ្សារភាគហ៊ុនចិន​រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ​ដោយសារការរាលដាលនៃវីរុសកូរ៉ូណា
ស្តាប់ជាសំឡេង

​ទីផ្សារ​ភាគហ៊ុន​នៅ​ក្នុងប្រទេស​ចិន​បាន​ជួប​រឿង​ដ៏​អាក្រក់​បំផុត​មិន​ធ្លាប់មាន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ខណៈ​វិនិយោគិន​បាន​បញ្ចេញ​ប្រតិកម្ម​ទៅនឹង​ការ​ផ្ទុះឡើង​នៃ​វីរុស​កូរ៉ូណា​។ ផ្សារ​ភាគហ៊ុន The Shanghai Composite(SHCOMP) និង​ផ្សារភាគហ៊ុន​Shenzhen Component Index បាន​ធ្លាក់ចុះ​៨​ភាគរយ​ក្នុង​ថ្ងៃ​ដំណើរការ​ឡើងវិញ​លើកដំបូង បន្ទាប់ពី​ពន្យារពេល​វិស្សមកាល​ថ្ងៃ​ចូលឆ្នាំ​ចិន​។ ផ្សារភាគហ៊ុន​ទាំងពីរ​នេះ​បាន​បិទ​តាំងពី​ថ្ងៃទី​២៤​មករា ហើយ​ទើប​ដំណើរការ​ឡើងវិញ​នៅ​ថ្ងៃ​០៣​កុម្ភៈ​នេះ​។ 

​ការធ្លាក់ចុះ​ធ្វើឲ្យ​ទីក្រុ​ងសៀង​ហៃ​កំពុង​ស្ថិតនៅ​ចំណុច​ដ៏​អាក្រក់​បំផុត​មិន​ធ្លាប់មាន​គិតពី​ខែសីហា​ឆ្នាំ​២០១៥​។ ស្របពេល​ជាមួយគ្នា​ទីផ្សារ​ភាគហ៊ុន​នៅ​ទីក្រុង​ស៊ិន​ជិន មិនបាន​កត់ត្រា​ទុក​ភាគរយ​ធ្លាក់ចុះ​ក្នុងថ្ងៃនេះ​ទេ ប៉ុន្ដែ​វា​ជា​ការធ្លាក់ចុះ​ដ៏​អាក្រក់​មួយ​គិតពី​ឆ្នាំ​២០០៧​។ ចំពោះ​រូបិយ​បណ្ណ​ចិន​ក៏​ធ្លាក់ចុះ​ដែរ​។ ប្រាក់​យ័ន​បាន​ធ្លាក់ចុះ​១.៥​ភាគរយ គឺ​ធ្លាក់​ក្រោម​៧​យ័ន​ស្មើ​១​ដុល្លារ​អាមេរិក នៅ​ថ្ងៃទី​០៣​កុម្ភៈ​នេះ​ជា​ថ្ងៃ​ដំបូង​នៃ​ការវិលត្រឡប់​ពី​វិស្សមកាល​វិញ​។ 

​អាជ្ញាធរ​ចិន​បានដឹង​មុន​ថា​ទី​ផ្សារភាគហ៊ុន ពិតជា​ចៀស​មិន​រួច​ពី​ការធ្លាក់ចុះ​នោះទេ​។ ធនាគារ​ប្រជាជន​ចិន​បានប្រកាស​កាលពី​ថ្ងៃទី​០២​កុម្ភៈ​ថា នឹង​បញ្ចូល​សាច់ប្រាក់​ចំនួន​១.២​ពាន់​ពាន់​លាន​យ័ន​ស្មើនឹង​១៧៣​ពាន់​លាន​ដុល្លារ​អាមេរិក​ចូលទៅក្នុង​ទីផ្សារ​ចិន ដើម្បី​ត្រៀម​ជួយ​សម្រួល​និង​បង្កើន​សមត្ថភាព​របស់​ធនាគារ​ក្នុង​ការផ្ដល់​ប្រាក់កម្ចី​។ ធនាគារកណ្ដាល​មួយ​នេះ​បាន​និយាយថា វិធានការ​នេះ​នឹង​ជួយ​រក្សា​សាច់ប្រាក់​ឲ្យមាន​លំនឹង​នៅក្នុង​ប្រព័ន្ធធ​នា​គារ និង​ធ្វើឲ្យ​ទីផ្សារ​រូបិយប​ណ្ណមាន​ស្ថិរភាព​។​

​ការការពារ​ទីផ្សារ​ហិរញ្ញវត្ថុ​និង​សេដ្ឋកិច្ច​ចិន​គឺជា​រឿង​អាទិភាព​សម្រាប់​រដ្ឋាភិបាល ព្រោះ​វា​កំពុង​ជំរុញឲ្យមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កំណើនសេដ្ឋកិច្ច​នៅ​ត្រីមាស​ទីមួយ​។ អ្នកសេដ្ឋកិច្ច​ខ្លះ​និយាយថា​អត្រាកំណើន​របស់​ចិន​អាច​នឹង​ធ្លាក់ចុះ​២​ភាគរយ​ក្នុង​ត្រី​មាន​នេះ ជា​ការធ្លាក់ចុះ​ដែល​អាច​ខាតបង់​៦២​ពាន់​លាន​ដុល្លារ​។ ដោយសារតែ​បញ្ហា​ស្ថិរភាព​សាច់ប្រាក់​ផ្ទុះឡើង​នៅ​ថ្ងៃ​០៣​កុម្ភៈ​នេះ និយ័ត​ករ​ហិរញ្ញវត្ថុ​និង​សេដ្ឋកិច្ច​កំពូលៗ​របស់​ចិន​បានប្រកាស​ចាត់វិធានកា​រនា​នា ដើម្បី​ធ្វើឲ្យ​ប្រទេសមាន​ស្ថិរភាព​។​

​ធនាគារ​ប្រជាជន​ចិន​បានបញ្ជាក់​កាលពី​ថ្ងៃទី​០១​កុម្ភៈ​ដែរថា នឹង​ផ្ដល់ប្រាក់​ក្នុង​អត្រា​ការប្រាក់​ទាប​ដល់​ធនាគា​រ​ពាណិជ្ជ ដើម្បីឲ្យ​ធនាគារ​ទាំងនោះ​អាច​ផ្ដល់​ប្រាក់កម្ចី​ថោក​ដល់​ក្រុមហ៊ុន​ដែល​ផលិត​ម៉ាស់ និង​សម្ភារ​ដើម្បី​ការពារ​វីរុស​កូរ៉ូណា ក៏ដូចជា​ក្រុមហ៊ុន​ផលិត​ឧបករណ៍​វេជ្ជសាស្ដ្រ​ដទៃទៀត​។ រីឯ​រដ្ឋាភិបាលកណ្ដាល​ចិន​ក៏​នឹង​ធ្វើជា​អ្នក​ឧបត្ថម្ភ​ដ៏​ធំ​មួយ សម្រាប់​កម្ចី​យ៉ាង​ពិសេស​ទាំងអស់​នេះដែរ​។​

​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​០២​កុម្ភៈ​ជំងឺ​រលាក​សួត​ថ្មី​បង្កឡើង​ដោយ​វីរុស​កូរ៉ូណា បានសម្លាប់​មនុស្ស​ដល់​៣៦១​នាក់​ហើយ​ក្នុងនោះ​នៅ​ប្រទេស​ចិន​៣៦០​នាក់​និង​នៅ​ប្រទេស​ហ្វីលីពីន​ម្នាក់​។ ចំណែក​ករណី​ឆ្លង​ថ្មី​មាន​ចំនួន​២,៨២៩​ករណី ធ្វើឲ្យ​ការឆ្លង​សរុបនៅ​ទូទាំងប្រទេស​ចិន​មាន​១៧,២០៥​នាក់ ហើយ​ការឆ្លង​រាលដាល​ទូទាំង​ពិភពលោក​មាន​ចំនួន​ជាង​១៧,៣៨៧​នាក់​។ ក្នុងចំណោម​អ្នក​ទើប​ស្លាប់​ទាំង​៥៧​នាក់ មាន​នៅក្នុង​ខេត្ដ​ហ៊ូ​ប៉ី​៥៦​នាក់​និង​នៅក្នុង​ខេត្ដ​ឆុងឈីង​ម្នាក់​៕

ព័ត៌មានផ្សេងទៀត