ឧក្រិដ្ឋជន​ដៃ​ឆៅ​ម្នាក់​ចេញពី​ពន្ធនាគារ​ថ្មីៗ​ត្រូវ​ប៉ូលិស​អង់គ្លេស​បាញ់សម្លាប់​

03-02-2020 10:13 am 546

​លោក​Sudesh Amman វ័យ​២០​ឆ្នាំ បាន​ស្លាប់​បាត់បង់​ជីវិត​នៅនឹងកន្លែង លើ​ដង​វិថី​Streatham High Road ដែល​ស្ថិតនៅ​ភាគខាងត្បូង​ទីក្រុង​ឡុង​ដ៏ ប្រទេស​អង់គ្លេស បន្ទាប់​ពី​ឧក្រិដ្ឋជន​ដៃ​ឆៅ​រូបនេះ​បាន​ប្រើប្រាស់​កាំបិត​ដេញ​ចាក់​មនុស្សម្នា​ដែល​កំពុង​ដើរ​នៅ​តាម​ផ្លូវ​។ លុះ​ក្រោយមក​ក៏​ត្រូវ​ប៉ូលិស​នៅ​តំបន់​ខាងលើ​បាញ់សម្លាប់​តែម្ដង ដើម្បី​ជា​ការទប់ស្កាត់​ទៅនឹង​សកម្មភាព​ដ៏​គ្រោះថ្នាក់​របស់​បុរស​នេះ​។​

ពាក់ព័ន្ធ​នឹង​ករណី​នេះ នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក​Boris Johnson បាន​ថ្លែងថា​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា “​អង់គ្លេស​នឹង​ធ្វើ​ការកែ​សម្រួល​ច្បាប់​កាត់ទោស​លើ​ឧក្រិដ្ឋជន ឬ​ភេរវជន​ជាថ្មី​”​។ លោក​បន្ថែមថា “​អង់គ្លេស​នឹង​រឹតបន្តឹង​ច្បាប់​ទាក់ទង​នឹង​បទល្មើស​ឧក្រិដ្ឋកម្ម ឬ​ភេរវកម្ម ពោល​គឺ​ត្រូវ​បន្ថែម​រយៈពេល​ជាប់ពន្ធនាគារ និង​ប្រាក់​ផាកពិន័យ​”​។​

​គួរ​ជម្រាប​ថា ក្នុង​ហេតុការណ៍​នេះ​ដែរ​បុរស​ដែល​ជា​ជនឧក្រិដ្ឋ បាន​ធ្វើឲ្យ​មនុស្ស​ចំនួន​៣​នាក់​រងរបួស តែ​មិន​ជា​ធ្ងន់ធ្ងរ​នោះ​ទេ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ បច្ចុប្បន្ន​មន្ត្រី​ជំនាញ​ប្រឆាំង​ភេរវកម្ម​កំពុងបើក​ការស៊ើបអង្កេត​លើ​ករណី​នេះ​បន្តទៀត​។ ជាក់ស្ដែង​ក្រោយ​កើតហេតុ​វិថី Streatham High Road ត្រូវ​បាន​បិទ​ជា​បណ្ដោះអាសន្ន និង​មាន​ការពង្រាយ​កងកម្លាំង​នគរបាល​ជា​ច្រើន​ថែម​ទៀត​។​

​សូមបញ្ជាក់​ថាSudesh Amman ជា​ឧក្រិដ្ឋជន​ម្នាក់​ដែល​ទើប​នឹង​បាន​ដោះ​លែងឲ្យ​មាន​សេរីភាព​កាលពី​ពេល​ថ្មីៗ​កន្លងទៅ​។ Amman ត្រូវបាន​តុលាការ​អង់គ្លេស​កាត់ទោស​ដាក់ពន្ធនាគា​រ​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ពី​បទ​ចោទប្រកាន់​ចំនួន ៦​ករណី​ពាក់ព័ន្ធ​នឹង​អំពើ​ភេរវកម្ម​៕​

ព័ត៌មានផ្សេងទៀត