លោកហ៊ុនសែន ដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០នៅកូរ៉េខាងត្បូង

03-02-2020 9:16 am 292

លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល (UPF) ស្តីពីសន្តិភាពសន្តិសុខ និងការអភិវឌ្ឍមនុស្ស ដែលរៀបចំឡើងនៅប្រទេសកូរ៉េខាងត្បូងចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០។

ទំព័រហ្វេសប៊ុករបស់លោកហ៊ុន សែន ក្នុងកិច្ចប្រជុំនេះរូបលោកនឹងត្រូវជួបជាមួយលោកមូន ចេអ៊ីន(Moon Jae-in) ប្រធានាធិបតីកូរ៉េខាងត្បូង ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ និងជួបជាមួយនឹងថ្នាក់ដឹកនាំសំខាន់ៗមួយចំនួនទៀត។

ក្រៅពីនេះលោកនាយករដ្ឋមន្រ្ដីហ៊ុន សែន ក៏នឹងអញ្ជើញចូលរួមពិធីពិសារអាហារថ្ងៃត្រង់ រៀបចំដោយលោកជុង សៃឃ្យូន(Chung Sye-kyun) នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងផងដែរ។ ក្នុងកិច្ចប្រជុំកំពូលពិភពលោកនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ លើមូលបទរបស់កិច្ចប្រជុំកំពូលស្តីពី«សន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស»រួមជាមួយនឹងឥស្សរជនបរទេសមួយចំនួនទៀត ដែលចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល៕ 

ព័ត៌មានផ្សេងទៀត