លោក​ឃួង​ស្រេង​ស្នើ​ឱ្យ​ទប់ស្កាត់​ហិង្សា​គ្រប់​រូបភាព​នៅតាម​សាលារៀន​

01-02-2020 1:34 pm 502
  ស្តាប់
ស្តាប់ជាសំឡេង

​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​លើកឡើង​ថា “​ថ្នាក់ដឹកនាំ​មន្ទីរ និង​គណៈ​គ្រប់គ្រង​សាលា ត្រូវ​ទទួលខុសត្រូវ​ចំ​ពោះ​មុខ​ច្បាប់ បើសិនជា​បណ្តែត​បណ្តា​យ​ឲ្យ​កើតឡើង​នូវ​បាតុភាព បទល្មើស នៅ​ក្នុង​សាលារៀន​ដូចជា ករណី​ហិង្សា​ជាដើម ធ្វើឱ្យប៉ះពាល់​ដល់​ដំណើរការ​កំណែទម្រង់​ស៊ីជម្រៅ​ក្នុង​វិស័យ​អប់រំ​របស់​រាជរដ្ឋាភិបាល​។ ការលើកឡើង​នេះ​ក្នុងឱកាស​បិទ​សន្និបាត​ការងារ​អប់រំ​ឆ្នាំ​សិក្សា ២០១៨-២០១៩ និង​ទិសដៅ​ការងារ​ឆ្នាំ​សិក្សា​២០១៩-២០២០ កាលពី​រសៀល​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០២០​។​

​បន្ថែម​ពី​នេះ​លោក ឃួ​ង ស្រេង បាន​អះអាង​ថា មួយ​រយៈពេល​ចុងក្រោយ​នេះ នៅ​តាម​សាលារៀន​មួយចំនួន​តូច មាន​ការកើតឡើង​នូវ​បាតុភាព​ល្មើស​ផ្សេងៗ​ជាក់ស្ដែង​ដូចជា ករណី​ហិង្សា​លើ​សិស្ស​នារី​នៅ​វិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី ផ្សារ​ដើមថ្កូវ និង​ករណី​ហិង្សា​រហូត​បណ្តាលឱ្យ​ស្លាប់​សិស្សសាលា​អន្តរទ្វីប​អាមេរិកាំង​ជាដើម​។ ករណី​ទាំងនេះ​លោក​ស្នើ​ឲ្យ​ប្រធាន​មន្ទីរ និង​គណៈ​គ្រប់គ្រង​សាលា​ត្រូវ​ចាត់តាំង​អនុវត្ត​គោលនយោបាយ ភូមិ​-​សង្កាត់​មាន​សុវត្ថិភាព ឱ្យបាន​ម៉ឺងម៉ាត់ និង​ត្រូវ​ពង្រឹង​វិន័យ​ផ្ទៃ​ក្នុង​សាលារៀន​ទាំង​រដ្ឋ និង​ឯកជន​ឡើងវិញ ដោយ​មិន​ត្រូវ​បណ្តែតបណ្តោយ​ឱ្យ​កើតមាន​បាតុភាព​អសកម្ម​ឬ​បញ្ហា​ក្មេង​ទំនើង ក្នុង​សាលារៀន កើត​មាន​តទៅ​ទៀត​ឡើយ​”​។​

​មិនតែប៉ុណ្ណោះ លោក​អភិបាល​រាជធានី​ភ្នំពេញ​រូបនេះ បាន​ចាត់ទុកថា សាលារៀន ជា​ថ្នាល​បណ្តុះបណ្តាល​អប់រំ មិនមែន​ជា​កន្លែង​ប្រព្រឹត្ត​បទល្មើស ឬ​អំពើ​ហិង្សា​ណាមួយ​ឡើយ ដូច្នេះ​ប្រសិនបើ​មាន​ករណី​ល្មើស​កើតឡើង​ក្នុង​សាលារៀន​ណាមួយ​នោះ ថ្នាក់ដឹកនាំ​មន្ទីរ និង​គណៈ​គ្រប់គ្រង​សាលា​ផ្ទាល់ ត្រូវ​ទទួលខុសត្រូវ​ចំ​ពោះ​មុខ​ច្បាប់ និង​ចំពោះមុខ​ឪពុកម្តាយ​អាណាព្យាបាល​សិស្ស​។ ជាមួយគ្នានេះ​លោក ឃួ​ង ស្រេង នឹង​ចាត់វិធានការ​ចំពោះ​បុគ្គល ឬ​អង្គភាព​ណា ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​ដំណើរការ​កំណែទម្រង់​ស៊ីជម្រៅ​ក្នុង​វិស័យ​អប់រំ របស់​រាជរដ្ឋាភិបាល​៕​

ព័ត៌មានផ្សេងទៀត